ព័ត៌មានជាតិ
អបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការដៃគូ អង្គការវិជ្ជាជីវៈ វិស័យឯកជន អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០នាក់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរពិធីសំខាន់ៗចំនួន ៣ព្រមគ្នា ដែលទី១ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» ទី២ ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់» និងទី៣ ទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កម្មវិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមជាអធិបតីពីលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ, អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទស្សនៈពិភពលោក (World Vision), តំណាងអន្តរក្រសួងស្ថាប័ននៃគណៈកម្មការប្រឆាំងពលកម្មកុមារ, អង្គការវិជ្ជាជីវៈ, វិស័យឯកជន, លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០រូប។

ថ្លែងនៅក្នុងអង្គពិធី លោកជំទាវប្រចាំការ បានគូសបញ្ជាក់ថា ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់នៅក្នុងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងអនុសញ្ញាស្នូលទាំងប្រាំបីរបស់អង្គការអន្តរជាតិខាងការងារ (ILO) សំដៅការពារសិទ្ធិ និងឧត្តមប្រយោជន៍សម្រាប់កុមារ លើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិតវ័យក្មេង និងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម។

បន្ថែមពីនេះ លោកជំទាវប្រចាំការ បានបញ្ជាក់ថា ការរៀបចំទិវាពិភពលោកប្រឆាំងពលកម្មកុមារ ធ្វើឡើងនៅក្នុងគោលបំណងសំខាន់ៗចំនួនបីរួមមាន (១) ជំរុញចលនាសង្គមប្រឆាំងនឹងពលកម្មកុមារ ដើម្បីបំផុសការចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមរយៈការលើកកម្ពស់ការយល់ដឹងដល់សាធារណជនឱ្យកាន់តែយល់ច្បាស់ពីបញ្ហាពលកម្មកុមារ (២) ជំរុញកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និង(៣) បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។

ជាមួយគ្នានេះ លោកជំទាវប្រចាំការ ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលចូលរួមអនុវត្តផែនការសកម្មភាពជាតិស្ដីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ២០១៦-២០២៥ ជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។ សម្រាប់លោកជំទាវ សមិទ្ធផលទាំងនេះ គឺជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយទំនួលខុសត្រូវខ្ពស់របស់គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលមានមនសិការមុតមាំក្នុងការចូលរួមជាធ្លុងមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ជាពិសេស ការបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងបន្តសកម្មភាពនានាដែលគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឆ្ពោះទៅការបញ្ចប់ពលកម្មកុមារនៅកម្ពុជា ដូចមានចែងនៅក្នុងគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រៅពីការឡើងថ្លែងសុន្ទរកថាពីគណៈអធិបតី ក៏មានការប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណនូវចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ទៅដល់វិស័យឯកជនដែលបានចូលរួមជាចលនាជាតិជាមួយរដ្ឋាភិបាលក្នុងការមិនប្រើប្រាស់ពលកម្មកុមារផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២២ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ