Connect with us

ព័ត៌មានជាតិ

ដាច់ខាតកុំទុកកុមារចោលឱ្យនៅម្នាក់ឯងអំឡុងពេលមានទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង ប្រឈមការលង់ទឹក

បានផុស

នៅ

អង្គការ UNICEF Cambodia បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពកុមារ ខណៈភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យកម្រិតទឹកកើនឡើងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលបង្កើនហានិភ័យនៃការលង់ទឹកចំពោះកុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារផ្សព្វផ្សាយរបស់ UNICEF Cambodia គ្រោះថ្នាក់អាចកើតឡើងបានក្នុងរយៈពេលដ៏ខ្លី ដូច្នេះឪពុកម្តាយមិនគួរទុកកុមារចោលតែម្នាក់ឯង ឬបណ្តោយឱ្យលេងទឹកដោយគ្មានការត្រួតពិនិត្យពីមនុស្សពេញវ័យឡើយ ទោះបីជាមួយប៉ព្រិចភ្នែកក៏ដោយ។ UNICEF  ក៏បានណែនាំឱ្យរក្សាកុមារឱ្យឆ្ងាយពីតំបន់ទឹកជំនន់ ផ្លូវលិចទឹក ទន្លេ ស្ទឹង ប្រឡាយ និងកន្លែងដែលមានចរន្តទឹកហូរខ្លាំង ព្រោះជាតំបន់ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

ជាមួយគ្នានេះ គ្រួសារដែលរស់នៅជិតស្រះទឹក អាងទឹក ឬមានពាងស្តុកទឹកនៅជុំវិញផ្ទះ គួរធ្វើរបងការពារ ឬគ្របឱ្យបានជិតល្អ ដើម្បីការពារកុមារតូចៗធ្លាក់ចូលដោយអចេតនា។ បន្ថែមពីនេះ UNICEF ក៏លើកទឹកចិត្តឱ្យឪពុកម្តាយផ្តល់ឱកាសដល់កូនៗបានរៀនជំនាញហែលទឹក ដើម្បីបង្កើនសមត្ថភាពការពារខ្លួននៅពេលជួបស្ថានភាពអាសន្ន។

UNICEF Cambodia បានអំពាវនាវឱ្យសាធារណជនចូលរួមផ្សព្វផ្សាយសារអប់រំស្តីពីការបង្ការការលង់ទឹក ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងការពារសុវត្ថិភាពកុមារ ក្នុងអំឡុងពេលដែលតំបន់មួយចំនួនកំពុងប្រឈមនឹងទឹកជំនន់។

ស្របពេលនៅតាមបណ្តាខេត្តមួយចំនួនប្រឈមគ្រោះទឹកជំនន់ លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់តាមដាន និង ត្រៀមកម្លាំងក្នុងការជួយសង្គ្រោះ និង អន្តរាគមន៍ដល់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ពិសេសនៅតាមរមណីយដ្ឋាន និង តំបន់ទេសចរណ៍មួយចំនួនដែលមានទឹកធ្លាក់នៅតំបន់ភ្នំ និងទឹកជ្រោះមានទឹកធ្លាក់។

គិតត្រឹមថ្ងៃទី ១៥ ខែកក្កដា នៅតំបន់ក្នុងខេត្តមួយចំនួនកំពុងប្រឈមគ្រោះទឹកជំនន់រួមមាន ស្រុកសំឡូត ខេត្តបាត់ដំបង ក្រុងកំពត និង ស្រុកកំពង់សីលា ខេត្តព្រះសីហនុជាដើម។

យោងតាមរបាយការណ៍ UNICEFជារៀងរាល់ឆ្នាំ ការលង់ទឹកបានឆក់យកជីវិតមនុស្សជាង ១.៣០០នាក់នៅក្នុងប្រទេសកម្ពុជា ហើយកុមារជាក្រុមដែលរងគ្រោះខ្លាំងជាងគេ​​ ដែលការស្លាប់នេះគឺជាសោកនាដកម្ម​ដែលអាចបង្ការបាន។ នៅពីក្រោយតួលេខនីមួយៗ គឺជាកុមារដែលនឹងមិនវិលត្រលប់មកផ្ទះវិញ ធ្វើឱ្យគ្រួសារមានទុក្ខ និងអនាគតពួកគេត្រូវបាត់បង់លឿនពេក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម