Connect with us

កីឡា

ថ្នាក់​ដឹក​នាំ Esports សរសើរ​ក្រុម​កីឡាករ កីឡារិនី​​កម្ពុជា​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​

បានផុស

នៅ

ក្រុម​កីឡាករ និង​ក្រុម​កីឡាការិនី​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា បាន​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​សម្រាប់​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក IESF World Esports Championship លើ​ប្រភេទ​កីឡា Mobile Legend Bang Bang ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៨ ខែ​ធ្នូ ឆ្នាំ២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី។

លោក លន់ សាមឌី និង​ក្រុម​កីឡាការិនី​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នារី​កម្ពុជា​បាន​លេខ​២ ក្នុង​ការ​ប្រកួត​ជម្រុះ​តំបន់​អាស៊ាន បន្ទាប់​ពីបាន​ឈ្នះ​ឡាវ ព្រុយណេ និង ទីម័រ​ខាង​កើត​ ប៉ុន្តែ​បាន​ចាញ់ ម៉ាឡេស៊ី​ ដើម្បី​ទទួល​បាន​កៅអី​ឡើង​ជុំ​ចុង​ក្រោយ។ នៅ​ជុំ​ចុង​ក្រោយ ក្រុម​នារី​កម្ពុជា​ទទួល​បាន​លេខ​១​ក្នុង​ពូល C តាម​រយៈ​ជ័យជម្នះ​លើ​ក្រុម​ ម៉ុងហ្គោលី និង​កូឡុំប៉ី។

នៅវគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រុម​នារី​កម្ពុជា បាន​ចាញ់​ឥណ្ឌូណេស៊ី ០-២ ហើយ​ធ្លាក់​ទៅ​វគ្គ Lower Bracket ដែលវគ្គ​នេះ បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ២-០ ដើម្បី​ឡើង​ទៅ​វគ្គ ៣ ក្រុម​ចុង​ក្រោយ។ នៅ​វគ្គ ៣ ក្រុម​ចុងក្រោយ ក្រុម​នារី​កម្ពុជា បាន​ឈ្នះ អេហ្ស៊ីប ២-០ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ជួបឥណ្ឌូណេស៊ី ជា​ថ្មី។ វគ្គ​ដណ្តើម​មេដាយ​មាស កម្ពុជា បាន​ចាញ់ ឥណ្ឌូណេស៊ី ០-៣ ដើម្បី​ទទួល​បាន​មេដាយ​ប្រាក់។

ក្រុម​កីឡាករ

ចំណែក​ក្រុម​បុរស​កម្ពុជាធ្វើ​បាន​ល្អ​បំផុត​ជា​លើកដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ដោយ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ទទួល​បាន​មេដាយ​ប្រាក់​ពិភព​លោក។ ឆ្លង​កាត់ ៦ ប្រកួត​ ក្រុម​បុរស​កម្ពុជា ឈ្នះ ៥ និង​ចាញ់ ១ ក្នុងនោះ​បាន​​ឈ្នះ នេប៉ាល់ បេឡារុស្ស និង ដូមីនិក នៅវគ្គ​ក្នុង​ពូល។ ពួក​គេ​បាន​ឈ្នះ កាហ្សាស្ថាន នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ និង​បន្ត​ឈ្នះ តួកគី នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​បាន​ចាញ់​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី នៅ​វគ្គ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ទទួល​បាន​មេដាយ​ប្រាក់​ពិភ​ព​លោក​ជា​លើក​ដំបូង។

តាម​រយៈ​លទ្ធផល​ល្អ​ប្រសើរ​ទាំង​បុរស និង​នារី​នេះ ត្រូវ​បាន​លោក លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា កោត​សរសើរ​ពី​ភាព​រីក​ចម្រើន​​ច្រើន បើ​ប្រៀប​ធៀប​នឹង​​ការ​ប្រកួត​មុន​ៗ។

ក្រុម​កីឡាការិនី

លោក​បាន​និយាយ​ថា នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​កីឡា​អេឡិចត្រូនិក​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ ក្រុម​នារី​កម្ពុជា ថ្វី​បើ​​ធ្លាប់​ទទួល​បាន​មេដាយ​ប្រាក់​ពិភព​លោក​កាល​ពី​ឆ្នាំ ២០២៤ ហើយ​ឆ្នាំ២០២៥ ទទួល​បាន​ទៀត ប៉ុន្តែ​បើ​មើល​ពី​ស្ថិតិ និង​ថិរវេលា​ប្រកួត​របស់​ពួក​គាត់​ល្អ​ប្រសើរ​ជាង​មុន។ ក្រុម​ប្រទេស​ផ្សេង​ៗ​ឲ្យ​តែ​ជួប​ក្រុម​នារី​កម្ពុជា​គឺ​ចាត់​ទុក​ជា​ដៃ​គូ​ដ៏​លំបាក។

លោក​បាន​បន្ត​ថា ចំពោះ​ក្រុម​បុរស​កម្ពុជា​វិញ​គឺ​ធ្វើ​បាន​ល្អ​បំផុត​មិន​ធ្លាប់​មាន​ដោយ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង។ សមត្ថភាព ស្មារតី និង​បទ​ពិសោធ​របស់​ពួក​គាត់​កាន់​តែ​ល្អ​ប្រសើរ។ តាម​រយៈ​លទ្ធផល​ទាំង​នេះ​គឺ​ក្រុម​បុរស​កម្ពុជា​ក៏​កាន់​តែ​ល្អ​ប្រសើរ​លើ​ឆាក​អន្តរជាតិ៕

លោក លន់ សាមឌី ជា​មួយក្រុម​កីឡាករ និង​ក្រុម​កីឡាការិនី

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម