Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកស្ទឹងសង្កែ លិចលង់លំនៅឋាន ផលដំណាំ និង ខូចខាតផ្លូវយ៉ាងធ្ងន់ធ្ងរ ជាច្រើនកន្លែង ក្នុងស្រុកឯកភ្នំ

បានផុស

នៅ

ផ្លូវក្រាលកៅស៊ូជាច្រើនកន្លែងនៅស្រុកឯកភ្នំ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ នៃស្ទឹងសង្កែ បានហូរច្រោះ ព្រមទាំងមានការលិចលង់ដល់ផលដំណាំ រួមទាំងលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមាណមួយសប្តាហ៍កន្លងទៅនេះ ទឹកស្ទឹងសង្កែ បានជន់ជោរយ៉ាងខ្លាំង ដោយហក់ឡើងរហូតដល់កម្ពស់ ១៣,៥០ ម៉ែត្រ ប្រកៀកទៅនឹងកម្ពស់ដែលត្រូវប្រកាសអាសន្ន គឺ ១៣,៧០ ម៉ែត្រ នេះក៏ដោយសារតែភូមិសាស្ត្រក្បាលស្ទឹងមានភ្លៀងធ្លាក់ឥតស្រាកស្រាន្ត ដូចជា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និង ភូមិសាស្ត្រស្រុកសំឡូតជាដើម ទើបធ្វើឲ្យប្រភពទឹកដែលធ្លាក់ពីអូរ ព្រែក នានា បានហូរចាក់ចូលទៅក្នុងស្ទឹងសង្កែ បណ្ដាលឲ្យទឹកស្ទឹងហក់ឡើងខ្លាំង និង តម្រូវឲ្យមន្ត្រី នៃមន្ទីរធនធានទឹក និង ឧតុនិយម ធ្វើការបើកទ្វារទឹកចំហរទម្លាក់ទៅក្នុងបឹងទន្លេសាបតែម្ដង។

នៅក្នុងកម្រិតកម្ពស់ទឹកបែបនេះ ធ្វើឲ្យកម្លាំងទឹកហៀរចេញពីស្ទឹងសង្កែ ចូលទៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋដែលជាតំបន់ទំនាបនៅប៉ែកខាងក្រោម ធ្វើឲ្យលិចផ្ទះ ចម្ការផលដំណាំនានា ដោយបានហូរកាត់ផ្លូវស្ទើរគ្រប់កន្លែង ហើយក៏បំផ្លាញផ្លូវជាច្រើនកន្លែង ដោយសារការច្រោះបាក់ដី រហូតមានកន្លែងខ្លះមិនអាចធ្វើចរាចរណ៍បានឡើយ។

លោក ប៊ី សុភាព អភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ បានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្ដែងកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ ម្សិលមិញនេះ គឺមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលរងផលប៉ះពាល់ និង ខូចខាតដោយសារទឹកជំនន់ស្ទឹងសង្កែ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ប៊ី សុភាព បានបន្តថា ភ្លាមៗ នោះ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និង មន្ត្រីរាជការ នៃរដ្ឋបាលស្រុក បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែ និង ហេដ្ឋារចនាសម្ព័ន្ធ ដែលប៉ះពាល់ និង ខូចខាត ដោយសារជំនន់ទឹកស្ទឹងសង្កែ ក្នុងភូមិសាស្ត្រឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយកំណាត់ផ្លូវលេខ ១៥៦ ចាប់ពីចំណុចស្ពានដូនទាវ ឆ្ពោះទៅភូមិព្រែកត្រប់បាន រងផលប៉ះពាល់ ចំនួន ៩ ទីតាំង ស្មើនឹង ១ ២០០ ម៉ែត្រ ក្នុងឃុំនោះខូចខាតដោយសារទឹកហូរច្រោះចំនួន ៣ ទីតាំង ស្មើនឹង ៤០ ម៉ែត្រ និង ខូចខាតដាច់ផ្លូវទាំងស្រុងចំនួន ១ ទីតាំង ស្មើនឹង ១០ ម៉ែត្រ (មិនអាចឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់បាន ដោយធ្វើដំណើរបានតែម៉ូតូ)។ ជំនន់ទឹកស្ទឹងសង្កែនេះដែរ បានបង្កឲ្យមានការលិចលង់ស្រូវចំនួន ៣ ៥៤៦ ហិតា ដំណាំរួមផ្សំចំនួន ៤៨ ហិតា លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៦២៩ ខ្នងផ្ទះ លិចសាលាចំនួន ៤ កន្លែង ដោយសាលាបឋមសិក្សា ៣ កន្លែង ត្រូវបានបិទជាបណ្ដោះអាសន្ន។

គិតត្រឹមម៉ោង ១១ និង ៣០ នាទីព្រឹកនេះ កម្ពស់ទឹកស្ទឹងសង្កែនៅទំនប់សាលាតាអន មានការថយចុះស្រកនៅកម្រិតកម្ពស់ ១២.៥០ ម៉ែត្រ ជាកម្ពស់ត្រៀមប្រកាសអាសន្នដដែល ដូច្នេះសូមប្រជាពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងសង្កែ មេត្តាបន្តបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសកុមារតូច។

លោកអភិបាលស្រុកឯកភ្នំ ក៏បានណែនាំដល់អាជ្ញាធរ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈកម្លាំង និង មធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្នកើតឡើងជាយថាហេតុ។ រដ្ឋបាលស្រុកឯកភ្នំ កំពុងតាមដាន និង ត្រៀមអន្តរាគមន៍គ្រប់ពេលវេលា៕
អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម