ព័ត៌មានជាតិ
តើអ្វីទៅជាសមយុទ្ធនាគមាស? ហេតុអ្វីសមយុទ្ធនេះមានសារៈសំខាន់សម្រាប់កម្ពុជា និងចិន?
កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន«នាគមាស-២០២៥»ហើយ ដោយធ្វើពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ ត្បិតថា បានចាប់ផ្តើមធ្វើហើយក៏ពិតមែន ប៉ុន្តែ ពិធីបើកផ្លូវការ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីលានធ្វើសមយុទ្ធ នៅក្នុងខេត្តកំពង់ឆ្នាំង។

តើអ្វីទៅជាសមយុទ្ធយោធារួមគ្នាមិត្តភាពកម្ពុជា-ចិន នាគមាស?
បង្កើតឡើងកាលពីឆ្នាំ២០១៦ សមយុទ្ធយោធារួមគ្នាមិត្តភាពកម្ពុជា-ចិន នាគមាស គឺជាលំហាត់យុទ្ធសាស្ត្ររួមរវាងកងទ័ពកម្ពុជា និងកងទ័ពចិន ហើយវា គឺជាផ្នែកនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដើម្បីពង្រឹងសមត្ថភាពយោធា ក៏ដូចជា ទំនាក់ទំនងមិត្តភាព។ សមយុទ្ធយោធានាគមាសនេះ ធ្វើឡើងដើម្បីហ្វឹកហ្វឹនក្នុងការធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម សកម្មភាពជួយសង្រ្គោះក្នុងគ្រោះមហន្តរាយ និងសកម្មភាពមនុស្សធម៌ ពោល គឺគ្មានឡើយលំហាត់ហ្វឹកហ្វឹនបែបយុទ្ធសាស្រ្តប្រយុទ្ធ វាយលុកទៅលើសត្រូវ។ ផ្ទុយពីការទិទៀនរបស់មជ្ឈដ្ឋានមួយចំនួន សមយុទ្ធយោធានាគមាសនេះ មិនមែនជាការបង្អួតសាច់ដុំរបស់កងទ័ពកម្ពុជាជាមួយនឹងកងទ័ពចិន ហើយក៏មិនបានបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ឬក៏គំរាមកំហែងដល់សន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ ក៏គ្មានដែរ។
គិតមកដល់ឆ្នាំ២០២៥នេះ គឺលើកទី៧ហើយដែលកម្ពុជា-ចិន ចាប់ដៃគ្នាធ្វើសមយុទ្ធនាគមាស។ កម្ពុជា-ចិន បានចាប់ផ្ដើមធ្វើសមយុទ្ធនាគមាសជាលើកដំបូងនៅលើទឹកដីកម្ពុជា នៅឆ្នាំ២០១៦ លើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩ លើកទី៤ នៅឆ្នាំ២០២០ លើកទី៥ ឆ្នាំ២០២៣ និងលើកទី៦នៅឆ្នាំ២០២៤។ ចំណែក នៅឆ្នាំ២០២១ និងឆ្នាំ២០២២ មិនបានរៀបចំធ្វើឡើយ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ។ សមយុទ្ធនាគឆ្នាំ២០២៥ នេះ ធ្វើឡើងក្នុងទំហំកាន់តែធំជាងឆ្នាំមុនៗ ដោយចំនួនកងទ័ពកម្ពុជា-ចិន ចូលរួមសរុបនៅឆ្នាំនេះ ២ ១៧៦នាក់ ខណៈឆ្នាំមុនកងទ័ពចូលរួមចំនួន ២ ០៧៥នាក់។ ចំនួនសព្វាវុធយោធាដែលចូលរួមនៅក្នុងសមយុទ្ធនាគមាសនេះ ភាគីចិនបាននាំយកនាវា៣គ្រឿង ឧទ្ធម្ភាគចក្រជំនាន់ថ្មី Z-20 ២គ្រឿង ដ្រូន២០គ្រឿង រ៉ូបូត ឆ្កែយន្ត រថយន្តគ្មានមនុស្សបើក រថយន្តបញ្ជា។ ចំណែក ភាគីកម្ពុជាវិញ នឹងប្រើឧទ្ធម្ភាគចក្រ រថក្រោះ និងអាវុធជាច្រើនផ្សេងទៀត។ សមយុទ្ធនេះ ក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្ន។
តើហេតុអ្វីបានជាសមយុទ្ធយោធានាគមាសមានសារៈសំខាន់ប្រទេសទាំងពីរកម្ពុជា-ចិន?
សមយុទ្ធរួមគ្នាកម្ពុជា-ចិន «នាគមាស-២០២៥» ធ្វើឡើងក្រោមប្រធានបទ៖«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ លោកនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា មូលហេតុដែលកម្ពុជា និងចិន ធ្វើសមយុទ្ធនាគមាសលើប្រធានបទប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ ព្រោះតែកម្ពុជា មើលឃើញថា បញ្ហាភេវរកម្ម ជាបញ្ហាប្រឈមនាពេលសព្វថ្ងៃនេះ ដែលវាងាយកើតឡើងនៅលើដែនគោក និងដែនសមុទ្រ។ រីឯ ការធ្វើសមយុទ្ធលើប្រធានបទសង្គ្រោះមនុស្សធម៌ គឺព្រោះតែបច្ចុប្បន្ននេះ បញ្ហាគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ងាយនឹងកើតមានឡើង ដូច្នេះ ត្រូវកំណត់ប្រធានបទនេះ ដើម្បីពង្រឹងសមត្ថភាពលើការងារសង្គ្រោះគ្រោះមហន្តរាយ។

សម្រាប់ប្រទេសទាំងពីរកម្ពុជា-ចិន វិញ សមយុទ្ធនាគមាសដែលធ្វើឡើងជារៀងរាល់ឆ្នាំ ហើយតែងតែមានលក្ខនៈធំឡើងៗនេះ គឺមានសារៈសំខាន់ទាំងផ្នែកយោធា និងនយោបាយ។ សម្រាប់វិស័យយោធា សមយុទ្ធនេះ នឹងជួយពង្រឹងបន្ថែមទៀតដល់សមត្ថភាពយោធាកម្ពុជា តាមរយៈការទទួលបានចំណេះដឹងថ្មីៗពីកងទ័ពចិន ដូចជា ការប្រើប្រាស់អាវុធទំនើបៗ យុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងភេរវកម្ម ការជួយសង្គ្រោះមនុស្សធម៌ បង្កើនសមត្ថភាពប្រតិបត្តិការរួមជាមួយកងទ័ពអន្តរជាតិ។ មិនតែប៉ុណ្ណោះ សមយុទ្ធនាគមាសនេះ ក៏ជាការពង្រឹងសម្ព័ន្ធភាពយោធាកម្ពុជា-ចិន និងបានសបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងយោធារវាងប្រទេសកម្ពុជា និងប្រទេសចិន កាន់តែមានភាពស្និតស្នាលខ្លាំងឡើងៗ។ ចំពោះបញ្ហានយោបាយវិញ គឺបង្ហាញពីទំនាក់ទំនងទ្វេភាគីដ៏ផ្អែមល្ហែមរវាងប្រទេសកម្ពុជា និងចិន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការដែកថែប និងត្បូងពេជ្រនៃប្រទេសទាំងពីរ។ វាក៏បង្ហាញផងដែរពីការយកចិត្តដាក់ខ្ពស់របស់ប្រទេសចិនចំពោះប្រទេសកម្ពុជា។

លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ធ្លាប់បានគូសបញ្ជាក់ឱ្យដឹងថា សមយុទ្ធនាគមាសឆ្នាំ២០២៥ គឺជាការឆ្លុះបញ្ចាំងអំពីផ្លែផ្កានៃមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេស ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិនកាលពីខែមេសា កន្លងទៅ បានជំរុញកាន់តែខ្លាំងក្លានូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ លោកថា សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិននេះ ក៏ដូចជា សមយុទ្ធកន្លងមក គឺធ្វើឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ៕




-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា១៩ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងរ៉ែទទួលយកសំណើពលរដ្ឋដែលស្នើសុំកិនសំណល់រ៉ែមាសលើដីក្នុងខេត្តមណ្ឌលគិរីទៅពិភាក្សា