សន្តិសុខសង្គម
លោក សៅ សុខា៖ ចាប់បានមន្រ្តីយោធា ៦ នាក់ ពាក់ព័ន្ធការជួញដូរអាវុធ និងអាវុធជាង ១០០ ដើម
មន្ដ្រីយោធាចំនួន ៦ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ ដែលសមត្ថកិច្ចរកឃើញលាក់ទុកជាង ១០០ ដើម ស្ថិតក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះថា ឥឡូវដីកាដែលតុលាការចេញឱ្យខាងអាវុធហត្ថ មានចំនួន ១០ ដែលដីកាទាំង ១០ នោះ គឺផ្ដើមចេញពីការបង្រ្កាបរបស់នគរបាល នៅពេលសាកសួរ ដោយបក្សពួកនៃក្រុមជួញដូរអាវុធនេះមិនមែនមានតែ ២ ៣នាក់ ទេ ដែលពាក់ព័ន្ធមន្ត្រីក្នុងជួរកងទ័ព។
លោក សៅ សុខា មានប្រសាសន៍បន្តថា៖ “ក្នុង១០ ហ្នឹង មកដល់ពេលហ្នឹង គឺកងរាជអាវុធហត្ថបានឃាត់ខ្លួនតាមដីកា បានចំនួន ៦ នាក់ហើយ រីឯ អាវុធ គឺបានចំនួន ១០៥ ដើម។ អាវុធហ្នឹង យើងចាប់បាន ២ លើក មាន AK47 ចំនួន ១០០ ដើម, កាំភ្លើង 12,7 ចំនួន ២ ដើម, M79 ចំនួន ៣ ដើម”។

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខាងលើបានឱ្យដឹងថា អ្នកទាំង៦ ដែលឃាត់ខ្លួននោះមាន ទី១ ឧត្ដមសេនីយ៍ទោ គង់ ណោរ៉ាន់ មេបញ្ជាការរោងជាងជួសជុលចម្រុះ នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស របស់ក្រសួងការពារជាតិ, ទី២ ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ មេបញ្ជាការរងរោងជាងជួសជុលចម្រុះ, ទី៣ វរសេនីយ៍ឯក យូ សំណាង អនុប្រធាននាយកដ្ឋានយន្តយុទ្ធ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស, ទី៤ វរសេនីយ៍ទោ ព្រហ្ម សុភក្រ នាយផ្នែកអាវុធថ្មើរជើងរោងជាងជួសជុលចម្រុះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស, ទី៥ វរសេនីយ៍ទោ ប៉ុល នី មេបញ្ជាការរងផ្នែកសឹករងស្រុកកំរៀង ខេត្តបាត់ដំបង និងទី៦ វី វិនហាយ ព្រឹន្ទបាលឯក យោធាស្រុកភ្នំព្រឹក។
នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍បញ្ជាក់ថា៖ “ខាងជំនាញបានវាយតម្លៃថា អាវុធទាំងនោះ មានគុណភាព មានត្រឹម ៦៥ ភាគរយ បានន័យថា ជាអាវុធចាស់ៗ ដែលយកមកជួសជុល ហើយយកទៅលក់។ ចំណែកគ្រាប់វិញ មានគុណភាព តែ ៧០ ភាគរយ ចំណែកបង់សម្រាប់ច្រកគ្រាប់ មានគុណភាព ត្រឹម ៨០ ភាគរយ។ អាវុធរបៀបនេះ គឺកងទ័ពបានប្រមូលតាមបណ្ដាអង្គភាព ដើម្បីយកមកជួលជុល សម្រាប់បម្រើការងារហ្វឹកហ្វឺន មិនមែនសម្រាប់ប្រយុទ្ធទេ ព្រោះអាវុធគុណភាពជាង ៦០ភាគរយនេះ មិនអាចប្រើប្រាស់បានទេ”។

លោកមានប្រសាសន៍បន្តថា៖ “បើតាម នគរបាលសួរនាំជនសង្ស័យទាំងនោះ ពួកគេឆ្លើយថា អាវុធទាំងនោះគឺយកពីរោងជាងនៃ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលកាំភ្លើងទាំងហ្នឹងប្រមូលពីអង្គភាពទូទាំងប្រទេស ព្រោះកាំភ្លើងចាស់ៗ គេប្រមូលយកមកទុក និងជួសជុល គឺមិនមែនជាកាំភ្លើងថ្មី គាស់ពីកេស យកពីឃ្លាំងនោះទេ”។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា អ្នកទាំង៦ បានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីកាត់ទោសតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។ ពាក់ព័ន្ធការចាប់ឃាត់ខ្លួននេះធ្វើឡើងដោយសហការរវាងកម្លាំងអាវុធហត្ថ ជាមួយកម្លាំងនគរបាល។
គួរបញ្ជាក់ថា ការចាប់នោះមានចំនួន២លើក លើកទី១ នៅថ្ងៃទី ១៩ ខែតុលា នៅស្រុកំរៀង ហើយលើកទី២ នៅថ្ងៃទី ១២ ទី ១៣ ខែវិច្ឆិកា នៅស្រុកភ្នំព្រឹក៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


