Connect with us

ព័ត៌មានអន្ដរជាតិ

តំបន់ Donbas សំខាន់​យ៉ាង​ណា​ទើប​រុស្ស៊ីប្រឹង​ប្រយុទ្ធដើម្បីដណ្តើមយកអស់ពេលមួយទសវត្សរ៍?

បានផុស

នៅ

តាមសេចក្តីរាយការណ៍ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ជាថ្មីម្តងទៀតកំពុងព្យាយាម​ជំរុញ​ឲ្យ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់សម្ពាធអ៊ុយក្រែន​ឲ្យ​​យល់​ព្រម​ប្រគល់​​តំបន់ Donbas ទៅ​​​រុស្ស៊ី។ នេះបើយោងតាមកាសែត Financial Times។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយរបស់ពួកគេ លោកត្រាំ ត្រូវ​គេរាយការណ៍​ថាបានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ​ឲ្យ​ប្រគល់​តំបន់ Donetsk និង Luhansk ដោយបាន​លើក​ឡើង​ឡើង​​តាម​ហេតុផល​មួយរបស់វិមានក្រឹមឡាំង​ដែល​ថា តំបន់នេះគឺ«ភាគច្រើននិយាយភាសារុស្ស៊ី»។ សំណើនេះ​បានបញ្ជូនបន្តដោយ​លោក​ Steve Witkoff បេសកជនពិសេសរបស់លោក​ត្រាំ និងជាអន្តរការីជាមួយវិមានក្រឹមឡាំង។

តើ Donbas នៅឯណា?

Donbas ក្លាយមកពី​ពាក្យ​ពេញ​ថា Donets Coal Basin គឺជាតំបន់ឧស្សាហកម្មជាប្រវត្តិសាស្ត្ររបស់​អ៊ុយក្រែននៅភាគខាងកើតប្រទេស។ វាលាតសន្ធឹងលើ​តំបន់ Donetsk និង Luhansk ដែលជាតំបន់ដែលធ្លាប់ជាចំណុចកណ្តាលនៃឧស្សាហកម្មធ្យូងថ្ម ដែក និងគ្រឿងម៉ាស៊ីនរបស់អ៊ុយក្រែន។ មុនពេលការឈ្លានពានរបស់រុស្ស៊ីឆ្នាំ​២០១៤ Donbas បានបង្កើតជិត១៦%​នៃផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន និងផ្តល់ការងារដល់មនុស្សរាប់លាននាក់។

ហេតុអ្វីបានជារុស្ស៊ីចង់បាន?

ការឈ្លក់វង្វេងរបស់ពូទីនជាមួយ Donbas ហួសពីភាសា ឬវប្បធម៌។ តំបន់នេះ មានតម្លៃខាងយោធា និងយុទ្ធសាស្ត្រ​ដ៏ស៊ីជម្រៅ ដែលបង្កើតបានជាផ្នែកនៃ«ខ្សែក្រវាត់បន្ទាយ»របស់អ៊ុយក្រែន នៃទីក្រុងដែលមានកំពែង​ការពារ​ដ៏​រឹងមាំ ដូចជា Sloviansk, Kramatorsk និង Pokrovsk។ ការគ្រប់គ្រងពេញលេញនឹងផ្តល់​ឲ្យ​ទីក្រុងមូស្គូនូវច្រករបៀងដីឆ្លងកាត់ភាគខាងកើតអ៊ុយក្រែន និងពង្រឹងការកាន់កាប់របស់​រុស្ស៊ី​លើភាគខាងត្បូង។

សង្រ្គាមដែលបានចាប់ផ្តើមនៅ Donbas

សង្រ្គាមរបស់រុស្ស៊ីបានចាប់ផ្តើមនៅឆ្នាំ​២០១៤ ជាមួយនឹង​ការ​កាត់​បញ្ចូលឧបទ្វីបគ្រីមៀ និងការបង្កើតសាធារណរដ្ឋប្រូកស៊ី​ចំនួន​ពីរ​ដែលគ្រប់គ្រងដោយវិមានក្រឹមឡាំង​នៅ Donetsk និង Luhansk។ ទីក្រុងមូស្គូបានបដិសេធការជាប់ពាក់ព័ន្ធដោយផ្ទាល់ ដោយអះអាងថា «ពួកបំបែកខ្លួនក្នុងតំបន់»កំពុងប្រយុទ្ធជាមួយទីក្រុង​កៀវ ដែល​ជា​រឿង​ត្រូវបានច្រានចោលជាយូរមកហើយដោយចារកម្មលោកខាងលិច។

ចាប់តាំងពីពេលនោះមក តំបន់នេះត្រូវរង​​ការ​បំផ្លិចបំផ្លាញ។ មនុស្សជាង ៧ ៨០០​នាក់​ត្រូវបានសម្លាប់នៅ Donbas មុនឆ្នាំ​២០២២ ហើយ​មនុស្សរាប់លាននាក់បានភៀសខ្លួនចេញពីផ្ទះ​របស់ពួកគេ។ ទីក្រុងដូចជា Mariupol ក្រោយមកត្រូវបាន​បំផ្លិចបំផ្លាញកំឡុងពេលការលុកលុយពេញលេញរបស់រុស្ស៊ី។

ភាសាជាលេស

ទីក្រុងមូស្គូបានប្រើប្រាស់ភាសារុស្សីជាយូរមកហើយថាជាហេតុផលសម្រាប់ការឈ្លានពាន។ ប៉ុន្តែការស្ទង់មតិបង្ហាញផ្ទុយពីនេះ។ នៅក្នុងការស្ទង់មតិរបស់មជ្ឈមណ្ឌល Razumkov ឆ្នាំ​២០២៥ ប្រជាជនអ៊ុយក្រែនដែលនិយាយភាសារុស្សីចំនួន៨២% បាននិយាយថា ឥឡូវនេះពួកគេគិត​អវិជ្ជមាន​ចំពោះ​ប្រទេសរុស្ស៊ី ហើយ​​បដិសេធ​ចំពោះការលើកឡើង​របស់​ពូទីន ដែល​ថា​ចង់​«ការពារ»ពួកគេ។

យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ

ការទទួលបាន Donbas ពង្រីកព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន បង្កើតតំបន់ការពារដើម្បីកាត់បន្ថយឥទ្ធិពលនៃការពង្រីក​ខ្លួន​របស់​អ៊ុយក្រែនដែលគាំទ្រលោកខាងលិច ប្រជាធិបតេយ្យ និងអង្គការណាតូ។ មួយ​វិញ​ទៀត ការយក​បាន Donbas គឺជាជំហានដ៏សំខាន់មួយក្នុងការគ្រប់គ្រងផ្លូវនៅ​តាមបណ្តោយឆ្នេរសមុទ្រ Azov។ ការគ្រប់គ្រងកំពង់ផែសមុទ្រ Azov ជាពិសេសទីក្រុង Mariupol គឺមានសារៈសំខាន់សម្រាប់ឥទ្ធិពលពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ តំបន់នេះក៏មានទុនបំរុងឧស្ម័ន Shale ដ៏សំខាន់ផងដែរ ដែលអ៊ុយក្រែនគ្រោងនឹងអភិវឌ្ឍ ដែលនឹងប្រជែង​នឹង​ការត្រួតត្រាថាមពលរបស់រុស្ស៊ីនៅអឺរ៉ុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម