Connect with us

ព័ត៌មានជាតិ

គិតត្រឹមខែមករា ឆ្នាំ២០២៦ គម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះសម្រេចបាន ៦៨%

បានផុស

នៅ

កាលពីរសៀលថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ លោក វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃដំណើរការអនុវត្តការសាងសង់អនុគម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ ក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានគម្រោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមខែមករា ឆ្នាំ២០២៦ គម្រោងខាងលើនេះ សម្រេចបានប្រមាណជា ៦៨% នៅក្នុងអនុគម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ មានសំណង់មួយចំនួន ដូចជា សំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយ ផ្លូវបេតុង លូបេតុងប្រអប់មេ ប្រឡាយទឹក និងដាក់អំពូលភ្លើងបំភ្លឺ។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃគម្រោងនោះដែរ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា សមិទ្ធផលទាំងនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អនាម័យសុខភាព សោភ័ណ្ឌភាព បរិស្ថាន និងជីវភាពប្រជាពលរដ្ឋក្នុងក្រុងក្រចេះ។

ម្យ៉ាងវិញទៀត គឺដើម្បីរំដោះទឹកភ្លៀងពីក្រុង ការពារការជន់លិចក្នុងរដូវវស្សា និងជួយបញ្ជៀសការលិចលង់ក្នុងក្រុង ក៏ដូចជា ជួយជម្រុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូល ក្នុងការស្រូបយកអ្នកវិនិយោគិនឱ្យមកវិនិយោគទុនក្នុងខេត្តផងដែរ។

អនុប្រធានមន្ទីរសាធារណការ និង​ដឹកជញ្ជូនខេត្ត លោក ជួប ផល្លីន បានបញ្ជាក់ថា អនុគម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះទាំងមូល សាងសង់លើផ្ទៃដីទំហំ ១៦.៧ម៉ែត្រ គុណ ៣០ម៉ែត្រ សម្រេចបាន ៦៨%។ ក្នុងនោះ សំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយ៍ ទំហំ ១៣.៤ម៉ែត្រ គុណ ១៨.៥ម៉ែត្រ បំពាក់ម៉ាស៊ីនបូមទឹកចំនួន ០៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០,៣៨០ម៉ែត្រគូបក្នុងមួយម៉ោង។ ចាក់ផ្លូវបេតុងចូលស្ថានីយប្រវែង ១១០ម៉ែត្រ ទទឹង ៧.៥ម៉ែត្រ, សាងសង់នូវបណ្តាញលូបេតុងប្រអប់មេប្រវែង ១,១២៣ម៉ែត្រ, សាងសង់បណ្តាញលូប្រមូលទឹកតភ្ជាប់ជាមួយបណ្តាញលូចាស់ ប្រវែង ៤៩៦ម៉ែត្រ និងសាងសង់ប្រឡាយទឹករៀបថ្ម ទំហំទទឹងបាតប្រឡាយ ១.៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ប្រវែង ២២០ម៉ែត្រ, សាងសង់ផ្លូវបេតុងប្រវែង១៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់អំពូលភ្លើងបំភ្លឺផ្លូវ ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាជនក្នុងក្រុង៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម