Connect with us

សេដ្ឋកិច្ច

កសិករខេត្តបាត់ដំបង ថ្ងួចថ្ងូរពីតម្លៃស្រូវចុះថោកខ្លាំង

បានផុស

នៅ

ប្រជាកសិករ​នៅ​ខេត្ត​បាត់ដំបង មាន​ការ​រអ៊ូរទាំ​អំពី​តម្លៃ​ស្រូវ​ដែល​ឈ្មួញ​ទម្លាក់​តម្លៃ​យ៉ាង​ទាប​បំផុត ស្ទើរតែ​ទទួល​យក​មិន​បាន ព្រោះ​បើ​ប្រៀបធៀប​ទៅ​នឹង​ទិន្នផល បើ​ទោះ​បី​ជា​ពួកគាត់​ច្រូតកាត់​ប្រមូល​ផល ក្នុង​មួយ​ហិតា​បាន​ដល់ ៧ តោន​ក៏ដោយ ក៏​នៅតែ​មិន​អាច​ទប់ទល់​នឹង​ដើមទុន​ក្នុង​ការ​ផលិត​បាន​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពុន កក្កដា ជា​ប្រជាកសិករ​រស់នៅ​ឃុំ​ព្រៃតូច ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង បាន​លើក​ឡើង​ថា នៅ​ពេលនេះ គឺជា​ការ​ប្រមូល​ផល​ស្រូវ​វគ្គ​ទី ២ ហើយ​សម្រាប់​កសិករ​ទូទៅ តែ​ការ​ប្រមូល​ផល​លើក​នេះ កសិករ​អស់​ទឹកចិត្ត​ក្នុង​ការ​ដាំដុះ ដោយសារតែ​តម្លៃ​ពេល​ឈ្មួញ​ចុះ​មក​ទិញ គឺ ទាប​បំផុត ស្ទើរ​តែ​ទទួល​យក​មិនបាន ហើយ​តម្លៃ​នេះ កសិករ​ខាតដើម​គ្រប់គ្នា។

កសិករ​រូប​នេះ បាន​បន្ត​ថា សម្រាប់​តម្លៃ​ស្រូវ OM 62 គឺ លក់​បាន​ត្រឹមតែ​តម្លៃ ៦២ ម៉ឺន​រៀល ក្នុង​មួយ​តោន។ ដោយឡែក​សម្រាប់​ពូជស្រូវ​ស្រង៉ែ​ស្រាល គឺ​បាន​ត្រឹម​តែ ៦៥ ម៉ឺន​រៀល ក្នុង​មួយ​តោន ដែល​ក្នុង​តម្លៃ​ស្រូវ​វគ្គ​ទី ២ នេះ ប្រជាកសិករ​មាន​ការ​ខាតដើម​គ្រប់គ្នា ព្រោះ​ឈ្មួញ​ទម្លាក់​តម្លៃ​ខ្លាំង​ពេក បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងទៅ តម្លៃ​ស្រូវ​ទាំងពីរ​ប្រភេទ​នេះ គឺ​មាន​តម្លៃ​ជាង ៨០ ម៉ឺន​រៀល ក្នុង​មួយ​តោន ខុសគ្នា​ឆ្ងាយ​ណាស់​បើ​គិត​មក​ទល់​នឹង​ពេលនេះ។

ប្រជាកសិករ​ជាច្រើន ក៏បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម សូម​មេត្តា​ចុះ​ពិនិត្យ និង​ជួយ​ជំរុញ​ឲ្យ​ឈ្មួញ​ដំឡើងថ្លៃ​ឲ្យ​បាន​សមរម្យ​ដែល​កសិករ​អាច​ទទួល​យក​បាន ព្រោះ​ពេលនេះ​តម្លៃ​ស្រូវ​ធ្លាក់​ខ្លាំង​ពេក ធ្វើ​ឲ្យ​កសិករ​ម្នាក់ៗ ស្ទើរតែ​អស់​ទឹកចិត្ត​ក្នុង​ការ​ដាំ​ស្រូវ​ហើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម