Connect with us

កីឡា

Patrick ជាខ្សែប្រយុទ្ធស្លាបឆ្វេងល្អបំផុតរបស់ ព្រះខ័នរាជស្វាយរៀង ដោយគិត ៥ រដូវកាលចុងក្រោយ

បានផុស

នៅ

កីឡាករសញ្ជាតិ ប្រេស៊ីល Patrick Robson មានកំណត់ត្រាប្រចាំរដូវកាល ជាប់ជាខ្សែប្រយុទ្ធស្លាបឆ្វេងល្អបំផុតរបស់ក្រុម ព្រះខ័នរាជស្វាយរៀង ដោយគិតក្នុងរយៈពេល ៥ រដូវកាលក្រោយ។

កីឡាករ Patrick Robson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ ដោយរាប់ពីឆ្នាំ ២០២១ មក ព្រះខ័នរាជស្វាយរៀង ត្រូវបានគេកត់សម្គាល់ហាក់មានភាពជោគជ័យខ្លាំង បន្ទាប់ពីពួកគេបានរៀបចំក្រុមយ៉ាងល្អ ទាំងសមាសភាពគ្រូបង្វឹក កីឡាករខ្មែរ និងបរទេស។

បើនិយាយអំពីខ្សែប្រយុទ្ធបរទេសស្លាបឆ្វេង គឺ ព្រះខ័នរាជស្វាយរៀង បានប្រើប្រាស់កីឡាករបរទេសអស់ ៤ នាក់ហើយ នៅក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ រួមមាន Emmanuel Mbarga, Víctor Blasco, Gabriel Silva និង Patrick។

យ៉ាងណាមិញ ប្រសិនបើគិតអំពីស្ថិតិតាមរដូវកាលនីមួយៗ គឺ Patrick បានជាប់ឈ្មោះជាកីឡាករល្អជាងគេបំផុត ក្នុងតួនាទីជាខ្សែប្រយុទ្ធស្លាបឆ្វេង បន្ទាប់ពីរូបគេបង្ហាញខ្លួនបានចំនួន ៣៦ ប្រកួតនៅរដូវកាល ២០២៥-២០២៦ នេះ រកបាន ២១ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assists) បានចំនួន ១៦ លើក។

កីឡាករ Patrick Robson

រូបគេបានជួយឱ្យ ព្រះខ័នរាជស្វាយរៀង ឈ្នះពាន ២ រួចហើយរួមមានពាន Cambodian Super Cup និងពានលីគកំពូល កម្ពុជា Cambodian Premier League។ ជាមួយគ្នានេះ កីឡាករវ័យ ២៧ ឆ្នាំ កំពុងបន្តបេសកកម្មក្នុងការជួយ ព្រះខ័នរាជស្វាយរៀង ប្រជែងពាន ២ ទៀត រួមមានពានសម្តេចតេជោ និងពាន AFC Challenge League។

ក្រឡេកទៅមើលខ្សែប្រយុទ្ធស្លាបឆ្វេងកាលពីឆ្នាំ ២០២១ គឺ ព្រះខ័នរាជស្វាយរៀង បានប្រើប្រាស់កីឡាករសញ្ជាតិ កាមេរូន Emmanuel Mbarga។ កីឡាករលេងបាន ៧ ប្រកួត ក្នុងនោះរកបាន ៤ គ្រាប់ និង ៣ បញ្ជូន (assists)។ ចំណែកឆ្នាំ ២០២២ រូបគេលេងបានកន្លះរដូវកាល មុនពេលផ្លាស់ទៅ វិសាខា ដោយលេងបាន ៧ ប្រកួត រកបាន ២ គ្រាប់ និង ៨ បញ្ជូន (assists)។

កីឡាករ Emmanuel Mbarga

នៅឆ្នាំ ២០២២ នោះដដែល ព្រះខ័នរាជស្វាយរៀង បាននាំយក Víctor Blasco មកជំនួស Emmanuel កន្លះរដូវកាល។ កីឡាករសញ្ជាតិ អេស្ប៉ាញ រូបនេះ លេងបាន ១៩ ប្រកួត ក្នុងនោះរកបាន ២ គ្រាប់ និង ៩ បញ្ជូន (assists)។ បន្ទាប់ពីបញ្ចប់រដូវកាល រូបគេក៏បានផ្លាស់ទៅចូលរួមជាមួយក្លិប CF Cubelles។

កីឡាករ Víctor Blasco

ឈានចូលរដូវកាល ២០២៣-២០២៤ ក្លិបបានចុះកិច្ចសន្យាយកបានខ្សែប្រយុទ្ធស្លាបឆ្វេង Gabriel Silva។ កីឡាករសញ្ជាតិ ប្រេស៊ីល រូបនេះ លេងបាន ២ រដូវកាល ដោយរដូវកាល ២០២៣-២០២៤ បង្ហាញខ្លួនបានចំនួន ២៦ ប្រកួត រកបាន ៧ គ្រាប់ និង ៤ បញ្ជូន (assists)។ ចំណែកនៅរដូវកាល ២០២៤-២០២៥ វិញ លេងបាន ៤០ ប្រកួត រកបាន ១២ គ្រាប់ និង ៩ បញ្ជូន (assists)។

កីឡាករ Gabriel Silva

ផ្អែកតាមស្ថិតិខាងលើ បានបង្ហាញ ថា Patrick មានគុណផលជាខ្សែប្រយុទ្ធស្លាបឆ្វេងដ៏អស្ចារ្យសម្រាប់ក្រុម ព្រះខ័នរាជស្វាយរៀង ដោយធៀបជាមួយកីឡាករបរទេសផ្សេងក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ។ យ៉ាងណា បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៧ ឆ្នាំរូបនេះ លេងនៅក្លិបជើងឯកលីគកំពូល កម្ពុជា បាន ១ រដូវកាល ស្រាប់តែមានព័ត៌មានលេចឮពីខាង ឥណ្ឌូណេស៊ី ថា រូបគេនឹងចាកចេញទៅចូលរួមជាមួយក្រុម Persib Bandung នៅរដូវកាលក្រោយ ២០២៦-២០២៧៕

កីឡាករ Patrick Robson

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម