ព័ត៌មានជាតិ
UNICEF សន្យាបន្តជួយពង្រឹងប្រព័ន្ធសុខាភិបាលសុខភាពមាតា ទារក និងកុមារកម្ពុជា
មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNICEF) បានសន្យាថា នឹងបន្តជួយពង្រឹងប្រព័ន្ធសុខាភិបាលសុខភាពមាតា ទារក និងកុមារកម្ពុជា ជាពិសេសតាមរយៈការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ។

ការសន្យារបស់ UNICEF នេះ បានធ្វើឡើងកាលពីថ្ងៃទី ១២ កញ្ញា នៅក្នុងឱកាសលោក Will Parks ប្រធានមូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួង។

លោក Will Parks បានលើកឡើងថា ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានពិភាក្សា និងរៀបចំផែនការរយៈពេល ៥ ឆ្នាំ (Country Program) ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ និងដោយផ្តោតជាសំខាន់លើការគ្របដណ្ដប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកបានអបអរសាទរក្រសួងសុខាភិបាល ដែលបានទទួលការសម្រេចពីមូលនិធិសកល តាមរយៈមូលនិធិអាហារូបត្ថម្ភកុមារ នឹងផ្តល់ជូនកម្ពុជាឱ្យទទួលបានឱកាសជាប្រទេស Unlock សម្រាប់ការស្វែងរកការគាំទ្រពីគម្រោងនេះលើកម្មវិធីអាហារូបត្ថម្ភកុមារនៅកម្ពុជា ប៉ុន្តែត្រូវមានការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលជាមួយអង្គការ UNICEF ព្រមទាំងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ សម្រាប់រយៈពេលប្រាំឆ្នាំ ពីឆ្នាំ ២០២៦-ឆ្នាំ ២០៣០។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានចូលរួមសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាតាមរយៈការផ្ដល់ជូនទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សនាពេលកន្លងមក និងបានជួយដល់ការសម្រេចបាននូវគោលដៅសុខាភិបាលមួយចំនួន តាមរយៈកម្មវិធីចាក់ថ្នាំបង្ការ និងកម្មវិធីសុខភាពមាតា និងកុមារជាដើម។

លោក Will Parks តែងតែបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានរៀបចំផែនការ ៥ ឆ្នាំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


