ព័ត៌មានអន្ដរជាតិ
អាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក
សហរដ្ឋអាមេរិក បានរឹបយកកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ ប្រកាសសងសឹកវិញ ធ្វើឲ្យស្ថានការណ៍ឡើងកម្តៅខ្លាំងសាជាថ្មី ទោះមានបទឈប់បាញ់ក៏ដោយ។

ការបញ្ជាក់អំពីការរឹបយកកប៉ាល់អ៊ីរ៉ង់នេះ ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១៩ខែមេសាឆ្នាំ២០២៦ ដោយលោកសរសេរថា៖ «ថ្ងៃនេះ កប៉ាល់ដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះថា TOUSKA ដែលមានប្រវែងប្រហែល ២៧៤ម៉ែត្រ និងមានទម្ងន់សឹងតែស្មើនាវាផ្ទុកយន្តហោះទៅហើយនោះ បានព្យាយាមបើកឆ្លងកាត់ការបិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹករបស់យើង ប៉ុន្តែលទ្ធផលមិនបានល្អសម្រាប់ពួកគេឡើយ។ នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកអាមេរិក USS SPRUANCE បានស្ទាក់ចាប់កប៉ាល់ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយធ្វើការព្រមានឲ្យពួកគេបញ្ឈប់ដំណើរការ»។
ប្រមុខសេតវិមានបន្តថា៖ «នាវិកអ៊ីរ៉ង់មិនព្រមស្ដាប់ ដូច្នេះនាវាកងទ័ពជើងទឹករបស់យើងក៏បានបញ្ឈប់ពួកគេនៅនឹងកន្លែង តាមរយៈការបាញ់ទម្លុះបន្ទប់ម៉ាស៊ីន។ ពេលនេះ កងម៉ារីនអាមេរិកបានចូលគ្រប់គ្រងនាវានោះហើយ។ កប៉ាល់ TOUSKA គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក ដោយសារតែប្រវត្តិធ្លាប់ធ្វើសកម្មភាពខុសច្បាប់ពីមុនមក។ យើងកំពុងគ្រប់គ្រងកប៉ាល់នេះទាំងស្រុង ហើយកំពុងពិនិត្យមើលថា តើមានអ្វីខ្លះនៅលើលើនាវានោះ!»។

ឆ្លើយតបទៅរឿងនេះ អ៊ីរ៉ង់ចាត់ទុកជាការបំពានបទឈប់បាញ់ហើយគំរាមសងសឹកទៅវិញ ដោយស្ថាប័នកងទ័ពកំពូល Khatam al-Anbiya ចេញសេចក្តីថ្លែងការណ៍ថា៖ «សហរដ្ឋអាមេរិកបាន រំលោភលើបទឈប់បាញ់ ដោយបើកការបាញ់ប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់នៅក្នុងផ្ទៃទឹកនៃសមុទ្រអូម៉ង់ ធ្វើឲ្យប្រព័ន្ធនាវាចរណ៍របស់កប៉ាល់លែងដំណើរការ។ កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងឆ្លើយតបនិងសងសឹកក្នុងពេលឆាប់ៗ ចំពោះទង្វើចោរកម្មប្រដាប់អាវុធដោយកងទ័ពជើងទឹកអាមេរិក»។
ការរឹបអូសរបស់អាមេរិកកើតឡើងក្រោយពេល បញ្ជាការដ្ឋានកណ្តាល CENTCOM បញ្ជាក់ពីការចល័តទ័ពជាង១០ ០០០នាក់, នាវាជើងទឹក ១២គ្រឿង និងយន្តហោះជាង១០០ គ្រឿង ដើម្បីអនុវត្តការបិទខ្ទប់ផ្លូវទឹកនៅតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសអ៊ីរ៉ង់។

ប្រតិបត្តិការនេះគឺដឹកនាំដោយនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Abraham Lincoln (CVN 72) នៅក្នុងសមុទ្រអារ៉ាប់ ដោយមានការគាំទ្រពីនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ ដូចជា USS Delbert D. Black (DDG 119) ជាដើម។
លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះអាមេរិក បានថ្លែងថា ការបិទខ្ទប់គឺត្រូវបានអនុវត្តចំពោះគ្រប់កប៉ាល់ដោយមិនគិតពីសញ្ជាតិឡើយ ប្រសិនបើពួកគេធ្វើដំណើរទៅកាន់ ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់ ហើយបើពួកគេព្យាយាមដឹកប្រេងចេញពីអ៊ីរ៉ង់ នោះក្រុមប្រដេញនឹងធ្វើប្រតិបត្តិការភ្លាម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


