Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង នឹងរងពិន័យធ្ងន់ធ្ងរពី AFF បើមិនព្រមប្រកួតទល់ Bangkok នៅ វៀតណាម

បានផុស

នៅ

ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវរងពីន័យធ្ងន់ធ្ងរ ទាំងរូបភាពជាទឹកប្រាក់ និងការប្រកួត ប្រសិនបើមិនព្រមធ្វើតាមសហព័ន្ធបាល់ទាត់ អាស៊ាន (AFF) ដែលកំណត់ឱ្យការប្រកួតទល់នឹងក្រុម Bangkok United ក្នុងពាន ASEAN Club Championship Shopee Cup ធ្វើឡើងនៅទឹកដីកណ្តាលក្នុងប្រទេស វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមកាលវិភាគផ្លូវការដំបូង ក្រុម ព្រះខ័នរាជស្វាយរៀង ត្រូវបានកំណត់ឱ្យធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុម Bangkok United នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦ សម្រាប់ការប្រកួតក្នុងពូល B នៃពាន Shopee Cup រដូវកាល ២០២៥-២០២៦។ ក្រោយមក ក្រុមមកពីលីគ ថៃ មួយនេះ បានបដិសេធធ្វើដំណើមកប្រកួតនៅ កម្ពុជា ដោយសារបារម្ភអំពីសុវត្ថិភាព ក្រោយកម្ពុជា និង ថៃ មានជម្លោះព្រំដែនជាមួយគ្នា។

ទោះបីជាយ៉ាងណា សេចក្តីប្រកាសចុងក្រោយ បានបញ្ជាក់ជាផ្លូវការ ថា ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង Bangkok United នឹងប្តូរពីធ្វើនៅ កម្ពុជា មកធ្វើនៅកីឡដ្ឋាន Hàng Đẫy ក្នុងប្រទេស វៀតណាម ជំនួសវិញ នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៦។ ជុំវិញការសម្រេចចិត្តនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រ កម្ពុជា ជាច្រើនមិនសប្បាយចិត្តផងដែរ ដោយសារតែអ្នកគាំទ្រភាគច្រើន ចង់ឱ្យការប្រកួតប្រព្រឹត្តិទៅនៅទឹកដី កម្ពុជា ដូចធម្មតា។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្លិបព្រះខ័នរាជស្វាយរៀង បានចេញសេចក្តីថ្លែងការណ៍តាមរយៈអ្នកចាត់ការទូទៅលោក Christopher Grant ដូច្នេះ ថា ការសម្រេចចិត្តនេះមិនបានធ្វើឡើងដោយក្លិបនោះទេ ប៉ុន្តែជាការសម្រេចចិត្តទាំងស្រុងដោយ AFF។ ទោះបីជាខាងភាគីក្លិប ព្រះខ័នរាជស្វាយរៀង បដិសេធ និងព្យាយាមពន្យល់ ដើម្បីធានាពីសុវត្ថិភាពក្នុងការរៀបចំនៅ កម្ពុជា យ៉ាងណាក៏ដោយ ក៏ AFF មិនព្រមដែរ។

ប្រសិនបើ ព្រះខ័នរាជស្វាយរៀង មិនព្រមប្រកួតតាមការកំណត់នេះ នោះនឹងអាចត្រូវរងការពិន័យធ្ងន់ធ្ងរពី AFF ជាទឹកប្រាក់ចំនួន ១ លានដុល្លារអាមេរិក។ បន្ថែមពីនេះទៀត ក្លិបអាចនឹងរងពិន័យ ដោយហាមមិនឱ្យចូលរួមការប្រកួតប្រជែងផ្សេងៗនាពេលអនាគតរយៈពេល ២ ឆ្នាំ និងការពិន័យផ្សេងៗទៀត

ទាំងនេះជាផលវិបាក ដែលធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង មិនអាចប្រកែកបាន ដើម្បីរៀបចំឡើងនៅទឹកដីកណ្តាលតាមការស្នើសុំរបស់ក្រុម Bangkok United និង AFF។ ដូច្នេះការសម្រេចចុងក្រោយ គឺការប្រកួតនឹងធ្វើឡើងនៅប្រទេស វៀតណាម នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម