Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត និងអាហារូបករណ៍ ដល់បេក្ខជនប្រឡងបាក់ឌុប ដែលទទួលបាននិទ្ទេសល្អ

បានផុស

នៅ

ដើម្បីជំរុញកម្លាំងចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឲ្យទទួលបាននិទ្ទេសល្អ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត និងផ្តល់អាហារូបករណ៍ ជូនសិស្សានុសិស្ស ដែលទទួលបាននិទ្ទេសល្អ និងអ្នកដែលមានជីវភាពខ្វះខាត មានបំណងបន្តការសិក្សា ទៅថ្នាក់ឧត្តមសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសផ្តល់រង្វាន់លើកទឹកចិត្តនេះ ធ្វើឡើងក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៤-២០២៥ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានក្រើនរំលឹកដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយការប្រឡងឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរ៉ឹងបំផុត ពោល «អ្នកចេះគឺជាប់»។ លោកស្រីអភិបាលខេត្ត ក៏បានបង្ហាញហឹបវិញ្ញាសា ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងបានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល ០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង ដែលសាកសមជាទំពាំងស្នងឫស្សី និងក្លាយជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគត់ផងដែរ។

បើតាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥នេះ គឺប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ហើយចំពោះខេត្តប៉ៃលិន មានមណ្ឌលប្រឡង ចំនួន ០២មណ្ឌល គឺទីតាំងស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដោយមានចំនួន ២៥បន្ទប់ មានបេក្ខជនសរុបចំនួន ៦០៣នាក់ ស្រី ៣៨២នាក់ ក្នុងនោះ ស្វៃរិន ចំនួន ៧៣នាក់ ស្រី ៤០នាក់ ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម