ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ទទូចឱ្យធនាគារផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសឆបោក
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទូចដល់គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ខណៈដែលក្រសួងទទូលបានបណ្ដឹងច្រើនពាក់ព័ន្ធនឹងបទល្មើសនេះ។

បើតាមលោក ស សុខា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង ៨សែនដុល្លារអាមេរិក ហើយលោកអះអាងថា ប្រាក់នោះត្រូវបានផ្ទេរពីជនរងគ្រោះ ទៅគណនីធនាគាររបស់ជនល្មើស។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីរូបភាពនៃការបន្លំបោកប្រាស់ទាំងនោះ ដូចជា បន្លំខ្លួនធ្វើជាមន្ត្រីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយជនខិលខូចបានទំនាក់ទំនងទូរសព្ទទៅជនរងគ្រោះ ដោយបន្លំថា ទាក់ទងដើម្បីផ្ដល់រង្វាន់សំណាង ប៉ុន្តែបានតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ជាមុន។ ករណីខ្លះទៀត ជនខិលខូចបន្លំបោកប្រាស់ តាមរយៈការទិញលក់ទំនិញបញ្ចុះតម្លៃ ដោយតម្រូវឱ្យអតិថិជនជាជនរងគ្រោះផ្ញើប្រាក់ទៅខ្លួនជាមុន ប៉ុន្តែទីបំផុតបានទទួលប្រាក់ហើយក៏បិទផ្ដាច់ទំនាក់ទំនង ខណៈករណីខ្លះ ជនល្មើសបានបន្លំលួចចូលគណនីធនាគាររបស់ជនរងគ្រោះដើម្បីធ្វើសកម្មភាពដក ឬបង្វែរបញ្ជូនសាច់ប្រាក់ជាដើម។

ថ្លែងចេញពីវេទិកាសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ស សុខា គូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ផ្ដើមចេញពីក្រសួងមហាផ្ទៃទៅតែម្ដង ដែលលោកណែនាំឱ្យអង្គភាពជំនាញ រៀបចំក្រុមការងារសហការស្រាវជ្រាវបង្ក្រាបបទល្មើសបោកប្រាស់ដូចបានបញ្ជាក់ខាងលើនេះ។ តាមរយៈយន្តការនេះ លោកអះអាងថា មន្ត្រីជំនាញប្រចាំការ នឹងធ្វើការងារនេះ២៤ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីសហការជាមួយតំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងករណីទទួលបានបណ្ដឹងពីជនរងគ្រោះ ក្នុងនោះក៏រួមទាំងសហការស្នើសុំបង្កកប្រាក់ក្នុងគណនីជនល្មើសជាដើម។

ប្រមុខក្រសួងមហាផ្ទៃ ថ្លែងក្នុងន័យដើមថា៖ «បើមានរឿងអ្វី យើងអាចជជែកគ្នា និងធ្វើការជាមួយគ្នាបន្ទាន់។ ករណីខ្លះកើតមាននៅថ្ងៃសៅរ៍ ឬអាទិត្យ ដូច្នេះទម្រាំមន្ត្រីយើងចូលធ្វើការ សាច់ប្រាក់នោះត្រូវបានបង្វិល ឬដកប្រើប្រាស់រួចរាល់បាត់ទៅហើយ។ ដូច្នេះយើងត្រូវការដោះស្រាយភ្លាមៗ ហើយកងកម្លាំងជំនាញរបស់យើងត្រូវការតំណាងស្ថាប័នធនាគារសហការ ព្រោះដំណាក់កាលនេះឈានចូលដល់សមត្ថកិច្ចរបស់ស្ថាប័នសាមី ទាំងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»៕
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


