ព័ត៌មានជាតិ
ច្រាំងទន្លេកំពង់ចាម បាក់ស្រុតយ៉ាងគំហុក ក្រោយទឹកស្រកទៅវិញ
ដីច្រាំងទន្លេ និងសួនច្បារក្រាលការ៉ូឡាជាច្រើនម៉ែត្រ នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបានបាក់ស្រុតចូលក្នុងទឹកទន្លេបង្កការខូចខាត ក្រោយពីទឹកទន្លេបានស្រកចុះទៅវិញ។ តាមរដ្ឋបាលខេត្តកំពង់ចាម គិតត្រឹមម៉ោង ១២យប់ថ្ងៃទី៣០ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ ច្រាំងទន្លេកំពង់ចាម បានបន្តបាក់ស្រុត ប្រវែងប្រមាណ១០០ម៉ែត្រ ទទឹងប្រមាណ១០ម៉ែត្រ។

បើតាមរដ្ឋបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី៣០ ខែមករា បានឲ្យដឹងថា ទឹកទន្លេមេគង្គខេត្តកំពង់ចាមឆ្នាំនេះ បានហក់ឡើងលឿន និងស្រកចុះទៅវិញក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការប្រេះស្រុតយ៉ាងដំណំ។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃដដែលបានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងដាក់ចេញនូវវិធានការបន្ទាន់ ក្នុងការស្តារ និងបញ្ជៀសហានិភ័យ។ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរសង្កាត់ ក្រុង ឲ្យរៀបចំដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលប្រេះស្រុត ដើម្បីជៀសវាងអ្នកធ្វើដំណើរដើរធ្លាក់នៅពេលយប់។

លោកអភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រៀបចំក្រុមការងារចុះសិក្សាស្ថានភាពជាក់ស្តែង ចំពោះករណីនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលកន្លែងប្រេះស្រុតនេះឡើងវិញ ហើយក៏ជាការការពារ កុំឲ្យបាក់ច្រាំងទន្លេកាន់តែខ្លាំង និងមានហានិភ័យកាន់តែខ្ពស់។ បើតាមរដ្ឋបាលខេត្តកំពង់ចាម សួនច្បារនេះ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១២ ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម៕
អត្ថបទ៖ សុខុម








-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


