Connect with us

ចរាចរណ៍

នគរបាលខណ្ឌច្បារអំពៅ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនពិន័យជាប្រាក់ឡើយ

បានផុស

នៅ

កម្លាំង​នគរបាល​ផែន​ការងារ​ចរាចរណ៍ នៅ​ទូទាំង​រាជធានី​ភ្នំពេញ បាន​និង​កំពុង​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ តាមរយៈ​ការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អ្នកបើកបរ​ល្មើស​ច្បាប់ ដោយ​មិន​មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ រឿន សុជីវី អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ ទទួល​ផែន​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​មាន​បទបញ្ជា​ពី លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ពី លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​ការ​ចង្អុល​បង្ហាញ​ពី​លោក​វរសេនីយ៍ឯក ម៉ៅ សឿត អធិការ​នគរបាល​ខណ្ឌ កម្លាំង​ជំនាញ​បាន​ចាប់ផ្ដើម​អនុវត្ត​ការ​ចុះ​រឹត​បន្តឹង​ច្បាប់ តាមរយៈ​ការ​ផ្សព្វផ្សាយ​អប់រំ តាំងពី​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៥ មក​ម្ល៉េះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បើកបរ​ល្មើស បញ្ឈប់​សកម្មភាព​ល្មើស និង​វិល​មក​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​ការពារ​ទ្រព្យសម្បត្តិ អាយុជីវិត​ខ្លួនឯង ក៏ដូចជា​អាយុជីវិត​អ្នកដទៃ​ផង​ដែរ។

លោក រីន រស្មី ជា​ប្រជាពលរដ្ឋ រីករាយ​ចំពោះ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​តាមរយៈ​ការ​អប់រំ និង​យល់​ឃើញ​ថា ទោះ​មិន​មាន​ការ​ផាក​ពិន័យ​ក៏​ពិត​មែន ប៉ុន្តែ​នេះ​ជា​ការ​ដាស់តឿន​មួយ​ដល់​ស្មារតី​អ្នក​បើកបរ​ល្មើសច្បាប់​ទាំងឡាយ ឲ្យ​ចូលរួម​ជាមួយ​ការ​គោរព​ច្បាប់ ជាជាង​ការ​ខឹងសម្បា​ទៅ​លើ​កម្លាំង​សមត្ថកិច្ច ពេល​ចាប់ផ្ដើម​អនុវត្ត​ច្បាប់ ដោយ​ការ​ផាក​ពិន័យ​ឡើងវិញ។ ការ​គោរព​ច្បាប់​ចរាចរណ៍ គឺ​ជួយ​ជីវិត​ខ្លួនឯង ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​ការ​កកស្ទះ​ផង​ដែរ។

គួរ​បញ្ជាក់​ថា កម្លាំង​នគរបាល​ទូទាំង​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​តាមរយៈ​ការ​អប់រំ​ដោយ​មិន​ផាក​ពិន័យ ធ្វើឡើង​បន្ទាប់ពី លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ចេញ​បទ​បញ្ជា​ឲ្យ​ចុះ​អនុវត្ត​ឡើងវិញ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ និង​ឆក់​យក​អាយុជីវិត​មនុស្ស​ជា​ប្រចាំ​ថ្ងៃ ពិសេស​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​តែម្ដង៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម