សន្តិសុខសង្គម
ខេត្តបន្ទាយមានជ័យ បន្តបោសសម្អាតបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួនជនបរទេសជាង ៤,០០០នាក់
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយបានបង្ក្រាប និងចាប់ខ្លួនជនបរទេសជាង ៤,០០០នាក់ និងរឹបអូសសម្ភារដែលពាក់ព័ន្ធជាច្រើន។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រួមមាន នគរបាលខេត្ត កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន។

អាជ្ញាធរខេត្តបានចាត់តាំងក្រុមការងារចម្រុះ ដឹកនាំដោយលោក ប្រាក់ ប៉ូលី និងលោក លៀម សុដា អភិបាលរងខេត្ត ដើម្បីអនុវត្តប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យនៅតាមអគារនានា ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
យុទ្ធនាការនេះ អនុវត្តស្របតាមបទបញ្ជា និងបទដ្ឋានច្បាប់របស់រាជរដ្ឋាភិបាល រួមមានបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ និងច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ព្រមទាំងផែនការសកម្មភាពលេខ ០១០/២៦ ដែលបានដាក់ចេញដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

គួរជម្រាបថា ចាប់តាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ មក កម្លាំងសមត្ថកិច្ចបានសហការជាមួយថ្នាក់ជាតិ ចុះបង្ក្រាបទីតាំងសរុបចំនួន ៥កន្លែង និងឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ៣,៨៥៣នាក់ ដែលភាគច្រើនជាជនជាតិចិន។ ទីតាំងទាំងនេះ ស្ថិតនៅក្នុងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត។ បន្ថែមពីនេះ ក្រុមការងារចម្រុះខេត្តក៏បានចុះបង្ក្រាបបន្ថែមចំនួន ៣ទីតាំងផ្សេងទៀត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៦១នាក់ ដែលជាជនជាតិចិន។
ដោយឡែក នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការនៅក្នុងក្រុងប៉ោយប៉ែត ចំនួន ៣ទីតាំងទៀត ដោយរកឃើញជនបរទេសគ្មានឯកសារត្រឹមត្រូវចំនួន ១៨៥នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ១៥៤នាក់ និងជនជាតិថៃ ៣១នាក់ ព្រមទាំងរឹបអូសវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ជារួម ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានចាប់ខ្លួនជនបរទេសលើសពី ៤,០០០នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាមួយគ្នានេះ ក្រុមការងារចម្រុះខេត្តក៏បានចុះត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្តុំចំនួន ៩កន្លែង នៅក្នុងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ដោយបានណែនាំម្ចាស់ទីតាំងឲ្យធ្វើកិច្ចសន្យា និងគោរពតាមច្បាប់។ ទីតាំងទាំងនេះ មានជនបរទេសសរុបចំនួន ៣០៣នាក់ ក្នុងនោះមានស្ត្រី ១២នាក់។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជាក់ដែរថា នឹងបន្តពង្រឹងវិធានការបង្ក្រាប និងត្រួតពិនិត្យឲ្យបានតឹងរឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ និងបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់សង្គម និងសន្តិសុខសាធារណៈ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


