ព័ត៌មានជាតិ
គិតត្រឹមខែមិថុនា ប.ស.ស មានសមាជិកកើនឡើងដល់ ៣ លាន ២ សែននាក់
គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) មានសមាជិកកើនឡើងដល់ ៣ លាន ២ សែននាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យឯកជនមានប្រមាណជិត ២ លាននាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣ កក្កដា នេះថា ក្នុងចំណោមសមាជិក ប.ស.ស ៣ លាន ២ សែននាក់ ស្រី ១,៨ លាននាក់។ ក្នុងនោះ បុគ្គល នៃវិស័យសាធារណៈ ៥១ ម៉ឺន ៨ ពាន់នាក់ បុគ្គល នៃវិស័យឯកជន ១ លាន ៩៥ ម៉ឺននាក់ បុគ្គលស្វ័យនិយោជន៍ ៥២ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ២០ ម៉ឺន ៣ ពាន់នាក់។

លោកបណ្ឌិត បានបន្តថា ការកើនឡើង នៃចំនួនសមាជិក ប.ស.ស ជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និងបានយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗ នៃការប្រើប្រាស់ ប.ស.ស ព្រោះថា មានប័ណ្ណ ប.ស.ស ជួយសម្រាលបន្ទុកក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ទាំងរដ្ឋ និងឯកជនចំនួន ១ ៥៩៩ កន្លែង នៅទូទាំងប្រទេស ដោយសាររាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស។

គួរបញ្ជាក់ថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី-ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី-ខេត្ត ទូទាំងប្រទេស រួមនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook , Telegram , YouTube , TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។

បន្ថែមពីនេះ បេឡាជាតិសន្តិសុខសង្គម ក៏ទទួលកុមារចូលជាសមាជិកផងដែរ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរ ប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺ ជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើរជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្ដានុពលភាពនាពេលអនាគត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


