Connect with us

ព័ត៌មានជាតិ

សហជីពនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះវិធានការរកការងារជូនពលករមកពីថៃ និងជំរុញអ្នកមានការងារ រូតរះដាក់ពាក្យ

បានផុស

នៅ

សហជីពនៅកម្ពុជា វាយតម្លៃការដាក់ចេញនូវវិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរកការងារជូនពលករខ្មែរដែលត្រឡប់មកពីថៃថា មានប្រសិទ្ធខ្ពស់ និងបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំង។ ការវាយតម្លៃរបស់សហជីពនេះ គឺធ្វើឡើងក្រោយក្រសួងការងារបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ១១ចំណុច ដើម្បីសម្របសម្រួលដល់ពលករខ្មែរដែលត្រឡប់មកពីថៃឱ្យទទួលបានឱកាសការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ការដាក់ចេញនូវយុទ្ធនាការរបស់ក្រសួងការងារ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ ដើម្បីធានានូវការរកការងារធ្វើជូនបងប្អូនពលករ។

លោកគូសបញ្ជាក់ថា យុទ្ធនាការ និងយន្តការនានារបស់ក្រសួងការងារ ដែលបានជួយសម្របសម្រួលដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានឱកាសការងារនេះ គឺចាំបាច់ និងមានសារៈសំខាន់ ខណៈក៏ជាការយកចិត្តទុកដាក់មួយ ដែលក្រសួងការងារបានដាក់ចេញបន្ថែមលើការងារដែលមានស្រាប់នៅកម្ពុជា។

លោក សំ សឿន

ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពកម្ពុជា លើកឡើងដែរថា វិធានការដែលក្រសួងបានដាក់ចេញ គឺមានភាពល្អប្រសើរ និងស្របជាមួយនឹងតម្រូវការកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។ លោកថា នេះជាវិធានការដ៏ល្អរបស់ក្រសួងការងារក្នុងការទទួលយកពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយបានផ្តល់ការងារជូនពួកគាត់ ខណៈដែលបច្ចុប្បន្ននេះ នៅកម្ពុជាសម្បូរនូវការងារជាច្រើនដែលមានតម្រូវការកម្លាំងពលកម្មស្រាប់។

លោក គឹម ចាន់សំណាង

ជាមួយគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា ក៏បានគូសបញ្ជាក់ពីការចូលរួមរបស់សហជីពជាមួយក្រសួងការងារ ក្នុងការសម្របសម្រួលឱ្យពលករខ្មែរបានចូលធ្វើការងារ ជាពិសេសគឺការបង្កើតនូវទំនាក់ទំនងល្អជាមួយនិយោជកឱ្យកាន់តែល្អប្រសើរ។

លោក ហង្ស រ៉ាវី

ប្រធានសហជីពរូបនេះ បន្ថែមថា ក្នុងនាមជាសហជីព លោកក៏បានចូលរួមគាំទ្រយ៉ាងពេញទំហឹងលើការរៀបចំរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបានចូលរួមផ្សព្វផ្សាយដល់សមាជិកសមាជិកានៅតាមរោងចក្រ និងជួយផ្សព្វផ្សាយជាមួយនឹងនិយោជកអំពីការយកចិត្តទុកដាក់ ការរក្សាទំនាក់ទំនងល្អជាមួយពលករដែលចូលធ្វើការ ដើម្បីបង្ហាញពីភាពយកចិត្តទុកដាក់ទៅវិញទៅមកផងដែរ។

បន្ថែមពីនេះ ដើម្បីធានាថា វិធានការរបស់ក្រសួងការងារកាន់តែមានប្រសិទ្ធិភាព សហជីពនៅកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ សូមរូតរះដាក់ពាក្យរកការងារធ្វើ ដើម្បីឆាប់ទទួលបានឱកាសការងារ និងសូមរក្សាភាពអត់ធ្មត់ និងជឿជាក់លើការសម្របសម្រួលរបស់ក្រសួងការងារក្នុងការរកការងារជូន។ ខណៈសហជីពនៅកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយក្រសួងការងារក្នុងការសម្របសម្រួល និងស្វែងរកឱកាសការងារជូនដល់ពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម