Connect with us

ព័ត៌មានជាតិ

អ្នកជំនាញឯកសារប្រវត្តិសាស្ត្រថា សេចក្ដីថ្លែងការណ៍រឿងព្រំដែនខ្មែរ- ថៃរបស់វីទិត មុនតាប៊ន គ្មានបានការ មិនចម្រុងចម្រើនដល់សន្តិភាព

បានផុស

នៅ

ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) លោក ឆាំង យុ វាយតម្លៃថា សេចក្តីថ្លែងការណ៍របស់អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន សញ្ជាតិថៃ ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ  ជាសេចក្តីថ្លែងការណ៍ដែលមិនបាននិយាយអ្វីដែលមានខ្លឹមសារសំខាន់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាំង យុ វាយតម្លៃបែបនេះ គឺបន្ទាប់ពីអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា វីទិត មុនតាប៊ន  ទើបបានធ្វើសេចក្ដីថ្លែងការណ៍​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​សន្ដិភាព​កម្ពុជា​ថៃ​ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ កាលណោះ លោក វីទិត​មុន តាប៊ន សរសេរក្នុងសេចក្ដីថ្លែងការណ៍ថា  ​ការ​អនុវត្តន៍​មនុស្ស​ធម៌​គឺ​ជា​កត្តា​ចាំ​បាច់​ ​ដែល​ត្រូវ​កាត់​បន្ថយ​នូវ​ភាព​តាន​តឹង​ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​ស្របតាម​ច្បាប់​អន្តជាតិ និងថាជនស៊ីវិល​ដែល​រងផលប៉ះពាល់​ដោយ​ស្ថានការណ៍​នៅ​ព្រំដែន​គួរ​តែ​ត្រូវ​បាន​ជួយ​តាម​ស្ដង់​ដារ​សិទ្ធិ​មនុស្ស។

លោក ឆាំង យុ ពិនិត្យឃើញថា សេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សរបៀបនេះ ជា៖«សេចក្តីថ្លែងការណ៍គ្រាន់តែរៀបរាប់ឡើងវិញនូវគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ និងរបៀបដែលអង្គការសហប្រជាជាតិចង់ឱ្យប្រទេសនានាធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវសន្តិភាព។ សេចក្តីថ្លែងការណ៍នេះ គឺគ្មានអត្ថន័យអ្វីដើម្បីជំរុញឱ្យមានភាពរីកចម្រើនទៅដល់សន្តិភាពនោះទេ។ »។

ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា មើលឃើញថា ពាក្យពេចន៍ ប្រើប្រាស់នៅក្នុងសេចក្តីថ្លែងការណ៍មានប្រយោជន៍ ប៉ុន្តែរឿងរ៉ាវក្នុងជីវិតពិតអំពីសេចក្តីស្លាប់ និងទុក្ខលំបាកវេទនារបស់ប្រជាជនស្លូតត្រង់ ដែលពួកគាត់ស្តាប់ទៅហាក់ដូចជាគ្មានន័យខ្លឹមសារ ឥតបានការ ប្រសិនបើគ្មានការធ្វើសកម្មភាពណាមួយជាក់លាក់ពិតប្រាកដ។

ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំបានផ្ទុះឡើងតាមបណ្ដោយព្រំដែន នៅចុងខែកក្កដា ឆ្នាំ២០២៥ ដោយភាគីយោធាថៃជាអ្នកបើកការបាញ់ប្រហារមកលើកម្ពុជា បង្ខំឱ្យភាគីកម្ពុជា ប្រើប្រាស់សិទ្ធិការពារខ្លួនទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្រោយពីឆ្លងកាត់ការប្រយុទ្ធជាច្រើនថ្ងៃ ភាគីទាំងពីរបានឈានដល់ការឯកភាពលើកិច្ចព្រមព្រៀងឈប់បាញ់ ក្រោមការសម្របសម្រួលពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានអាស៊ាន។ ត្បិតបទឈប់បាញ់ចូលជាធរមាននៅវេលាម៉ោង០០ ថ្ងៃទី២៨ ខែកក្កដា ក៏ពិតមែន ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក គឺនៅម៉ោង០៧៖៥០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា យោធាថៃបានចូលមកព័ទ្ធចាប់យោធិនកម្ពុជាយកទៅឃុំខ្លួនដោយខុសច្បាប់ និងជាបន្តបន្ទាប់មកថៃ បំពានបទឈប់បាញ់ បើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាជាបន្តបន្ទាប់តែកម្ពុជាមិនតបត។ ថៃបានរាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋខ្មែរ បំពានសិទ្ធិ បើកការបាញ់ប្រហារ និងបាញ់សម្លាប់ពលរដ្ឋខ្មែរ។

ក្នុងពេលកើតមានបញ្ហានេះ អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន ដែលមានសញ្ជាតិថៃ​​​​ បានបិទភ្នែកបិទមាត់ជាច្រើនខែ មិនបានធ្វើសេចក្ដីថ្លែងការណ៍ ឬការអន្តរាគមន៍ រាយការណ៍ពីស្ថានភាពដែលពលរដ្ឋខ្មែររងការរំលោភសិទ្ធិពីសំណាក់យោធាថៃទៅកាន់វេទិកាអន្តរជាតិឡើយ។  

 ក្រោយពីយោធាកម្ពុជា ត្រូវថៃចាប់ឃុំខ្លួនដោយខុសច្បាប់ជាង១១០ថ្ងៃ សម្តេចតេជោ  ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសួរទៅលោក វិទិត មុនតាប៊ន ថានៅទីណា ម្តេចក៏មិននិយាយអ្វីសោះជុំវិញបញ្ហាថៃរំលោភសិទ្ធិ និងច្បាប់អន្តរជាតិបែបនេះ។

បន្ទាប់មកនៅថ្ងៃទី ១៩ ខែវិច្ឆិកា ទូត​ខ្មែរ​ប្រចាំ​អង្គការ​សហប្រជាជាតិនៅ​ទីក្រុង​ហ្សឺណែវ ​រាយការណ៍ប្រាប់ឧត្តម​ស្នង​ការសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោក Volker Türk ថា ​ ​ ​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អសកម្ម​ក្នុង​ការ​ឆ្លើយ​តប​ពី​ការ​បំពាន​តាម​ព្រំដែន​ដោយ​ថៃ​នេះ។ លោក​ក៏​ព្រមាន​ថា​កម្ពុជា​នឹង​ចាត់​វិធាន​ការ​សម​ស្រប​ផង​ដែរ​ចំពោះ​ភាព​អសកម្ម​នេះ។

លោក​ថា៖ «អាណត្តិរបស់អ្នករាយការណ៍ពិសេស​មិនមែនគ្របដណ្តប់ត្រឹមតែ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបំពានសិទ្ធិដែលកើតចេញពី ឬជាប់​ទាក់ទង​នឹង​ជម្លោះ​ប្រដាប់អាវុធដែលកំពុងបន្តផងដែរ»។

គួរឱ្យដឹង​ផងដែរ​ថា​លោក វិទីត មុនតាប៊ន គឺ​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ការងារ​ពី​លោក​ស្រី Rhona Smith ​នៅ​ឆ្នាំ​២០២១។ លោក​កើត​នៅ​ខែ​វិច្ឆិកា ឆ្នាំ១៩៥២ គឺ​ជា​ជនជាតិថៃ ដែល​ទទួល​ការ​អប់រំ​នៅ​ចក្រភព​អង់គ្លេស​ ជា​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ក្នុង​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែ​ច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម