ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងជាអ្នកជិតខាងល្អ គឺជាមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយូរអង្វែង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា រណសិរ្សទាំងពីរ នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើរួមគ្នា ដើម្បីរួមចំណែកធ្វើឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែរឹងមាំ តាមរយៈការជំរុញការផ្សព្វផ្សាយឲ្យប្រជាជន នៃប្រទេសទាំងពីរ បានយល់ជ្រួតជ្រាបអំពីទំនាក់ទំនងជាអ្នកជិតខាងល្អ គឺជាមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយូរអង្វែង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ បួយ ធីមិញហ័យ (Bùi Thị Minh Hoài) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម កាលពីរសៀលថ្ងៃចន្ទ ៨ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦។

លោកជំទាវ បួយ ធីមិញហ័យ (Bùi Thị Minh Hoài) បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ថា បានជួបមិត្តចាស់ មិត្តជិតស្និទ្ធ និងជាមិត្តល្អ ដែលតែងតែដើរតួនាទីព្រូនជ្រំ នៃទំនាក់ទំនងកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរ។ បានជម្រាបជូនអំពីដំណើរការ និងលទ្ធផល នៃមហាសន្និបាតមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លើកទី ១៤ ដែលជាក្ដីសង្ឃឹមថ្មីសម្រាប់ប្រជាជនវៀតណាម។

លោកជំទាវ ក៏បានសម្ដែងនូវការអបអរសាទរចំពោះការអភិវឌ្ឍ និងសមិទ្ធផលនានា ដែលកម្ពុជាជាបងប្អូនសម្រេចបានក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ជាប្រធាន និងសម្ដេចធិបតី ជានាយករដ្ឋមន្ត្រី ដោយចាត់ទុកជោគជ័យរបស់កម្ពុជា ក៏ដូចជាជោគជ័យរបស់វៀតណាមដែរ។

ចំពោះទំនាក់ទំនង នៃប្រទេសទាំងពីរ លោកជំទាវ បានវាយតម្លៃខ្ពស់ថា កំពុងតែត្រូវពង្រឹងពង្រីកស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់កិច្ចសហការលើវិស័យសំខាន់ៗ រួមមាន ការពារជាតិ សន្តិសុខ វិនិយោគ ថាមពល បច្ចេកវិទ្យា ទេសចរណ៍ សុខាភិបាល និងអប់រំបណ្ដុះបណ្ដាល។ ដោយឡែក បណ្ដាអង្គភាព និងខេត្តជាប់ព្រំដែន ក៏កំពុងតែពង្រឹងពង្រីកនូវភាពជិតស្និទ្ធ និងទំនាក់ទំនងល្អពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងកាន់តែស៊ីជម្រៅ និងរឹងមាំរវាងប្រទេសទាំងពីរនេះ ត្រូវបាន លោកជំទាវ មើលឃើញថា ពិតជាមិនអាចកាត់ផ្ដាច់បានពីតួនាទីដ៏សកម្ម និងរស់រវើករបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឡើយ។
លោកជំទាវក៏បានគោរពអញ្ជើញ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា សំដៅលើកកម្ពស់តួនាទីរបស់រណសិរ្ស នៃប្រទេសទាំងពីរ ក្នុងការរួមចំណែកធ្វើឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែរឹងមាំ និងយល់ជ្រួតជ្រាបដល់ស្រទាប់យុវជនជំនាន់ក្រោយ ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការរវាងរណសិរ្សប្រទេសទាំងពីរ សម្រាប់ឆ្នាំ ២០២៦-២០៣១។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះការចំណាយពេលដ៏មានតម្លៃជួបគណៈប្រតិភូ និងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងមនោសញ្ចេតនាល្អជាបងប្អូន។ សម្តេច ក៏បានសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលដែលមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៤ សម្រេចបាន និងចំពោះលោកជំទាវ បួយ ធីមិញហ័យ (Bùi Thị Minh Hoài) ដែលត្រូវបានបោះឆ្នោតជ្រើសតាំងបន្តជាសមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការណ៍នេះ ត្រូវបាន សម្ដេចកិត្តិសង្គហបណ្ឌិត យល់ថា រណសិរ្សទាំងពីរ នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើរួមគ្នា ដើម្បីរួមចំណែកធ្វើឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែរឹងមាំ តាមរយៈការជំរុញការផ្សព្វផ្សាយឲ្យប្រជាជន នៃប្រទេសទាំងពីរ បានយល់ជ្រួតជ្រាបអំពីទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ពិសេសយុវជនជំនាន់ក្រោយ។
ភាគីទាំងពីរ បានឯកភាព និងបន្តធ្វើការរួមគ្នា ឲ្យកាន់តែសកម្ម ដើម្បីបង្កើតផែនការអនុវត្តជាក់ស្ដែង៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


