Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តគ្រប់តួអង្គពាក់ព័ន្ធបន្តសហការអនុវត្តជាប្រចាំដើម្បីធានាឱ្យមូលដ្ឋានគ្មានបទល្មើស

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ផាន់ ចាន់ធុល បានលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចនិងរដ្ឋបាលខេត្តក្រុងស្រុកឃុំសង្កាត់ទាំងអស់បន្តសហការអនុវត្តបានជាប្រចាំ និងដូចភ្លៀងរលឹមដើម្បីធានាឱ្យមូលដ្ឋានគ្រប់ថ្នាក់ឈានទៅគ្មានបទល្មើស និងបន្តធានាបង្ក្រាបបទល្មើសឱ្យបាន​លើស​ពី៨០% ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាន់ ចាន់ធុល មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជេីញជាអធបិតីភាពកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តក៏បានរាយការណ៍សង្ខេបពីកិច្ចការងារដែលសម្រេចបាននាពេលកន្លងមក និងបន្តប្តេជ្ញាខិតខំយកចិត្តទុកដាក់ដឹកនាំអនុវត្តច្បាប់អនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងមហាផ្ទៃក៏ដូចជាបទបញ្ជានានាដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាការប្រយុទ្ធប្រឆាំងគ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទជំរុញអនុវត្តយ៉ាងសកម្មនូវវិធានការទាំង៥ពាក់ព័ន្ធនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

លោក ផាន់ ចាន់ធុល បានគាំទ្រចំពោះការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលមានស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការណែនាំរបស់ក្រសួងមហាផ្ទៃដោយបានផ្តោតលើកិច្ចការអប់រំផ្សព្វផ្សាយ ការរៀបចំវេទិកាសាធារណៈ ការកសាងចលនាប្រជាការពារការពង្រឹងប៉ុស្តិនគរបាលរដ្ឋបាលនិងការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវលក្ខណៈសម្បត្តិទាំង៧ដើម្បីឈានទៅទទួលបានជ័យលាភីក្នុងចលនាប្រឡងប្រណាំអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព» នាពេលខាងមុខ។

លោកបន្តថា ដើម្បីឱ្យទិសដៅការងារបន្តមានលក្ខណៈត្រឹមត្រូវច្បាស់លាស់ គឺត្រូវធ្វើយ៉ាងណាឱ្យឆ្លើយតបទៅនឹងផែនការណែនាំយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរបស់ក្រសួងមហាផ្ទៃ ច្បាប់ស្តីពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងព្រឹត្តិការណ៍ថ្មីៗ ដែលពាក់ព័ន្ធដល់ការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រជាក់ស្តែងរបស់ខេត្តផងដែរ៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម