ព័ត៌មានអន្ដរជាតិ
បើលោក គីម ជុងអ៊ុន រងគ្រោះថ្នាក់ គ្រាប់បែកនុយក្លេអ៊ែរ នឹងត្រូវបាញ់ចេញភ្លាមៗ
ក្រោយពីបានឃើញព្រឹត្តិការណ៍ដ៏រន្ធត់នៅប្រទេសអ៊ីរ៉ង់ ដែលមេដឹកនាំកំពូលៗជាច្រើនរូប ត្រូវបានធ្វើឃាតក្នុងពេលតែមួយ ដោយការវាយប្រហារតាមអាកាសពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមក លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ហាក់ដូចជាកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការភ័យខ្លាចនេះ បានរុញច្រានឲ្យកូរ៉េខាងជើង សម្រេចចិត្តធ្វើការកែប្រែច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនជាបន្ទាន់ ដើម្បីការពារអំណាច និងសងសឹកទៅកាន់សត្រូវវិញ ទោះបីជាមេដឹកនាំរបស់ពួកគេលែងមានជីវិតក៏ដោយ។

យោងតាមការរាយការណ៍ពីចារកម្មកូរ៉េខាងត្បូង ដែលត្រូវបានចុះផ្សាយដោយ Telegraph កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ច្បាប់ថ្មីរបស់ក្រុងព្យុងយ៉ាង បានចែងយ៉ាងច្បាស់ថា បើប្រព័ន្ធបញ្ជានុយក្លេអ៊ែររបស់ជាតិ ស្ថិតក្នុងគ្រោះថ្នាក់ ឬបើលោក គីម ជុងអ៊ុន ត្រូវបានសត្រូវធ្វើឃាត ឬមិនអាចបញ្ជាការបាននោះ កងទ័ពកូរ៉េខាងជើង ត្រូវតែបាញ់គ្រាប់បែកនុយក្លេអ៊ែរតបតវិញជាបន្ទាន់ ដោយស្វ័យប្រវត្តិ។ នេះមានន័យថា ទោះបីជាសត្រូវអាចកម្ចាត់លោក គីម បានក៏ដោយ ក៏ពួកគេមិនអាចគេចផុតពីការបំផ្លិចបំផ្លាញ ដោយអាវុធនុយក្លេអ៊ែរ ដែលនឹងធ្លាក់ចុះមកដូចមេឃរលំបានដែរ។
អ្នកជំនាញម្នាក់មកពីសាកលវិទ្យាល័យក្នុងទីក្រុងសេអ៊ូល បានលើកឡើងថា ការកែច្បាប់នេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា កូរ៉េខាងជើងកំពុងភ័យខ្លាចបច្ចេកវិទ្យារបស់អាមេរិក ដែលអាចប្រើផ្កាយរណបតាមដាន និងកម្ចាត់មេដឹកនាំកំពូលៗបានយ៉ាងងាយស្រួល ដូចអ្វីដែលបានកើតឡើងនៅអ៊ីរ៉ង់។ លោក គីម ជុងអ៊ុន ដែលជាមនុស្សម្នាក់ស្រឡាញ់សុវត្ថិភាពខ្លាំង តែងតែធ្វើដំណើរតាមរថភ្លើងពាសដែក និងមានអង្គរក្សការពារយ៉ាងតឹងរ៉ឹងបំផុត ក៏ព្រោះតែលោកដឹងថា ការបាត់បង់រូបលោក គឺជាការបញ្ចប់នៃរបបដឹកនាំទាំងមូល។
យ៉ាងណាមិញ ការព្យាយាមធ្វើឃាតលោក គីម ជុងអ៊ុន មិនមែនជារឿងងាយស្រួល ដូចនៅប្រទេសដទៃនោះទេ។ កូរ៉េខាងជើង គឺជាប្រទេស ដែលបិទជិតបំផុតក្នុងលោក ដែលគ្មាននរណាអាចលួចចូលទៅស៊ើបការណ៍បានឡើយ សូម្បីតែការប្រើបច្ចេកវិទ្យាហែគ (Hack) កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ក៏មិនអាចធ្វើទៅបានដែរ ព្រោះនៅទីនោះមិនសូវមានកាមេរ៉ា ហើយប្រព័ន្ធអ៊ីនធឺណិត ក៏ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត។
ក្រៅពីការប្រកាសអាសន្នរឿងនុយក្លេអ៊ែរ កូរ៉េខាងជើង ក៏បានបង្កើនការគំរាមកំហែងដល់ប្រទេសជិតខាងខ្លួនផងដែរ។ លោក គីម ជុងអ៊ុន បានទៅពិនិត្យមើលរោងចក្រផលិតអាវុធដោយផ្ទាល់ និងបានបញ្ជាឲ្យត្រៀមដាក់ពង្រាយកាំភ្លើងធំប្រភេទថ្មីនៅតាមព្រំដែនជាប់កូរ៉េខាងត្បូង។ កាំភ្លើងធំនេះ មានសមត្ថភាពបាញ់បានឆ្ងាយរហូតដល់ទៅជាង ៦០គីឡូម៉ែត្រ ដែលមានន័យថា ទីក្រុងសេអ៊ូលទាំងមូល និងតំបន់ឧស្សាហកម្មសំខាន់ៗរបស់កូរ៉េខាងត្បូង នឹងស្ថិតក្នុងគោលដៅបាញ់ប្រហាររបស់ពួកគេយ៉ាងងាយស្រួល។ មកដល់ពេលនេះ បងប្អូនកូរ៉េទាំងពីរ នៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយ ព្រោះពួកគេមិនដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមជាផ្លូវការតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មកម្ល៉េះ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


