Connect with us

កីឡា

ខ្សែ​ប្រយុទ្ធ Mahmoud Eid ធ្លាប់​លេង​ធំ​ៗ ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង យប់​នេះ​

បានផុស

នៅ

ក្រុម​ជើង​ឯក​លីគ​កំពូល​វៀតណាម Nam Dinh ត្រូវ​​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង ៧:៣០​នាទីយប់ ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះវគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B ពាន​រង្វាន់ ASEAN Club Championship។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nam Dinh ដែល​​បានឈ្នះ​ជើង​ឯកលីគ​កំពូល​វៀតណាម ២ រដូវ​កាល​ជាប់​គ្នា​​ ជា​ក្រុម​មាន​កីឡាករ​បរទេស ១៣ នាក់ ប្រៀប​ធៀប​នឹង ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​ ៧ នាក់។ ទោះ​បី​ជា​យ៉ាង​ណា ពាន​រង្វាន់ក្លិប​កំពូល​អាស៊ាន​នេះ អនុញ្ញាត​ឲ្យ​ដាក់​កីឡាករ​បរទេស​លេង​នៅ​លើ​ទី​លាន​ត្រឹម​តែ ៧ នាក់​ប៉ុណ្ណោះ។

​កីឡាករ​បរទេស​ទាំង ១៣​ នាក់មាន​បទ​ពិសោធ​ច្រើន​ដែល​បាន​ជួយ​ក្រុមឲ្យ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​វៀតណាម​ពីរ​លើក​ជាប់​គ្នា។ កីឡាករ​ខ្លះ​​ទើប​ចូល​រួម​ជា​មួយ​ក្លិប​នៅ​ឆ្នាំ ២០២៥​ ក្នុង​នោះខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ាឡេស្ទីន Mahmoud Eid​ អាយុ ៣២ ឆ្នាំ កម្ពស់ ១.៨៣​ ម៉ែត្រ មាន​បទ​ពិសោធ​ច្រើន​។ ចន្លោះ​ឆ្នាំ ២០១១ ដល់ ២០២០ រូប​គេ​លេង​ឲ្យ​ក្លិប​ចំនួន ៥ ផ្សេង​គ្នា​នៅ​ប្រទេស​ស្វីស។

បន្ទាប់​មក រូប​គេ​ត្រូវ​បាន​ខ្ចី​ជើង​ទៅ​លេង​នៅក្លិប Mjondalen IF ប្រទេស​ន័រវេស និងត្រឡប់​ទៅ​ក្លិប​ GAIS ប្រទេស​ស្វីស​វិញ។ រដូវ​កាល​ ២០២០-២១ រូប​គេ​ចូល​រួម​ជា​មួយ​ក្លិប​កំពូល​ឥណ្ឌូណេស៊ី Persebaya Surabaya និង​បន្ត​ចូល​ក្លិប​ Mesaimeer ប្រទេស​កាតា ព្រម​ទាំង​ក្លិប Al-Muharrag ប្រទេស​បារ៉ែន។

នៅ​ឆ្នាំ ២០២២ កីឡាករ Mahmoud Eid​​ បាន​ចូល​រួម​ជា​មួយ​ក្លិប​ថៃ Mongbua Pitchaya។ ក្លិប​ដែល​រូប​គេ​លេង​បាន​យូរ និង​ច្រើន​ប្រកួត​បំផុត Bangkok United ពី​ឆ្នាំ ២០២២ ដល់ ២០២៥ ដែល​រូប​គេ​លេង​បាន ៧៤ ប្រកួត រក​បាន ៣១​គ្រាប់ មុន​ពេល​ផ្លាស់​ទៅ​ក្លិប​វៀតណាម Nam Dinh។

កីឡាករ​រូប​នេះ​បាន​ជាប់​ជម្រើស​ជាតិ​ប៉ាឡេស្ទីន ពី​ឆ្នាំ ២០១៤ ដល់ ២០២៤ ដែល​​បង្ហាញ​ខ្លួន ២៦​ប្រកួត រក​បាន ១​គ្រាប់។

កីឡាករ​បរទេស​របស់​ក្លិប Nam Dinh ​មាន​អ្នក​ចាំទី​ Caique Santos សញ្ជាតិ​ប្រេស៊ីល, ខ្សែ​ការពារ Lucas Alves (ប្រេស៊ីល), Mitchelll Dijks (ហូឡង់), Walber (ប្រេស៊ីល) និង កីឡាករ Pham Ba (បារាំង)។

​នៅ​តំបន់​​បម្រើ​វិញ ​កីឡាករ Caio Cesar (ប្រេស៊ីល), Njabulo Blom (អាហ្វ្រិក​ខាង​ត្បូង), Kristoffer Normann Hansen (ន័រវេស) និង កីឡា0ករ Romulo (ប្រេស៊ីល)។ នៅ​តំបន់​ប្រយុទ្ធ ពួក​គេ​​មាន​ កីឡាករ Mahmoud Eid (ប៉ាឡេស្ទីន), Percy Tau (អាហ្វ្រិក​ខាង​ត្បូង), Brenner (ប្រេស៊ីល) និង​កីឡាករ Kyle Hudlin (អង់គ្លេស)៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម