Connect with us

សន្តិសុខសង្គម

ចំណតរថយន្តក្រុងខេមរភូមិន្ទ រងការរិះគន់ថាមានសន្តិសុខស្ទាក់យកលុយតាមផ្លូវ

បានផុស

នៅ

ចំណតរថយន្តក្រុងខេមរភូមិន្ទ ក្នុងភូមិសាស្រ្តខេត្តកោះកុង ត្រូវបានរងការរិះគន់ពីសំណាក់ក្រុមអ្នកបើកបរថយន្តទំនិញធុនធ្ងន់ថា មានសន្តិសុខចេញស្ទាក់យកលុយតាមដងផ្លូវជាតិលេខ៤៨ ប៉ុន្តែត្រូវបានតំណាងចំណតរថយន្តអះអាងថា មិនមែនជាការពិតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការបង្ហោះតាមបណ្តាញសង្គមTik Tok នាពេលថ្មីៗនេះ អ្នកបើករថយន្តដឹកទំនិញ១គ្រឿងបង្ហោះថា គ្រប់រថយន្តដឹកទំនិញទាំងឡាយដែលឆ្លងកាត់ចំណតរថយន្តផ្លូវជាតិលេខ៤៨ ខេត្តកោះកុង សុទ្ធតែតម្រូវឱ្យបង់ថ្លៃភាស៊ី ដោយរថយន្ត១គ្រឿងថ្លៃ២ម៉ឺនរៀលឡើងទៅ។

អ្នកបើកបរថយន្តដដែលក៏បានដាក់ចម្ងល់ថា «ហេតុអ្វីបានជាសន្តិសុខចេញមកស្ទាក់រថយន្តឱ្យបង់លុយថ្លៃភាស៊ីតាមដងផ្លូវជាតិយ៉ាងដូច្នេះ សុំខ្លាចហើយគ្រាន់ឆ្លងកាត់បង់លុយ២ម៉ឺនរៀល។ ការងារស្អឺដាក់តែកញ្ចុះយកលុយមិនដឹងចំណតនៅណានោះទេ?»។

ទាក់ទិនបញ្ហានេះ លោក ចាន់ អម្រឹត តំណាងគ្រប់គ្រងចំណតរថយន្តក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ថា ការចោទប្រកាន់របស់អ្នកបើករថយន្តធុនធំម្នាក់បង្ហោះលើបណ្តាញសង្គម ជារឿងមិនមែនជាការពិតនោះទេ។ ពោលគឺក្រុមការងាររបស់លោក យកថ្លៃភាស៊ីពីក្រុមអ្នកបើកបរថយន្តទាំងនោះតាមការកំណត់នៃសៀវភៅបន្ទុកប៉ុណ្ណោះ។

តំណាងចំណតរថយន្តដដែល គូសបញ្ជាក់ថា ក្រុមអ្នកបើករថយន្តធុនធំទាំងអស់សុទ្ធតែដឹងពីកាតព្វកិច្ចបង់ភាស៊ីរាល់ការបើកបរឆ្លងកាត់ចំណតនីមួយៗ ប៉ុន្តែក្រុមបើកបរថយន្តទាំងនោះ បានកិបកេងលុយថៅកែដែលឱ្យបង់ភាស៊ី ទើបយកលេសបែបនេះបែបនោះ ដើម្បីបានចំណេញលុយបង់ភាស៊ីជាបន្តបន្ទាប់។

កន្លងទៅ ក្រុមអាជីវកម្ម និងរថយន្តទំនិញមួយចំនួនខិលខូល បានយកប៉ាយស្លាកអាជីវកម្មតាមរថយន្តមួយចំនួនមកសុំជជែកមិនឱ្យបង់ភាស៊ី ប៉ុន្តែត្រូវអ្នកគ្រប់គ្រងចំណតមិនយល់ព្រម ទើបបែរជាបង្ហោះតាមបណ្តាញសង្គមនានាថាខ្លួនជាជនរងគ្រោះ ដែលនាំឱ្យមហាជនមានការភ័ន្តច្រឡំម្តងហើយម្តងទៀត។ នេះជាមិនមែនរឿងលើកដំបូងនោះទេ ដែលមានក្រុមរថយន្តត្អូញត្អែរពីការបង់ភាស៊ីតាមដងផ្លូវជាតិលេខ៤៨ ហើយក៏មានការបកស្រាយទៅកាន់មហាជនជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម