Connect with us

សេដ្ឋកិច្ច

តម្លៃគោរស់ក្នុងស្រុកកើនឡើងជាងមុន ខណៈបិទព្រំដែនកម្ពុជា-ថៃ មួយរយៈ

បានផុស

នៅ

តម្លៃគោរស់ក្នុងស្រុកមានតម្លៃល្អប្រសើរជាងមុន ខណៈបិទព្រំដែនកម្ពុជា-ថៃ ជាង១ឆ្នាំ ដ្បិតកសិករ និងអ្នកចិញ្ចឹមគោក្នុងស្រុកទាំងអស់មានក្ដីសង្ឃឹមចំពោះមុខរបរមួយនេះឡើង​វិញ។

ការចិញ្ចឹមគោជារបរមួយដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ មិនថាតែការចិញ្ចឹមយកសាច់ ឬយកទឹកដោះនោះទេ។ តួយ៉ាងនៅតាមបណ្ដាខេត្ត និងស្រុកមួយចំនួនក្នុងប្រទេសកម្ពុជា បច្ចុប្បន្នក៏នៅឃើញមានកសិករ ពិសេសគឺកសិដ្ឋានធំៗនៅតែបន្តចាប់យករបរចិញ្ចឹមគោយកសាច់សម្រាប់ផ្គត់ផ្កង់មកកាន់ទីផ្សារវិញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ ជំនូន ជាសហស្ថាបនិក នៃកសិដ្ឋានចិញ្ចឹមគោសាច់ RPRU ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ប្រាប់ កម្ពុជាថ្មី ថា រយៈពេលបិទព្រំដែនមួយរយៈនេះ តម្លៃគោរស់ ឬគោសំបកក្នុងស្រុកគឺមានតម្លៃល្អជាងមុន។ លោកបន្តថា បច្ចុប្បន្នកសិដ្ឋានរបស់លោកទិញគោសំបកពីកសិករនៅក្នុងតម្លៃចាប់ពី ១ម៉ឺន ២ពាន់រៀល ទៅ ១ម៉ឺន ២ពាន់ ៥រយរៀល​ ក្នុង១គីឡូក្រាម។

លោក ឆាយ ជំនូន បានឱ្យដឹងទៀតថា ដ្បិតគោរស់ ឬគោសំបកមានតម្លៃល្អក៏ពិតមែន​ ប៉ុន្តែអ្វីដែលជាឧបសគ្គសម្រាប់កសិដ្ឋានលោកគឺការប្រមូលទិញគោពីកសិករដើម្បីយកមកបំប៉ន់សាច់ឡើងវិញផងដែរ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ប្រាប់ កម្ពុជាថ្មី ថា តាំងពីបិទព្រំដែនមក តម្លៃគោរស់ ឃើញថាមានតម្លៃប្រសើរជាងមុនពិតមែន។ លោកថា បច្ចុប្បន្នតម្លៃគោរស់គឺចាប់ពី ១ម៉ឺន ៣ពាន់រៀល ទៅ ១ម៉ឺន ៤ពាន់រៀល ក្នុង១គីឡូ ខណៈការមិនទាន់បិទព្រំដែន តម្លៃគោរស់ធ្លាក់មកនៅត្រឹម ៧ពាន់រៀល និង ៧ពាន់ជាង ប្រសិនបើធៀបនឹងបច្ចុប្បន្នឃើញថាតម្លៃ១គុណនឹង២។

ប្រធានសមាគមរូបនេះ បានឱ្យដឹងទៀតថា តម្លៃគោរស់មានភាពល្អប្រសើរជាងមុននាំកសិករ និងអ្នកចិញ្ចឹមគោក្នុងស្រុកទាំងអស់ សប្បាយរីករាយនឹងប្រកបរបរមួយនេះបន្តទៅទៀត។

អាជីវករលក់សាច់គោក្នុងផ្សារធំថ្មី រាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៤ កក្កដានេះដែរថា បច្ចុប្បន្នសាច់គោនៅលើទីផ្សារគឺមានតម្លៃចាប់ ៣ម៉ឺន ៨ពាន់រៀល​ ទៅដល់ ៤ម៉ឺនរៀល ក្នុង១គីឡូ ក៏អាស្រ័យតាមប្រភេទសាច់នីមួយៗផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម