Connect with us

ព័ត៌មានជាតិ

រយៈពេលបីឆ្នាំ យូនីសេហ្វ ជួយឱ្យកុមារ និង យុវជនកម្ពុជារាប់ម៉ឺននាក់ ទទួលបានជំនាញសតវត្សរ៍ទី ២១ និង ចំណេះដឹងផ្នែកឌីជីថល

បានផុស

នៅ

រយៈពេលបីឆ្នាំ កន្លងមកនេះ អង្គការយូនីសេហ្វ បានសហការជាមួយ ក្រសួងអប់រំ យុវជន និង កីឡា ជួយឱ្យកុមារ និង យុវជនកម្ពុជារាប់ម៉ឺននាក់ ទទួលបាននូវជំនាញសតវត្សរ៍ទី ២១ រួមមាន ការគិតបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា ការប្រាស្រ័យទាក់ទង ការសហការគ្នា ការច្នៃប្រឌិត និង ចំណេះដឹងផ្នែកឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា ការជួយកុមារ និង យុវជនកម្ពុជា នេះ ធ្វើឡើងតាមរយៈការគាំទ្រ និង លើកកម្ពស់ «កម្មវិធីអប់រំបំណិនជីវិត (LLSE)» និង កម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ -VMC»។ វិធីសាស្ត្រសិក្សាដែលផ្តោតលើការដោះស្រាយបញ្ហាជាក់ស្តែងរបស់កម្មវិធីអប់រំបំណិនជីវិត បានជួយឱ្យសិស្សានុសិស្សអាចស្វែងយល់ពីបញ្ហានានាក្នុងសហគមន៍ ដូចជា ការប្រែប្រួលអាកាសធាតុ អាពាហ៍ពិពាហ៍វ័យក្មេង សុវត្ថិភាពតាមប្រព័ន្ធអនឡាញ និង សមភាពយេនឌ័រ ហើយបានជំរុញឲ្យពួកគេបង្កើតជាដំណោះស្រាយជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាទាំងនោះ។

ក្រសួងអប់រំ បានបន្តថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ មន្ត្រីអប់រំ និង លោកគ្រូ-អ្នកគ្រូ ជាង ៤.០០០ នាក់ បានទទួលការបណ្តុះបណ្តាលក្នុងការអនុវត្តកម្មវិធី LLSE និង កម្មវិធី VMC ដើម្បីយកទៅបង្រៀនសិស្សានុសិស្សជាង ៤២៩.០០០ នាក់ នៅតាមសាលារៀនចំនួន ៩៨៧ ក្នុងខេត្តចំនួន ១០ ដែលនេះជាភាពរីកចម្រើនមួយគួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្មវិធីអប់រំបំណិនជីវិត (LLSE) បានក្លាយជាមុខវិជ្ជាស្នូលមួយនៅក្នុងកម្មវិធីសិក្សាជាតិ ចាប់ពីថ្នាក់ទី ៤ ដល់ថ្នាក់ទី ៩ ខណៈដែលកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ -VMC» គឺជាសកម្មភាពក្រៅប្រព័ន្ធសិក្សានៅតាមគ្រឹះស្ថានមធ្យមសិក្សាទុតិយភូមិ ដោយអនុវត្តតាមវិធីសាស្ត្ររៀនតាមរយៈការធ្វើគម្រោង។ កម្មវិធីទាំងនេះ កំពុងរួមចំណែកកសាងធនធានមនុស្សជំនាន់ថ្មី ឱ្យក្លាយជាធនធានមានទំនុកចិត្តខ្ពស់ ប្រកបដោយគំនិតច្នៃប្រឌិត និងជាពលរដ្ឋសកម្ម ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមអភិវឌ្ឍន៍អនាគតរបស់ប្រទេសកម្ពុជា៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម