Connect with us

កីឡា

ជា​រៀង​រាល់​ឆ្នាំ ស្ត្រីចូលរួមច្រើន​​​ជាងបុរស ក្នុងទិវារត់ប្រណាំង ៨ មីនា

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹងរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ នៅថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៦។ នេះនឹងក្លាយជាការរៀបចំលើកទី ៥ បន្ទាប់ពីរៀបចំដំបូងនៅឆ្នាំ ២០២០។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងការរៀបចំកន្លងមក ស្ត្រីមានចំនួនចូលរួមផុសផុលជាងបុរស។ នេះបើតាមប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនៅ NOCC ថ្ងៃ សុក្រ ទី ៣០ ខែ មករា ឆ្នាំ ២០២៦ លោក វ៉ាត់ ចំរើន បានលើកឡើង ថា ការរៀបចំ «ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ» នេះឡើង គឺដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងជំរុញស្ត្រីឱ្យចូលរួមក្នុងវិស័យកីឡា។ ការរៀបចំ ៤ លើកកន្លងមក ដោយគិតទាំងលើក​ទី​៥ នេះទៀត គឺស្ត្រីមានកំណើនចូលរួមច្រើនជាងបុរស ពោលគឺរហូតដល់ទៅ ៦០%។

លោក វ៉ាត់ ចំរើន បានមានប្រសាន៍ ថា ៖«យើងវាយតម្លៃ ៥ ឆ្នាំមកហើយ ហើយយើងឃើញថាការចូលរួមរបស់ស្ត្រីក្នុងទិវារត់ប្រណាំងនៅថ្ងៃទី ៨ មីនា នេះមានការកើនឡើងជារៀងរាល់ឆ្នាំ។ មកដល់ឥឡូវនេះ យើងអាចចាត់ទុក ថា យើងជោគជ័យចំពោះការចូលរួមពីស្ត្រី។ ស្ត្រីចូលរួមច្រើនជាងបុរសក្នុងទិវារត់ប្រណាំងនៅថ្ងៃទី ៨ មីនា នេះរហូតដល់ទៅ ៦០%»។

លោក វ៉ាត់ ចំរើន បានឱ្យដឹងដែរ ថា មកដល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមចំនួន ៣,០០០ នាក់ហើយ ខណៈតាមការរំពឹងទុកនឹងមានអ្នកចូលរួមច្រើនលើសឆ្នាំមុនៗរហូតដល់ទៅ ៤,០០០ នាក់។

ជា​មួយ​គ្នា​នេះ លោក​ សែម ផល្លា នាយក​​គណៈកម្មការ​​​​រៀបចំ​រត់​ប្រណាំង​​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទិវា​រត់​ប្រណាំង​ដើម្បី​អបអរសាទរ​ទិវា​ ៨​មីនា ​មាន​២​វិញ្ញាសា​គឺ​ចម្ងាយ​១០​គីឡូម៉ែត្រ និង​ចម្ងាយ​៤​គីឡូម៉ែត្រ​ដែល​ផ្តោត​សំខាន់​លើ​ស្ត្រី​គ្រប់​វ័យ​អាច​ចូល​រួម​​រត់​បាន។ ការ​ចូល​រួម​នេះ​បាន​ទាំង​បុរស និង​ស្ត្រី ទាំង​អាជីព និង​មិន​អាជីព​ជា​​​លក្ខណៈ​ក្រុម​ហ៊ុន ក្រុម​គ្រួសារ និង​​មិត្តភក្តិ។

លោក​បាន​បញ្ជាក់​បន្ថែម ថា គណៈកម្មការ​រៀបចំ​ការប្រកួត គឺយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះអ្នកចូលរួម ដោយ​នឹងទទួល​ខុស​ត្រូវ​លើ​បច្ចេកទេស ​សុវត្ថិភាព​ចរាចរណ៍ រៀបចំ​​​ទី​កន្លែង​សង្គ្រោះ​បឋម​ និង​​ទី​តាំង​ដាក់​ទឹក​តាម​ដង​ខ្លួន​រត់​សម្រាប់​អ្នក​រត់​អាច​ទទួល​បាន។

សម្រាប់​វិញ្ញាសា​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ​នឹង​ចាប់​ផ្តើម​ចេញ​ដំណើរ​​វេលា​ម៉ោង​ ៥:៣០​នាទី​ព្រឹក​ និង​ចម្ងាយ​ ៤​គីឡូម៉ែត្រ​ចាប់​ផ្តើម​ចេញ​ដំណើរ​​វេលា​ម៉ោង ​៥:៤៥​នាទី​ព្រឹក។ វិញ្ញាសាទាំងពី​នឹងចាប់ផ្តើមពីឧទ្យាន​មុខ​វត្ត​បទុម​វត្តី ​ដើម្បី​ឆ្ពោះ​​មក​ទី​តាំង​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម