កីឡា
អនុសាសន៍ ៥ ចំណុច សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់ជូន ដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានផ្ដល់អនុសាសន៍ ៥ ចំណុច ដើម្បីឈានឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣។

ប្រសាសន៍របស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានដាក់ចេញឡើងនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីកីឡាស៊ីហ្គេម លើកទី ៣១ នៅទីស្ដីការក្រសួងការពារជាតិ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានផ្ដល់អនុសាសន៍ចំនួន ៥ ចំណុច ដើម្បីឲ្យវិស័យកីឡាជាតិរឹងមាំ មានស្ថិរភាពស្របតាមសភាពការរីកចម្រើន នៃសង្គម សេដ្ឋកិច្ច ជាពិសេសដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ឆាប់ខាងមុខ។

សម្តេច បានមានប្រសាសន៍ សំណូមពរឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងថែមទៀត ក្នុងការប្រើប្រាស់ធនធានឲ្យអស់លទ្ធភាព ការបង្កើនសមត្ថភាព និងឆន្ទៈស្របតាមតួនាទី និងកិច្ចការរៀងៗខ្លួន និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនសម្រាប់ជាមូលដ្ឋានដល់ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ CAMSOC សហព័ន្ធកីឡាជាតិ និងសមត្ថកិច្ចរាជធានី ខេត្ត ដើម្បីចាត់វិធានការបន្តដូចតទៅ ៖

១.ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ បន្តពង្រីកកិច្ចសហការល្អ ហ្វឹកហ្វឺនក្រុមកីឡាករជម្រើសជាតិក្នុង និងក្រៅប្រទេស ដើម្បីបង្កើនគុណផលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ដណ្ដើមមេដាយឲ្យបានច្រើន ពិសេសមន្ត្រីបច្ចេកទេសរៀបចំ និងកាត់សេចក្ដីការប្រកួត។ ជាមួយគ្នានេះ ក្រសួង បន្តផ្ដល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ ដើម្បីពន្លឿនការអភិវឌ្ឍ ពិសេសឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣។
២.សហព័ន្ធកីឡាជាតិ ត្រូវប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបានត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងកៀរគរថវិកាដៃគូឯកជនបំពេញការខ្វះខាត ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រភេទកីឡារបស់ខ្លួនឲ្យបានកាន់តែរីកចម្រើន និងមាននិរន្តរភាព។
៣.គណៈកម្មាធិការជំនាញទាំង ១៤ នៃគណៈកម្មាធិការជាតិ CAMSOC ត្រូវសហការគ្នាឲ្យបានល្អ ខិតខំពន្លឿនការងាររបស់ខ្លួនតាមតួនាទីភារកិច្ច ជំរុញ នៃការត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយជាស្រេចទៅតាមក្របខ័ណ្ឌពេលវេលាកំណត់ ដើម្បីធានាបានជោគជ័យខ្ពស់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ។ បន្តពង្រឹងការប្រកួតជើងឯកជាតិ និងការប្រកួតកីឡាជាតិឲ្យកាន់តែមានគុណភាព ឈានទៅរកស្តង់ដារតំបន់ ដើម្បីយកការប្រកួតកីឡាអន្តរជាតិមករៀបចំនៅកម្ពុជា។
៤.គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី ខេត្ត ត្រូវពង្រឹងកិច្ចសហការឲ្យបានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្ទាន់ សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ គ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ ២០២៣។
៥.នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដើម្បីរួមចំណែកដល់ភាពជោគជ័យ នៃការរៀបចំប្រកួតកីឡាកម្រិតអន្តរជាតិនេះ។ សូមអំពាវនាវដល់អាជ្ញាធររាជធានី ខេត្ត និងប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតី “ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់” ពិសេសប្រជាជននៅតាមរាជធានី ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឲ្យបានល្អ និងរៀបចំតុបតែងលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួន សំដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជា នាឆ្នាំ ២០២៣ ខាងមុខនេះ។
កម្ពុជា កំពុងត្រៀមខ្លួនទទួលស្វាគមន៍រៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ