ព័ត៌មានជាតិ
ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាចំណាយជាង៤៦លានដុល្លារ ដើម្បីពិនិត្យ សង្គ្រោះជីវិតកុមារ និងស្ត្រីជាង១.៤លានករណី
មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនជាង ៤៦ លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ចេញនៅថ្ងៃទី៤ ខែកុម្ភៈ ក្រោយពីឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៥។

តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៥, អង្គប្រជុំក៏បានពិនិត្យលើរបាយការណ៍លទ្ធផល ឆ្នាំ២០២៥ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយក្នុងនោះមន្ទីរពេទ្យបានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួនជាង១, ៤ លានករណី ក្នុងនេះរួមមាន ៖ ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ១ ០៧១ ៦៣៧ ករណី។ ទារក និងកុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣ នាក់។ កុមារឆ្លងជំងឺគ្រុនឈាម ចំនួន ២២ ៩៨២នាក់។ កុមារដែលត្រូវព្យាបាល និងវះកាត់ទូទៅ ចំនួន ៣៤ ៨៨៩ នាក់។ កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ១ ១៦៣ នាក់។ ស្រ្តីមានផ្ទៃពោះបានមកទទួលសេវាពិនិត្យ និងតាមដានផ្ទៃពោះនៅផ្នែកជំងឺក្រៅនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបចំនួន ១០៨ ១៣៤ ករណី និងសម្រាលកូនចំនួន ២៥ ៧៣៦ នាក់។

ក្នុងកិច្ចប្រជុំ អង្គភាពប្រតិបត្តិបានបង្ហាញជូនអង្គប្រជុំក្រុមប្រឹក្សាបរធនបាលថា ក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ, មូលនិធិគន្ធបុប្ផាកម្ពុជាមានចំណូលសរុបចំនួនជាង ២៩ លានដុល្លារអាម៉េរិក ឬកើនឡើង ៦% បើធៀបនឹងឆ្នាំ២០២៤ ដែលចំណូលនេះទទួលបានពីប្រភពសំខាន់ៗ ដូចជាវិភាគទានប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជា, ការកាត់កម្រៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ការបរិច្ចាគរបស់សប្បុរសជនជាង ៤០ម៉ឺននាក់ និងចំណូលផ្សេងៗទៀត ជាពិសេសចំណូលដែលទទួលបានពីការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥។

ស្របពេលជាមួយគ្នានេះ, មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានផ្ទេរថវិកាជាបន្តបន្ទាប់ចំនួនជាង ១២លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា បន្ថែមលើថវិកាចំនួន ១០លានដុល្លារអាម៉េរិក ដែលរាជរដ្ឋាភិបាលផ្ដល់ជូនតាមរយៈក្រសួងសុខាភិបាល និងមូលនិធិគន្ធបុប្ផាស្វីស ដើម្បីគាំទ្រប្រតិបត្តិការប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តោតលើចង្កោមសកម្មភាពសំខាន់ៗចំនួន ៤ រួមមានការកៀរគរថវិកា និងសហការជាមួយក្រសួង-ស្ថាប័នផ្សេងៗ, ការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ, ការអភិវឌ្ឍ និងធ្វើទំនើបកម្មឌីជីថល (គេហទំព័រ និង App), និងកម្មវិធីរម្លឹកឱ្យមានការបន្តចូលរួមបរិច្ចាគ និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត។ ក្រុមប្រឹក្សាបរធនបាល ក៏បានគាំទ្របេសកកម្មរបស់ក្រុមការងារ ក្នុងការជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងសហគមន៍ខ្មែរនៅបរទេសបន្តទៀត ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីមូលនិធិគន្ធបុប្ផាកម្ពុជា និងបំផុសចលនាកៀរគរថវិកាបរិច្ចាគ ព្រមទាំងជំរុញឱ្យបន្តកិច្ចសហការជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ឱ្យបានកាន់តែសកម្ម និងទៀងទាត់ផងដែរ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ណែនាំឱ្យក្រុមការងារពាក់ព័ន្ធបន្តកិច្ចខិតខំបំពេញភារកិច្ចតាមមុខងាររៀងៗខ្លួន ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ព្រមទាំងសេវាសម្ភពនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


