Connect with us

ព័ត៌មានជាតិ

អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា៖ព្រះរាជទ្រព្យដែលហ្លួងម៉ែប្រទានជាប្រចាំ បានសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជា

បានផុស

នៅ

អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា លោក Denis Lurent លើកឡើងថា ព្រះរាជទ្រព្យដែលសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហមុន ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានជាប្រចាំដល់មន្ទីរពេទ្យគន្ធបុប្ផា បានរួមចំណែកក្នុងបេសកកម្មនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព នៅមន្ទីរពេទ្យគន្ធបុប្ផា។ អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា ថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះ  បន្ទាប់ពីកាលពីថ្ងៃទី២ ខែកុម្ភៈ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហមុន ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជទានព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារ ដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា គូសបញ្ជាក់ថា អស់រយៈពេល៣២ឆ្នាំមកហើយ ព្រះបរមរតនកោដ្ឋ សម្ដេច​ព្រះ នរោត្ដម សីហនុ និងព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ តែងតែគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាដែលមានបេសកកម្មសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជា។

លោក Denis Lurent មន្ទីរពេទ្យគន្ធបុប្ជាអាចបំពេញបេសកកកម្មសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជាទៅបាន គឺដោយសារមានកិច្ចសហការគាំទ្រពីមូលនិធិគន្ធបុប្ជាស្វីស ក៏ដូចជាមូលនិធិគន្ធបុប្ជាកម្ពុជា ដែលជាក្តីស្រម៉ៃមួយរបស់លោកវេជ្ជបណ្ឌិត Beat Richner  ដែលលោកចង់ឱ្យមន្ទីរពេទ្យគន្ធបុប្ជា ជាមន្ទីរពេទ្យគ្រប់គ្រងដោយបុគ្គលិក និងគ្រូពេទ្យខ្មែរហើយឥឡូវនេះក្តីស្រម៉ៃរបស់លោក គឺបានសមេ្រចហើយ ព្រោះបច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅសៀមរាប គឺមន្ទីរពេទ្យដំណើរការទៅបានដោយមានគ្រូពេទ្យ និងបុគ្គលិកខ្មែរទាំងអស់។

នាយករង នៃអង្គភាពប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា លោក យោគ សាមឌី  មានជំនឿយ៉ាងមុតមាំថា ព្រះរាជទ្រព្យរបស់ព្រះវររាជមាតាជាតិខ្មែរ នឹងបន្តចូលរួមដល់ចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ជាទាំងនៅរាជធានីភ្នំពេញ និងនៅសៀមរាប ឱ្យបន្តបេសកម្មសង្រ្គោះជីវិតកុមារកម្ពុជារាប់លាននាក់ និងបន្តបេសកម្មមនុស្សធម៌។

របាយការណ៍សង្ខេបឱ្យដឹងថា ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅសៀមរាប និងនៅរាជធានីភ្នំពេញ បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួនជាង១, ៤ លានករណី ក្នុងនេះរួមមាន ៖ ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅជិត១១ម៉ឺនករណី។ ទារក និងកុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាង ២៣ម៉ឺននាក់។ កុមារឆ្លងជំងឺគ្រុនឈាមជិត២ម៉ឺន៣នាក់។ កុមារដែលត្រូវព្យាបាល និងវះកាត់ទូទៅជិត៣ម៉ឺន៥ពាន់នាក់។ កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ជាង ១ពាន់នាក់។ ស្រ្តីមានផ្ទៃពោះបានមកទទួលសេវាពិនិត្យ និងតាមដានផ្ទៃពោះនៅផ្នែកជំងឺក្រៅនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបជិត១១ម៉ឺនករណី និងសម្រាលកូនជាង ២ម៉ឺន៥ពាន់នាក់។

តាមរយៈនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនជាង ៤៦ លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម