Connect with us

កីឡា

CAMSOCជំរុញការរៀបចំប្រកួតទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ ឲ្យទទួលជោគជ័យ

បានផុស

នៅ

ការរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ ត្រូវបានសម្រេចជាផ្លូវការហើយ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២១ ខាងមុខ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​2023 បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC) ដឹកនាំ​ដោយ​លោក​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​CAMSOC កាលពី​ល្ងាច​ថ្ងៃទី​១៣​តុលា​ម្សិលមិញ​នេះ នៅ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា។​

​លោក​អគ្គលេខាធិការ វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា លោក​បណ្ឌិត ថោង ខុន បាន​មានប្រសាសន៍ថា “ ការរៀបចំ​ការប្រកួត​កីឡា​ទូកក្តោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២១ នៅ​ក្រុងព្រះសីហនុ គឺជា​ការ​បំផុស​ឆ្ពោះទៅ Sea Games 2023 ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ហើយក៏​ជាការ​ប្រកួត​តេស្ត​សាកល្បង​មើល​ការរៀបចំ​ប្រភេទ​កីឡា​មួយ ដើម្បី​ជា​បទពិសោធ​ឆ្ពោះទៅ​ការរៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ ២០២៣ ផងដែរ ” ។​

​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ទូកក្តោង​ជើងឯក​អាស៊ីអាគ្នេយ៍ ជា​កម្មវិធី​របស់​CAMSOC ដោយ​បង្កើត​នូវ​គណៈកម្មការ​រៀបចំ​ការប្រកួត ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត ថោង ខុន​, លោក វ៉ា​ត់ ចំរើន អនុប្រធាន​អចិន្ត្រៃយ៍ អមដោយ​អនុប្រធាន​៣​រូប និង​សមាជិក​៦​រូប ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី​ជាច្រើនរូប ។​ទន្ទឹមនេះ ក៏បាន​បង្កើត​អនុគណ​:​កម្ម​ការជំនាញ​ចំនួន​៦ មានដូចជា​គណ​:​កម្ម​ការចុះឈ្មោះ​ប្រទេស​ដែល​ចូលរួម បដិសណ្ឋារកិច្ច ស្នាក់នៅ ហូបចុក សន្តិសុខ​-​សណ្តាប់ធ្នាប់ និង​គណ​:​កម្ម​ការ​បច្ចេកទេស​…​។​

​លោក វ៉ា​ត់ ចំរើន បាន​បង្ហើប​ឲ្យ​ដឹងថា មាន​ប្រទេស​ចំនួន ៧ ក្នុងចំណោម​១១​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ដែលមាន​ទូកក្តោង បាន​ចុះឈ្មោះ​ចូលរួម​ហើយ ហើយក៏​នឹងមាន​ប្រតិភូ រួមទាំង​មន្ត្រី​កីឡាករ​និង​អ្នកជំនាញ​បច្ចេកទេស​ទូកក្តោង មកពី​បណ្ដា​ប្រទេស​ទាំង​៧​នេះ​ចូលរួម​ប្រហែលជា​ចំនួន​១៥០​នាក់ ។ ក្នុង​ចំនួន​ប្រតិភូ​មកពី​ក្រៅប្រទេស​១៥០​នាក់​នេះ ត្រូវបាន គណៈកម្មការ​រៀបចំរ​បស់​CAMSOC​ចាត់ទុកថា ជា​ចំនួន​មួយ​ដែល​យើង​អាចមាន​លទ្ធភាព​គ្រប់គ្រង​បានល្អ ក្នុង​កាល​:​ទេស​:​នៃ​ការទប់ស្កាត់​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩ ។​បើតាម​ការបញ្ជា​ក់រប​ស់លោក​បណ្ឌិត​ថោង​ខុន​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គ្រប់​គណ​:​កម្ម​ការជំនាញ​ទាំងអស់ ត្រូវ​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច ការ​ស្នាក់នៅ​ហូបចុក​ចំពោះ​ប្រតិភូ​ចូលរួម​ឲ្យ​បានល្អ ដើម្បី​ជា​កិត្តិយស​របស់​ប្រទេសជាតិ​យើង ក៏ដូចជា​ការសាកល្បង​របស់​យើង​សម្រាប់​ឆ្ពោះទៅ​ស៊ី​ហ្គេម 2023​។​

​លោក​ វ៉ា​ត់ ចំរើន បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ សុវត្ថិភាព​សណ្ដាប់ធ្នាប់​បានល្អ​នេះ “ យើង​ត្រូវ​ផ្សាភ្ជាប់​ជាមួយនិង​មាន​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ តាម​លក្ខណៈ​អេស​អូ​ភី​ដែលជា​វិធានការ​ស្តង់ដារ​មួយ ស្របទៅនឹង​ការរៀប​ចំអេស​អូ​ភី​របស់​កីឡា​នៅ​អន្តរជាតិ​ដែរ ដែល​ការអនុវត្ត​ទៅ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ដូច្នេះ​យើង​យក​គំរូ​ហ្នឹង​ដើម្បី​រៀបចំ​ការប្រកួត​ទទួលបាន​ជោគជ័យ​មាន​លទ្ធផល​ល្អ រួមទាំង​សុវត្ថិ​ភាពល្អ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នកចូលរួម​ទាំងអស់​ផងដែរ ” ។​

​ការរៀបចំ​ការប្រកួត​កីឡា​ទូកក្តោង​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២១​នេះ គឺជា​ការរៀបចំ​ប្រកបទៅដោយ​លក្ខណៈ​បច្ចេកទេស​ខ្ពស់​របស់​ស្តង់ដារ​អន្តរជាតិ ដោយបាន​សហព័ន្ធ​កីឡា​ទូកក្តោង​របស់​សិង្ហ​បុរី ជួយផ្ដល់​បច្ចេកទេស​ក្នុងការ​រៀបចំ​ដល់​កម្ពុជា ដូចជា​ការត្រួតពិនិត្យ​ផ្លូវទឹក​ក្នុង​លំហ​សមុទ្រ ដែល​ត្រូវ​រៀបចំ​ប្រកួតប្រជែង។ មួយទៀត ព្រឹត្តិការណ៍​នេះ ​គឺ​ស្របតាម​គោលដៅ​យុទ្ធសាស្ត្រ​ឆ្ពោះ​របស់​កម្ពុជា​យើង​ឈាន​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម