ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនបោករុស្ស៊ីយកប្រាក់រង្វាន់៥០ម៉ឺនដុល្លារ ដោយក្លែងការស្លាប់របស់មេបញ្ជាការម្នាក់
ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន (GUR) បានប្រកាសថា ខ្លួនបានរៀបចំឈុតឆាកធ្វើពុតជាមេបញ្ជាការប្រឆាំងវិមានក្រឹមឡាំងដ៏លេចធ្លោម្នាក់បានស្លាប់ ដើម្បីបង្ក្រាបផែនការធ្វើឃាតរបស់រុស្ស៊ី និងបញ្ឆោតយកប្រាក់រង្វាន់ចំនួន ៥០០ ០០០ដុល្លារ។

យោងតាមការចុះផ្សាយរបស់ Kyiv Post កាលពីថ្ងៃទី២ខែមករាឆ្នាំ២០២៦ លោក Denis Kapustin មេដឹកនាំកងពលស្ម័គ្រចិត្តរុស្ស៊ី (RVC) បានបង្ហាញខ្លួននៅក្នុងវីដេអូជាមួយប្រធាន GUR លោក Kyrylo Budanov ដែលបាននិយាយលេងសើចអំពី «ការរស់ឡើងវិញ» របស់មេបញ្ជាការរូបនេះ។ RVC គឺជាក្រុមកងជីវពលរុស្ស៊ីដែលប្រឆាំងនឹងវិមានក្រឹមឡាំង និងគាំទ្រអ៊ុយក្រែន ដែលមានទំនាក់ទំនងជាមួយកងពលអន្តរជាតិក្រោមការគ្រប់គ្រងរបស់ GUR។
យោងតាម GUR ប្រតិបត្តិការរយៈពេលមួយខែនេះត្រូវបានរៀបចំឡើងដើម្បីការពារលោក Kapustin និងដើម្បីវែកមុខបណ្តាញចារកម្មរបស់រុស្ស៊ី។ កាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ ក្រុម RVC បានរាយការណ៍ជាផ្លូវការថា លោក Kapustin ត្រូវបានសម្លាប់ក្នុងសមរភូមិដោយការវាយប្រហារពីដ្រូនរបស់រុស្ស៊ី នៅក្នុងតំបន់ Zaporizhzhia។ ដើម្បីធ្វើឲ្យការបោកបញ្ឆោតនេះកាន់តែគួរឲ្យជឿជាក់ ភ្នាក់ងារសម្ងាត់អ៊ុយក្រែនបានបញ្ចេញវីដេអូក្លែងក្លាយដែលបង្ហាញពីដ្រូនវាយប្រហារលើរថយន្តខ្នាតតូចមួយ ដែលគេសន្មតថាមានលោក Kapustin នៅក្នុងនោះ រួមជាមួយរូបភាពរថយន្តដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
មន្ត្រី GUR បានអះអាងថា ភ្នាក់ងារសម្ងាត់រុស្ស៊ីបានជឿលើភស្តុតាងទាំងនេះ ហើយបានបើកប្រាក់រង្វាន់តាម «កិច្ចសន្យា» ចំនួនកន្លះលានដុល្លារ ឲ្យទៅបុគ្គលដែលតាមពិតគឺជាភ្នាក់ងារបង្កប់របស់អ៊ុយក្រែន។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា ប្រាក់ដែលបញ្ឆោតបានមកនេះ នឹងត្រូវប្រើប្រាស់ដើម្បីពង្រឹងសមត្ថភាពដ្រូន និងប្រតិបត្តិការកងកម្លាំងពិសេសរបស់អ៊ុយក្រែន។
លោក Kapustin ដែលជាគោលដៅសំខាន់របស់ទីក្រុងមូស្គូ ដោយសារតួនាទីរបស់លោកក្នុងការដឹកនាំការឆ្មក់ចូលតាមព្រំដែនក្នុងតំបន់ Belgorod និង Kursk របស់រុស្ស៊ី បានបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការឡើងវិញ។ រហូតមកដល់ពេលនេះ អាជ្ញាធររុស្ស៊ីមិនទាន់មានការឆ្លើយតបណាមួយចំពោះការអះអាងរបស់អ៊ុយក្រែននេះនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


