Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះដ្រូន និងកងទ័ពរ៉ូបូត៖ បដិវត្តន៍សង្គ្រាមថ្មីរបស់អ៊ុយក្រែនក្នុងឆ្នាំ២០២៦

បានផុស

នៅ

ឈានចូលដល់ឆ្នាំទីបួននៃសង្គ្រាមទ្រង់ទ្រាយធំ អ៊ុយក្រែនបានផ្លាស់ប្តូរមុខមាត់ពីកងទ័ពបែបប្រពៃណី មកជាកងទ័ពរ៉ូបូតឈានមុខគេ​មួយ​លើពិភពលោក ដោយបានបង្កើតអង្គភាព «កងកម្លាំងប្រព័ន្ធគ្មានមនុស្សបើក» ជាលើកដំបូងបង្អស់។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​​ដើមឆ្នាំ​២០២៦ សមត្ថភាពផលិតដ្រូនរបស់អ៊ុយក្រែនបានហក់ឡើងដល់ ៣​លានគ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះដ្រូនសម្រាប់ស្ទាក់ចាប់សត្រូវត្រូវបានផលិតឡើងរហូតដល់ ១ ៥០០គ្រឿងក្នុងមួយថ្ងៃៗ ដើម្បីបង្កើតជា «ជញ្ជាំងដ្រូន» ការពារទីក្រុងពីការវាយប្រហារតាមអាកាស។ នេះ​បើ​តាម​​ទិន្នន័យ​​​ចេញ​ផ្សាយ​ក្នុង​សារព័ត៌មាន​ United24 Media។

សមរភូមិបច្ចុប្បន្នបានក្លាយជាកន្លែងពិសោធន៍បញ្ញាសិប្បនិម្មិត (AI) ដ៏ធំបំផុត ដែលប្រព័ន្ធថ្មីៗដូចជា «Styx» អនុញ្ញាត​ឲ្យ​អ្នកបញ្ជាម្នាក់អាចគ្រប់គ្រងហ្វូងដ្រូនរាប់សិបគ្រឿង​ឲ្យ​ហោះហើរ និងវាយប្រហារគោលដៅដោយស្វ័យប្រវត្តិ ទោះបីជាមានការបង្ខូចសញ្ញាវិទ្យុយ៉ាងណាក៏ដោយ។ នៅលើដីវិញ រ៉ូបូតគ្មានមនុស្សបើកបានដើរតួយ៉ាងសំខាន់ដោយទទួលបន្ទុកលើការដឹកជញ្ជូនស្បៀង និងសម្ភារៈសឹកដល់ទៅ ៩០% នៅក្នុងតំបន់ដែលមានគ្រោះថ្នាក់បំផុត ដូចជា នៅ​តំបន់ Pokrovsk។ យោង​តាម Atlantic Council ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយបានកើតឡើងកាលពីចុងឆ្នាំមុន នៅពេលដែលរ៉ូបូត​លើដីបំពាក់កាំភ្លើងយន្តមួយគ្រឿង ហៅ​ថា Droid TW 12.7 អាចការពារទីតាំងសមរភូមិ​​បានយ៉ាងរឹងមាំអស់រយៈពេល ៤៥ថ្ងៃដោយមិនចាំបាច់មានវត្តមានកងទ័ពមនុស្សសូម្បីតែម្នាក់។

ក្រៅពីសមរភូមិជួរមុខ អ៊ុយក្រែនក៏បានពង្រីកវិសាលភាពវាយប្រហាររបស់ខ្លួនតាមរយៈដ្រូនចម្ងាយឆ្ងាយ «Liutyi» ដែលអាចហោះហើរកម្ទេចគោលដៅយុទ្ធសាស្ត្រក្នុងចម្ងាយជាង ១​ ០០០​គីឡូម៉ែត្រ រួមទាំងការវាយប្រហារលើស្ថានីយប្រេងក្នុងសមុទ្រកាសព្យែនផងដែរ។ ទោះបីជាមេដឹកនាំយោធាយល់ឃើញថា បច្ចេកវិទ្យាមិនទាន់អាចជំនួសកងទ័ពថ្មើរជើងទាំងស្រុងក្នុងការកាន់កាប់ទឹកដីក៏ដោយ ប៉ុន្តែការបង្កើនសមត្ថភាពផលិតគ្រឿងបន្លាស់ដោយខ្លួនឯង រាប់​ចាប់ពីស្លាបចក្ររហូតដល់ម៉ាស៊ីនទំនើបៗ បានធ្វើឲ្យអ៊ុយក្រែនក្លាយជាមហាអំណាចផ្តាច់មុខ​មួយ​ក្នុងវិស័យបច្ចេកវិទ្យាសង្គ្រាមគ្មានមនុស្សបើកក្នុងឆ្នាំ២០២៦នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម