Connect with us

ព័ត៌មានជាតិ

ឱកាសបុណ្យអុំទូក៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទទូចដល់អ្នកបើកបរឱ្យគោរពច្បាប់

បានផុស

នៅ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក ដោយការប្រើប្រាស់ផ្លូវមានការប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ បានធ្វើឡើងមុនមួយថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤​​ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើទោះព្រះរាជពិធីនេះ មិនត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋអាចនឹងធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ តាមបណ្ដាខេត្តនានា។

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសឈប់សម្រាកខាងមុខ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់យកចិត្តទុកដាក់បង្កើនការចូលរួមបង្ការ និងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ គោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

សេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងពីកត្តាហាមឃាត់មួយចំនួនដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ គឺមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងមិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ រួមទាំងការមិនដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនោះ ក៏ជាការទទូចសុំពីគណៈកម្មាធិការជាតិនេះផងដែរ។

ជាការរំលឹកបន្ថែមនោះ គឺអ្នកធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ខណៈអ្នកបើកបរឡាន ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ហើយត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាចាំបាច់ មុនចេញដំណើរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម