Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ថា ការផ្តល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយកើតចេញពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីតួនាទីដ៏សំខាន់របស់យន្តការច្រកចេញចូលតែមួយ ដែលបានកើតចេញពីកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅកន្លែងតែមួយតាមរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា យន្តការនេះមានគោលបំណងសំខាន់ក្នុងការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលឱ្យមកស្ថិតនៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការិយាធិបតេយ្យ និងភាពស្មុគស្មាញនានា ខណៈមកដល់បច្ចុប្បន្ននេះ ក៏បានបង្កើតមធ្យោបាយផ្ដល់សេវាតាមបច្ចេកវិទ្យាឌីជីថលថែមទៀត។

លោក សង្កត់ធ្ងន់ថា ការផ្តល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ គឺជារូបភាពជាក់ស្តែងមួយនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្ដល់សមត្ថកិច្ចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចេញលិខិតបញ្ជាក់ លិខិតអនុញ្ញាត អាជ្ញាបណ្ណ ឬបណ្ណអនុញ្ញាតផ្សេងៗជូនប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោក ស សុខា បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្រាប់ប្រកាសអន្តរក្រសួងទាំងពីរនេះ លោក ស សុខា ចាត់ទុកថា ជាលិខិតបទដ្ឋានគតិយុត្តដ៏រឹងមាំបន្ថែមមួយទៀត ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានភាពច្បាស់លាស់ មានគណនេយ្យភាព និងឆ្លើយតបចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះ រហូតសម្រេចបាននូវជោគជ័យ និងដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានបញ្ជីសេវាដែលមានលក្ខណៈសមស្រប ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ស្របតាមស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅជាក់ស្តែងនៅក្នុងមូលដ្ឋាន។

បើតាមរបាយការណ៍របស់លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ គឺទី១ការកំណត់ឱ្យបានច្បាស់លាស់ប្រភេទសេវារដ្ឋបាល ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីផ្តល់មូលដ្ឋានច្បាប់គ្រប់គ្រាន់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ទី២ គឺការរៀបចំបញ្ជីប្រភេទសេវារដ្ឋបាល និងកំណត់តម្លៃសេវាទាំងអស់ជាតម្លៃអតិបរមា ដែលជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដាក់ចេញនូវដីកាស្ដីពីការកំណត់តម្លៃសេវាជាក់ស្តែងសម្រាប់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយតម្លៃជាក់លាក់នោះ មិនត្រូវលើសពីតម្លៃអតិបរមាដែលបានកំណត់ឡើយ។ ទី៣ គឺដើម្បីបែងចែក និងគ្រប់គ្រងចំណូល ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលឱ្យមានភាពច្បាស់លាស់ ស្របតាមច្បាប់ពាក់ព័ន្ធ និងទី៤ គឺការពង្រឹង និងលើកកម្ពស់ភាពជាម្ចាស់ ព្រមទាំងសមត្ថភាពរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដោយធានាឱ្យសេវាទាំងអស់មានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម