Connect with us

ព័ត៌មានជាតិ

កុមារ និងស្ត្រីមានផ្ទៃពោះជាង១លាននាក់ បានពិនិត្យព្យាបាល និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរយៈពេល៩ខែនេះ

បានផុស

នៅ

រយៈពេល៩ខែ ឆ្នាំ២០២៥នេះ កុមារមានជំងឺ និងស្ត្រីមានផ្ទៃពោះប្រមាណជាង១លាននាក់ បានមកពិនិត្យព្យាបាល និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៨តុលាថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥ នេះ មានអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ ដែលបានពិនិត្យព្យាបាល និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ចំនួន ១ ០៤១ ៥៦៥នាក់។

លោកប្រធានមន្ទីរពេទ្យបានបន្តថា ក្នុងនោះពិនិត្យព្យាបាលកុមារ នៅផ្នែកពិគ្រោះជំងឺក្រៅបានចំនួន ៧៨២ ៨៦៤ករណី កុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៦៣ ៥០៣នាក់ ជំងឺគ្រុនឈាម សម្រាកក្នុងមន្ទីរពេទ្យ ចំនួន ១១ ៤៧៣នាក់ ស្ត្រីមានផ្ទៃពោះ បានពិនិត្យតាមដានផ្ទៃពោះ ចំនួន ៨០ ៥១៤ករណី សម្រាលកូន បានចំនួន ១៤ ៦៨៤ វះកាត់ទូទៅ ចំនួន ២២ ៣៣៦នាក់ វះកាត់ជំងឺបេះដូងពីកំណើត ចំនួន៨២៨នាក់។

លោកប្រធានមន្ទីរពេទ្យបានបន្តទៀតថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ខណៈបច្ចុប្បន្ននេះមន្ទីរពេទ្យមានគ្រែសរុបចំនួន២០៨៧គ្រែ ក្នុងនោះផ្នែកសម្ភព មាន២២៧គ្រែនិងមានបុគ្គលិកសរុបចំនួន២៦០០នាក់។

គួរបញ្ជាក់ថា ដើម្បីជួយទ្រទ្រង់ដល់ដំណើរការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនកុមារ និងស្ត្រីមានផ្ទៃពោះ កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ខណៈក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាប្រមាណ ៤៣ លានដុល្លារអាមេរិក សម្រាប់ដំណើរការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារ និងស្ត្រីមានផ្ទៃពោះកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម