Connect with us

ព័ត៌មានជាតិ

អគ្គនាយករងប.ស.ស. ជំរុញម្ចាស់រោងចក្រ និងក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពីម្នាក់ឡើងទៅ បំពេញកាតព្វកិច្ចចុះបញ្ជី ប.ស.ស.

បានផុស

នៅ

លោក គឹម កែវរស្មី អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងអស់ ដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ចូលរួមអនុវត្តកាតព្វកិច្ចចុះបញ្ជីក្នុង ប.ស.ស. ដើម្បីធានាថាបុគ្គលិកគ្រប់រូបទទួលបានអត្ថប្រយោជន៍ពេញលេញពីរបបសន្តិសុខសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងនីតិវិធីនៃការដោះស្រាយវិវាទការងារ» នៅទីស្ដីការក្រសួងការងារកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក គឹម កែវរស្មី មានប្រសាសន៍ថា ការចុះឈ្មោះជាមួយប.ស.ស. កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗ រួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។

លោកគូសបញ្ជាក់ទៀតថា ការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងការបង់ភាគទាន ស្របតាមគោលការណ៍បទប្បញ្ញត្តិនៃច្បាប់ មិនត្រឹមតែជាកាតព្វកិច្ចរបស់និយោជកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយជំរុញសង្វាក់ផលិតកម្មឱ្យកាន់តែប្រសើរឡើង តាមរយៈទំនុកចិត្តរបស់កម្មករនិយោជិត និងការធានានូវសុខុមាលភាពរបស់ពួកគាត់នៅពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ អាចព្យាបាលទាន់ពេលវេលា តាមរយៈការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស ។

ទន្ទឹមនេះ លោកអគ្គនាយករង ប.ស.ស. លើកឡើងដែរថា ទោះបីជាសហគ្រាស និងគ្រឹះស្ថានមួយចំនួនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនបានត្រឹមត្រូវក៏ដោយ ក៏នៅតែមានកម្មករនិយោជិតខ្លះមិនទាន់មកបំពេញបែបបទធ្វើប័ណ្ណសមាជិក ប.ស.ស. នៅឡើយ។ ដូច្នេះ និយោជកត្រូវជំរុញ និងណែនាំឱ្យបុគ្គលិករបស់ខ្លួនមកធ្វើប័ណ្ណសមាជិកឱ្យបានគ្រប់ៗគ្នា ព្រោះប្រសិនបើមានបញ្ហាសុខភាព គ្រោះថ្នាក់ ឬមានបណ្តឹងណាមួយកើតឡើង នោះសហគ្រាស ឬគ្រឹះស្ថាននឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។

គួរបញ្ជាក់ថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៦ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះបញ្ជីសមាជិកថ្មីសរុបចំនួន ២៨២ ០២៦នាក់ ក្នុងនោះស្ត្រីមានចំនួន ១៤៦ ៥៦៧នាក់។ ជាលទ្ធផល ចំនួនសមាជិក ប.ស.ស. សរុបទូទាំងប្រទេសបានកើនដល់ ៣ ៧០៧ ៨៥១នាក់ ក្នុងនោះស្ត្រីមានចំនួន ២ ០៣៤ ០២១នាក់។

ក្នុងចំណោមសមាជិកសរុបទាំងនេះ មានបុគ្គលក្នុងវិស័យសាធារណៈចំនួន ៥២៤ ៤៣៩នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារចំនួន ២ ២២១ ៦៥៨នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៦៦៨ ៩៥៦នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ២៩២ ៧៩៨នាក់ ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម