Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ៖ មន្ត្រីសុខាភិបាលជួរមុខ ត្រូវបំពេញភារកិច្ចដោយភាពក្លាហាន ក្នុងកាលៈទេសៈទប់ទល់នឹងការឈ្លានពានពីប្រទេសថៃ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ណែនាំ​ដល់​មន្ត្រី​បុគ្គលិក​សុខាភិបាល​ជួរមុខ ​ត្រូវ​បំពេញ​ភារកិច្ច​ក្នុង​ភាព​ក្លាហាន ដើម្បី​សង្គ្រោះ​ព្យាបាល​ដោយ​ការ​គោរព​ស្រឡាញ់​ចំពោះ​កងទ័ព​ដែល​មាន​ជំងឺ ឬ​ រង​របួស​ដោយ​ការ​ប្ដូរផ្ដាច់​បំផុត នៅ​ក្នុង​កាលៈទេសៈ​ទប់ទល់​នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​វគ្គ ភាព​អ្នកដឹកនាំ និង​នវានុវត្តន៍​ នៅ​ទីស្តីការក្រសួង ​កាលពី​រសៀល​ថ្ងៃទី ២៣ ​ធ្នូ លោក​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​កោតសរសើរ​ដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ​ទាំងអស់​ ដែល​បាន​បន្ត​បម្រើ​សេវា​ជូន​ប្រជាជន និង​កងទ័ព ដោយ​ទឹកចិត្ត​មោះមុត មិន​រាថយ​ចំពោះ​ឧបសគ្គ និង​ការ​គំរាមកំហែង ដោយ​ហិង្សា ​ពី​សំណាក់​សត្រូវ​ឈ្លានពាន។ ចំណែក​ថ្នាក់ដឹកនាំ​គ្រប់​ឋានានុក្រម សូម​ផ្តល់​ជូន​បុគ្គលិក​សុខាភិបាល នៅ​ជួរមុខ​ទាំងអស់​ នូវ​ស្មារតី​គាំទ្រ និង​បន្ត​ស្ថិត​នៅជាប់​ជាមួយ​បុគ្គលិក​សុខាភិបាល​ទាំងអស់​នៅក្នុង​ពេលវេលា​ដ៏​លំបាក​នេះ។

លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា វិស័យ​សុខាភិបាល បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ នៃ​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​កងទ័ព​ដែល​មាន​ជំងឺ ឬ ​រង​របួស ដោយមាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​មាន​ភាព​ម៉ឺងម៉ាត់​ពោរពេញ​ដោយ​ទឹកចិត្ត​ស្រឡាញ់ ក្នុង​ការ​បំពេញ​ការងារ​នៅ​តាម​តំបន់​ព្រំដែន។

លោក​រដ្ឋមន្ត្រី​ ក៏បាន​សង្កត់​ធ្ងន់​ថា លទ្ធផល​ដែល​វិស័យ​សុខាភិបាល​អាច​សម្រេច​បាន​មក​ត្រឹម​ពេលនេះ មិនមែន​កើតឡើង​ដោយ​បុគ្គល​ណា​ម្នាក់​ទេ គឺ​បាន​មកពី​ការ​ចូលរួម​របស់​មន្ត្រី​សុខាភិបាល​ទាំងអស់​នៅ​ទូទាំង​ប្រទេស ហើយ​មន្ត្រី​សុខាភិបាល​ទាំងអស់ ត្រូវ​ចូលរួម​រក្សា​ភាព​វិជ្ជមាន​នេះ​ឱ្យ​មាន​និរន្តរភាព។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ទៀតថា ​ភាពជា​អ្នកដឹកនាំ​ ត្រូវ​ចេះ​ជំនាញ​បច្ចេកទេស​គ្រប់មុខ​ទាំងអស់ និង​ចេះ​ធ្វើ​ការងារ​បច្ចេកទេស​លម្អិត។ ចំណុច​នេះ ​ជំរុញ​ឱ្យ​អ្នកដឹកនាំ​ចំណាយ​ពេល​សាកសួរ និង​ស្តាប់​យោបល់​របស់​អ្នកបច្ចេកទេស និង​ធ្វើការ​សំយោគ​គំនិត​ទាំងនោះ មក​ប្រើប្រាស់​សម្រាប់​ធ្វើការ​សម្រេចចិត្ត ដើម្បី​ភាព​រីកចម្រើន​របស់​អង្គភាព​ និង​អ្នកដឹកនាំ ​សូមកុំ​ជឿ​ថា ​អ្នកដឹកនាំ​ធ្វើ​អ្វី​សុទ្ធតែ​ត្រូវ ឬ​ អាច​ធ្វើ​អ្វី​បាន​ជោគជ័យ​តែម្នាក់ឯង។ ដូច្នេះ​ អ្នកដឹកនាំ ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន និង​ត្រូវ​យកចិត្តទុកដាក់ និង​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ក្រុមការងារ ដែល​នៅ​ជុំវិញ ព្រោះ​ក្រុមការងារ​ដែល​នៅ​ជុំវិញ​ថ្នាក់ដឹកនាំ​នេះ​ហើយ ជា​កត្តា​ជួយ​អ្នក​ដឹកនាំ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ធំៗ របស់​អង្គភាព ឬ ស្ថាប័ន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម