ព័ត៌មានជាតិ
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ដល់សិស្សផ្នែកអប់រំបច្ចេកទេសជាង ៣ ពាន់កន្លែង ចូលរៀនថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ប្រញាប់ដាក់ពាក្យស្នើសុំអាហារូបករណ៍ ដើម្បីទទួលបានឱកាសចូលរៀនថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខណៈឆ្នាំសិក្សា ២០២៥-២០២៦ នេះ ក្រសួងនឹងធ្វើការជ្រើសរើសបេក្ខជនចំនួន ៣០២៥ កន្លែង។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទើបទទួលបាននៅថ្ងៃទី ២៥ តុលា នេះ បានឱ្យដឹងថា ក្នុងចំណោមបេក្ខជនចំនួន ៣០២៥ កន្លែង ក្នុងនោះ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០១ កន្លែង និងបរិញ្ញាបត្ររង ចំនួន ២ ៥២៤ កន្លែង ឱ្យទទួលអាហារូបករណ៍ចូលរៀន ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រតាមកម្មវិធី Competency Based នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

បើតាមក្រសួងអប់រំចំពោះលក្ខខណ្ឌចុះឈ្មោះសុំអាហារូបករណ៍សិស្សផ្នែកអប់រំបច្ចេកទេសដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស អាចចុះឈ្មោះសុំអាហារូបករណ៍ចូលរៀនតាមមុខជំនាញរបស់ខ្លួននៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនកំណត់ឆ្នាំប្រឡងជាប់ឡើយ ហើយលក្ខខណ្ឌ នៃការជ្រើសរើសត្រូវកំណត់ដោយឡែកតាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។

រីឯលក្ខណវិនិច្ឆ័យ នៃការជ្រើសរើសសិស្សឱ្យចូលរៀន គឺជ្រើសរើសតាមនិទ្ទេសរួម និទ្ទេសតាមមុខវិជ្ជា និងនិទ្ទេសមុខជំនាញ ដែលពាក់ព័ន្ធ។

បេក្ខជនត្រូវមកទទួលពាក្យសុំអាហារូបករណ៍នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ដែលខ្លួនជ្រើសរើស ឬនៅវិទ្យាល័យចំណេះ ទូទៅ និងបច្ចេកទេសដែលខ្លួនសិក្សា ឬ នៅនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៅរាល់ម៉ោងធ្វើការ។

ចំណែកលទ្ធផល នៃការជ្រើសរើសដោយពិន្ទុ មានបិទផ្សាយនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នីមួយៗ ដែលខ្លួនបានជ្រើសរើស មន្ទីរអប់រំ យុវជន និងកីឡាសាមី និងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសាមី របស់បេក្ខជន។

គួរបញ្ជាក់ថា បេក្ខជន ០១ នាក់ មានសិទ្ធិស្នើសុំចុះឈ្មោះសុំអាហារូបករណ៍បាន ០១ ជំនាញ ហើយអាចជ្រើសរើស គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ តែមួយគត់ បេក្ខជនដែលសុំអាហារូបករណ៍នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ត្រូវទៅទទួលពាក្យ ដាក់ពាក្យ មើលឈ្មោះប្រឡង និងប្រគល់សលាកបត្ររបស់ខ្លួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺផ្ទាល់ ឬនៅការិយាល័យតំណាងក្នុងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ។ ចំពោះព័ត៌មានលម្អិតសូមទំនាក់ទំនងជាមួយ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដែលបេក្ខជនបានដាក់ពាក្យសុំអាហារូបករណ៍ ឬមកនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៅរាល់ម៉ោងធ្វើការតាមរយៈទូរសព្ទលេខ ០៩២ ៥៤៤ ៥៥៤ ឬ ០៩២ ៩៣៧ ៨០០ ឬ ០១២ ៦២១ ៥៤៣ ឬ ០១២ ២២០ ៥៣២៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


