Connect with us

ព័ត៌មានជាតិ

ក្រោយអវត្តមានជាង៥ឆ្នាំ ពេលនេះសត្វត្មាតត្នោត និងត្មាតផេះ បានវិលត្រលប់ទៅកាន់ ដែនជម្រកសត្វព្រៃស្រែពកវិញហើយ

បានផុស

នៅ

ក្រុមការងារស្រាវជ្រាវសត្វ ព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានផ្តល់ដំណឹងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា ពួកគេបានកត់ត្រា នូវវត្តមាននៃសត្វត្មាតត្នោតចំនួនពីរក្បាល និងត្មាតផេះចំនួនមួយក្បាលនៅសំបុកព្រៃធម្មជាតិរបស់ពួកវា ក្នុងដែនជម្រកសត្វព្រៃស្រែពក នៃខេត្តមណ្ឌលគិរី។ នេះបើតាមការឲ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

បើតាមលោក នេត្រ ភក្ត្រា ក្រុមការងារស្រាវជ្រាវបានបញ្ជាក់ថា លទ្ធផលជាច្រើនដែលគេសម្រេចបាន ក្នុង​រយៈពេលកន្លងមក ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាកត្តារួមចំណែកយ៉ាងសំខាន់ ដល់ការវិលត្រលប់​មកកាន់ទ្រនំវិញរបស់សត្វស្លាបទាំងពីរប្រភេទនេះ ដែលសុទ្ធសឹងជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្រោយពីអវត្តមានក្នុងរយៈពេលដ៏យូរ។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវក្នុងតំបន់នេះ សត្វត្មាតត្នោតធ្លាប់ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនបួនក្បាល ហើយឃើញវត្តមានរបស់វាចុងក្រោយបង្អស់នៅចុងឆ្នាំ២០១៥  រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រាចុងក្រោយបំផុតនៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការសន្និដ្ឋានមួយរបស់កញ្ញា Milou Groenenberg ប្រធានក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការWWF មូលហេតុដែលបណ្តាលឲ្យបាត់វត្តមានរបស់ពួកវាពី ក្នុងតំបន់ក្នុងរយៈពេលដ៏យូរនេះគឺភាគច្រើនដោយសារពួកវា បានទទួលរងនូវការពុលដោយប្រយោល នឹងសារធាតុគីមីដែលគេបានប្រើប្រាស់សម្រាប់គោលបំណងផ្សេង។ សូមបញ្ជាក់ដែរថា សត្វត្មាតភ្លើង ក៏ជាសត្វស្លាបមួយប្រភេទទៀត ដែលកំពុងរស់នៅ ក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកផងដែរ។

ទន្ទឹមនឹងនេះដែរ កំណត់ត្រាថ្មីបំផុតនៃការរាប់ចំនួនសត្វត្មាតទាំងបីប្រភេទដោយក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានបង្ហាញវត្តមានសត្វត្មាតត្នោតចំនួនបួនក្បាល សត្វត្មាតផេះចំនួន​១១ក្បាល និងសត្វត្មាតភ្លើងចំនួនប្រាំក្បាល កំពុងរស់នៅក្នុងទ្រនំធម្មជាតិរបស់ពួកវាដែលស្ថិតក្នុងទីតាំងជាប់ដែនជម្រកសត្វព្រៃសំបូរតាមបណ្តោយដងទន្លេមេគង្គនៃខេត្តក្រេចះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា «នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះ។ ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាននិងអង្គការ WWF ក៏ដូចជាមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក ដែលបានខិតខំការពារនិងអភិរក្សតំបន់ព្រៃល្បោះ ដ៏ធំជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងបានកំពុងធ្វើឱ្យតំបន់នេះ កាន់តែមានសុវត្ថិភាពកាន់តែខ្លាំងថែមទៀតសម្រាប់សត្វព្រៃ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹក សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទរស់ នៅ។ សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការការពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វ កម្រនេះបន្ថែមនេះដើម្បីផលប្រយោជន៍ជីវៈចម្រុះ និងរក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ ក្រោយបន្តទៀត»។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា «ដំណឹងដ៏ល្អនេះ ពិតជាបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារ នៃកម្មវិធីអភិរក្សតំបន់ព្រៃទេសភាព ភាគខាងកើតនៃកម្ពុជាលើការបង្កើនកិច្ចខិតខំប្រឹងប្រែងជាប្រចាំ សំដៅជំរុញឱ្យចំនួនសត្វបក្សីទាំងនេះ មានកំណើនចំនួនពួកវាឡើងវិញនៅថ្ងៃខាងមុខ»។

នៅក្នុងប្រទេសកម្ពុជា ចំនួនសត្វត្មាតទាំងបីប្រភេទត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាថាបានធ្លាក់ចុះគួរឲ្យបារម្ភក្នុងរយៈពេលជាង១៥ ឆ្នាំចុងក្រោយនេះ។ ការគំរាមកំហែងចំបងៗដល់ការរស់នៅរបស់ប្រភេទសត្វស្លាបដ៏សំខាន់ជាសកលទាំងនេះរួមមានការពុលនឹងសារធាតុគីមីដែលគេប្រើប្រាស់សម្រាប់គោលដៅ  ផ្សេង កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាពរំខានដោយមនុស្ស។

សូមជម្រាបថា លទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិ ដោយក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា គិតត្រឹម ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថាមានសត្វត្មាតសរុបទាំងអស់ចំនួន១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល៕ (ដោយ)​៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម