អត្តពលិកកម្ពុជា បានឈ្នះមេដាយមាស ៦គ្រឿងហើយ ត្រឹមថ្ងៃទី១៩ ខែឧសភា ម្សិលមិញ ក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ហើយនេះជាការបំបែកកំណត់ត្រាក្នុងការឈ្នះមេដាយមាស នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នាប្រទេសហ្វីលីពីន ដែលរកបានចំនួន ៤មេដាយមាស។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ២០២២នេះ កម្ពុជា ឈ្នះមេដាយសរុប ៤០ គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ២៥គ្រឿង (២គ្រឿងពុំទាន់ធ្វើពិធីបំពាក់ជាផ្លូវការ) ខណៈនៅសល់ ៣ថ្ងៃទៀតទើបបញ្ចប់ការប្រកួតជាផ្លូវការ គ្រាដែលកាលពីស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ កម្ពុជា បានឈ្នះមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦ សរុប ៤៦មេដាយ ដែលទាំងនេះត្រូវបានចាត់ទុកថាមានការកើនឡើងជាងឆ្នាំមុន ជាពិសេស នៅសល់ប្រភេទកីឡា និងវិញ្ញាសាមួយចំនួនទៀត ដែលកម្ពុជា កំពុងកាន់មេដាយក្នុងដៃ ហើយអាចនឹងឈ្នះនៅថ្ងៃនេះថែមទៀតផងដែរ។
នាយបេសកម្មដឹកនាំអត្តពលិកកម្ពុជា ចូលរួមស៊ីហ្គេមលើកនេះ ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា៖ «អ្វីដែលយើងកត់សម្គាល់ឃើញថាការចូលរួមស៊ីហ្គេមលើកនេះ កម្ពុជារបស់យើងបានផ្ដោតទៅលើយុទ្ធសាស្ត្រក្នុងការស្វែងរកមេដាយឲ្យបានច្រើនជាងមុន ហើយជាការរុញទឹកចិត្តឲ្យកីឡាករ-កីឡាការិនី របស់យើងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបំបែកឯកត្តកម្មក្នុងពេលនេះ ដើម្បីឈានទៅឆ្នាំ២០២៣ យើងយកឲ្យដល់គោលដៅ ដែលយើងចង់បាន។ អ៊ីចឹអ្វីដែលយើងកំណត់នៅក្នុងការរៀបចំនេះ គឺយើងត្រូវធ្វើទៅតាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក បានដាក់ចេញនូវកំណត់ត្រានៃការរៀបចំសន្ទស្សន៍មេដាយរបស់យើងរួចទៅហើយ។»
«យើងសង្ឃឹមថាក្នុង ២,៣ថ្ងៃទៀតនេះ កម្ពុជា នឹងឈានទៅដល់ការស្វែងករមេដាយច្រើនជាងនេះទាំងមាស ទាំងប្រាក់ ទាំងសំរឹទ្ធ។ ប្រភេទកីឡាមិនទាន់មានមេដាយ ពេលស៊ីហ្គេមនៅកម្ពុជា រុញឲ្យទៅដល់មេដាយ ប្រភេទកីឡាដែលបានមេដាយហើយ ប៉ុន្តែមេដាយប្រាក់ ឬសំរឹទ្ធ យើងរុញឲ្យដល់មេដាយមាសទាំងអស់ អ៊ីចឹងនេះគឺយុទ្ធសាស្ត្ររបស់យើង ដែលយើងរុញម្ដងមួយកាំ ម្ដងមួយជំហាន ទៅតាមអ្វីដែលយើងចង់បាន»។ ឯកឧត្តម វ៉ាត់ ចំរើន បានសង្គត់ធ្ងន់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ខែឧសភាកម្ពុជាឈ្នះមេដាយសរុប៤០គ្រឿងក្នុងនោះមាស៦គ្រឿងប្រាក់៩គ្រឿងនិងសំរឹទ្ធ២៥គ្រឿង។
មេដាយមាស៦គ្រឿងមានលើប្រភេទកីឡាឃីកបុកស៊ីង, កីឡាប៊ូលនិងប៉េតង់, កីឡាវ៉ូវីណាម, កីឡាតេក្វាន់ដូWTនិងកីឡាចំបាប់។ ចំពោះមេដាយប្រាក់៩គ្រឿងលើកីឡាឃីកបុកស៊ីង, កីឡាប៊ូលនិងប៉េតង់, កីឡាតេក្វាន់ដូWT, កីឡាវ៉ូវីណាមនិងកីឡាចំបាប់។មេដាយសំរឹទ្ធ២៥មាននៅលើកីឡាឃីកបុកស៊ីង, កីឡាប្រណាំងទូក, កីឡាប៊ូលនិងប៉េតង់, កីឡាជឺជីតស៊ូ, កីឡាវូស៊ូ, កីឡាតេក្វាន់ដូ WT, កីឡាវ៉ូវីណាម, កីឡាចាំបាប់, កីឡាការ៉ាតេ, កីឡាប្រដាល់សកល និងកីឡាយូដូ៕
អត្ថបទ៖ មន្នីរ័ត្ន