Connect with us

សេដ្ឋកិច្ច

​រូបសំណាក អ្នកប្រាជ្ញខ្មែរសម័យអង្គរ និងលោក ជីវ តាក្វាន់ រំលេច​នៅព្រលានយន្តហោះសៀមរាប

បានផុស

នៅ

កម្ពុជាប្រារព្ធខួប២ឆ្នាំ នៃការបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នៅខេត្ត សៀម​រាប​​នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ ក្រោមវត្តមានលោក​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងការប្រារព្វខួប២ឆ្នាំនេះ ក៏មានពិធីសម្ពោធរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូប​សំណាក លោក «ជីវ តាក្វាន់» នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។

​ការប្រាព្ធខួប២ឆ្នាំនេះ គឺជាឱកាសដើម្បីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ជាទំនាក់ទំនងវប្បធម៌យ៉ាងទូលំទូលាយ រវាងប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ពីប្រវត្តិ នៃការផ្លាស់ប្តូរគ្នានូវទំនាក់ទំនងវប្បធម៌ និងការទូតជាង២០០០ឆ្នាំកន្លងមក។

ការតម្លើងរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ជាគំនិតផ្តួចផ្តើមរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយបានទទួល កិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន អង្គរ អ៊ិនធើណេ​សិនណល អ៊ែរផត អ៊ិនវេសមិន (ខេមបូឌា) ឯ.ក (AIAI) ដើម្បីអបអរសាទរគម្រប់​ខួប២ឆ្នាំ នៃការបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ការកំណត់ចម្លាក់ និងព័ត៌មានលម្អិតនានាអំពី «ព្រះរាជគ្រូទិវាករបណ្ឌិត» ត្រូវបានដកស្រង់ និងសម្រួលចេញពីសៀវភៅ “កវីបណ្ឌិតសម័យអង្គរ៖ ប្រវត្តិ និងស្នាដៃ” ដែលនឹងធ្វើការបោះពុម្ពផ្សាយនាពេលឆាប់ៗខាងមុខ ជារបកគំហើញស្រាវជ្រាវ និងដឹកនាំដោយមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

«ព្រះរាជគ្រូទិវាករបណ្ឌិត» ជាតួអង្គដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្រ្តនាសម័យអង្គរ មានចំណេះវិជ្ជាខ្ពង់ខ្ពស់ ដោយបានបម្រើព្រះមហាក្សត្ររហូតដល់ ៥ ព្រះអង្គ ហើយចុងក្រោយ គឺក្នុងរាជ្យព្រះបាទសូរ្យវរ័្មនទី២
(សូយ៌វម៌ទី២)។

នៅដើមសតវត្សទី១២ ក្នុងរាជ្យនោះ «ព្រះរាជគ្រូទិវាករបណ្ឌិត» បានផ្ដួចផ្ដើមគំនិតក្នុងការសាងសង់ ប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មឯកដ៏ស្កឹមស្កៃ និងល្បីល្បាញជុំវិញពិភពលោក។

ចំណែកលោក «ជីវ តាក្វាន់» ជាបេសកទូតចិន និងជាឥស្សរជនប្រវត្តិសាស្ត្រ ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងសម័យអង្គរ (ពីឆ្នាំ១២៩៦ – ឆ្នាំ១២៩៧)។

លោក «ជីវ តាក្វាន់» ជាជនបរទេសម្នាក់ដែលបានឃើញប្រាសាទអង្គរវត្តជាលើកដំបូង និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសរសេររៀបរាប់លម្អិតអំពីកំណត់ត្រា «ប្រពៃណីនៃអ្នកស្រុកចេនឡា» ជាឯកសារដ៏សំខាន់ ក្នុងការសិក្សាអំពីទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។​

រូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ជានិមិត្តរូបនៃស្ពានសាមគ្គីសហ ប្រតិបត្តិការសំខាន់មួយ សម្រាប់ការតភ្ជាប់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។ យើងក៏រំពឹងទុកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នឹងបន្តមានកំណើនជើងហោះហើរ អ្នកដំណើរ និងក្រុមហ៊ុនអាកាសចរណ៍ កើនឡើងជាលំដាប់នាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម