Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យឯងជនថៃទាមទារឱ្យរដ្ឋាភិបាលថ្មី ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបន្ទាន់

បានផុស

នៅ

វិស័យឯកជនថៃទាមទារឱ្យរដ្ឋាភិបាលថ្មី ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបន្ទាន់ ដើម្បីកុំឱ្យវាធ្លាក់ចូលហានិភ័យកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ខណៈលទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ (៨ កុម្ភៈ) បង្ហាញថា គណបក្សរបស់លោកនាយករដ្ឋមន្រ្តីចាំផ្ទះ អានុទីន ឆានវីរៈគុណ (Anutin Charnvirakul) នាំមុខគេ និងមាន​សិទ្ធិបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោក អានុទីន ឆានវីរៈគុន នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលបឋមរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ​ គិតត្រឹមព្រឹកថ្ងៃចន្ទ បាន​បង្ហាញថា ការិយាល័យបោះឆ្នោតជិត ៩៥% បានរាយការណ៍ ហើយក្នុងនោះ គណបក្សភូមិចៃថៃរបស់លោក អានុទីន បាន​ឈ្នះប្រហែល ១៩២ អាសនៈ គណបក្សប្រជាជន ​១១៧ អាសនៈ និងគណបក្សភឿថៃ ៧៤ អាសនៈ​។

អ្នកវិភាគសេដ្ឋកិច្ចខ្លះបង្ហាញទំនុកចិត្តថា លទ្ធផលបោះឆ្នោតថ្មីអាចឱ្យថៃ​មាន​ស្ថិរភាពនយោបាយជាងមុន ដែលនឹង​ស្ដារឡើងវិញ​នូវទំនុកចិត្តសម្រាប់វិនិយោគិន និងសេដ្ឋកិច្ច ដែលកំពុងដើរអូសជើងអស់រយៈពេលជាច្រើនឆ្នាំហើយ។ យ៉ាងណាមិញ​ គ្រប់ភាគីពាក់ព័ន្ធថៃ ជាពិសេសវិស័យឯកជន បាន​អំពាវនាវទាមទារឱ្យរដ្ឋាភិបាលថ្មីដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចផ្សេងៗជាបន្ទាន់ ព្រោះបច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ប្រទេសបាន​ធ្លាក់ចុះទៅក្នុងគំហុកនៃ​ហានិភ័យជាច្រើន រាប់ទាំងក្នុង និងក្រៅប្រទេស។

លោក គ្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បាន​ថ្លែង​ថា ក្នុងរយៈពេល ៣ ខែដំបូងនៃការកាន់តំណែង រដ្ឋាភិបាលថ្មីគួរតែបង្កើតដំណោះស្រាយជាបន្ទាន់សម្រាប់បញ្ហាសេដ្ឋកិច្ចសង្គមយ៉ាងហោចណាស់ ៣ ចំណុច ដែលបានធ្វើឱ្យប្រទេសថៃក្លាយជា ​«មនុស្សឈឺប្រចាំទ្វីបអាស៊ី»។

លោកថ្លែងបែបនេះ ដោយសំដៅលើការចុះផ្សាយរបស់ Financial Times ដែល​ជា​កាសែតអន្តរជាតិដ៏ល្បីល្បាញ ដែលចាត់ទុកប្រទេសថៃថាជា «មនុស្សឈឺប្រចាំទ្វីបអាស៊ី» ដោយសារតែភាពដុនដាបនៃបញ្ហាសេដ្ឋកិច្ចផ្សេងៗ រាប់តាំងពីបំណុលគ្រួសារខ្ពស់ រហូតដល់បញ្ហាហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលធ្វើឱ្យថៃប្រឈមនឹង​កំណើនយឺតយ៉ាវខ្លាំង បើធៀបនឹង​ប្រទេសដៃគូប្រជែងក្នុងតំបន់។ ​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួម​ស្តីពី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ (JSCCIB)​ របស់ថៃ ថ្មីៗនេះ បាន​ព្យាករថា សេដ្ឋកិច្ចរបស់ថៃ នឹ​ងកើនឡើងចន្លោះត្រឹមតែ ១,៦-២% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ ដែលនេះជាកម្រិតទាបបំផុតក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ដោយមិនរាប់បញ្ជូលនៅអំឡុងពេលវិបត្តិសកលធំៗ ដូចជាកូវីដ-១៩ ជាដើម។ ក្នុងនោះ ការនាំចេញ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់កំណើន រំពឹងថានឹងធ្លាក់ចុះដល់ ០,៥-១,៥% នៅឆ្នាំនេះដូចគ្នា ដោយ​សារ​តែកំណើនតម្លៃប្រាក់បាត និង​​កម្សោយតម្រូវការពីខាងក្រៅ ដែលបណ្ដាលមកពីពន្ធគយរបស់អាមេរិក និងភាពស្រពេចស្រពិលនៃសេដ្ឋកិច្ចសកល។

លោក គ្រៀងក្រៃ បានអំពាវនាវឱ្យរដ្ឋាភិបាលថ្មីធ្វើការជាមួយបណ្ដាធនាគារថៃ ដើម្បីដោះស្រាយបញ្ហាប្រាក់បាតឡើងថ្លៃ និងរក្សាតម្លៃរបស់វាឱ្យនៅកម្រិតសមស្រប។ ការឡើងថ្លៃប្រាក់បាត ទំនិញថៃឡើងថ្លៃ និងចុះខ្សោយផ្នែកប្រកួតប្រជែងលើទីផ្សារពិភព​លោក​។

​លោក​បន្តយ៉ាងដូច្នេះថា៖ «យើងមិនទាន់បានឃើញការបញ្ជាទិញច្រើនពីបរទេសទេ ដែលនេះ​នឹងប៉ះពាល់ដល់ការនាំចេញរបស់យើងនៅក្នុងត្រីមាសទី១»។

ក្នុង​បញ្ហាមួយដ៏ធំចាក់ស្រែះនោះ អ្នកជំនាញដដែលស្នើឱ្យ​រដ្ឋាភិបាលថ្មីស្វែងរកមធ្យោបាយ​ដោះស្រាយបញ្ហាបំណុលគ្រួសារខ្ពស់ រហូតដល់ធនាគារពាណិជ្ជកម្មរឹតបន្តឹង​ការផ្តល់ប្រាក់កម្ចី ​ហើយប៉ះពាល់ដល់តម្រូវការក្នុងស្រុក ដោយសារតែកម្សោយនៃការចំណាយរបស់ប្រជាជន។ លោកបន្តថា​ បំណុលគ្រួសារក្រៅផ្លូវការក៏ជាបញ្ហាផងដែរ។ កម្រិតបំណុលគ្រួសារគិតត្រឹមត្រីមាសទី២នៃឆ្នាំ ២០២៥ មាន​ប្រមាណ ៨៦,៨% ធៀបនឹង GDP (ផលិតផលក្នុងស្រុកសរុប) ហើយបើរាប់ទាំងបំណុលក្រៅផ្លូវការទៀត សមាមាត្រនេះឡើងរហូតដល់ទៅ ១០៤% នៃ GDP។ ​

លោក គ្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul)

ទន្ទឹមនឹងនោះ លោក គ្រៀងក្រៃ បាន​សុំឱ្យរដ្ឋាភិបាលថ្មី​ចាត់វិធានការធ្ងន់ធ្ងរជាងមុន ដើម្បីដោះស្រាយបញ្ហាកំណើន​ «មូលធនប្រផេះ» ដែលគេសម្ដៅលើទុនគ្មានប្រភព ឬការគ្រប់គ្រង​ច្បាស់លាស់ត្រឹមត្រូវ ដែលអាចមាន​ទំនាក់ទំនងជាមួយនឹង​ក្រុមរៀបចំឧក្រិដ្ឋកម្ម ឬលាងលុយកង្វក់ជាដើម។ លោកថា វា​មិនត្រឹមតែប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ​របស់ថៃក្នុង​សហគមន៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរផងដែរ»។

ក្រៅពីលោក គ្រៀងក្រៃ ថ្នាក់ដឹកនាំធុរកិច្ចថៃភាគច្រើនយល់ស្របថា គោលនយោបាយ​ជំរុញសេដ្ឋកិច្ចនៅតែសំខាន់ ប៉ុន្តែត្រូវតែកំណត់គោលដៅ និងភ្ជាប់ទៅនឹងការប្រកួតប្រជែងរយៈពេលវែង។ លោក Payong Srivanich មកពីសមាគមធនាគារិកថៃ និងលោក​ Win Phromphaet មកពីក្រុមហ៊ុន Kasikorn Asset Management បានព្រមានប្រឆាំងនឹងវិធានការប្រជានិយមរយៈពេលខ្លី ​ដោយសារតែរដ្ឋាភិបាលថៃត្រូវមាន​កំណត់លើការចំណាយ និងលទ្ធភាពខ្ចីប្រាក់បន្ថែម ខណៈ​ត្រូវប្រឈមនឹង​អំពើពុករលួយ ក៏ដូចជាបំណុលគ្រួសារខ្ពស់ នៅតែជាបន្ទុក។

អ្នកជំនាញផ្សេងៗទៀត បាន​លើកឡើងឱ្យរដ្ឋាភិបាលថ្មីស្ដារលើទំនុកចិត្ត ​អភិបាលកិច្ចល្អ និងភាពច្បាស់លាស់នៃគោលនយោបាយ​។ ពួកគេ​បាន​សង្កត់ធ្ងន់លើតម្រូវការសម្រាប់យុទ្ធសាស្ត្រជាតិដែលច្បាស់លាស់ និងស៊ីសង្វាក់គ្នាក្នុងរយៈពេលប៉ុន្មានខែដំបូង ភាពជាអ្នកដឹកនាំប្រកបដោយវិជ្ជាជីវៈ និង​ចំណាត់ការ​លើអំពើពុករលួយ ហានិភ័យអាកាសធាតុ និងការបោកប្រាស់​អនឡាញ​ បើមិនដូច្នោះទេ ថៃនឹង​ដើរក្រោយប្រទេសក្នុងតំបន់ដូចជាវៀតណាម។​

ដើម្បីបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចសម្រាប់​គ្រួសារ និង​ជំរុញ​តម្រូវការ ​វិស័យឯកជនថៃ​អំពាវនាវឱ្យមានការបន្ថយថ្លៃសេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងលើកកម្ពស់គុណភាពជីវិតក្នុងទីក្រុងរបស់ប្រជាជន ខណៈ​ការស្តារទំនុកចិត្តរបស់អ្នកទេសចរ ​និង​ការលើកទឹកចិត្ត​ឱ្យ​ធ្វើដំណើរ​ ក៏សំខាន់ផងដែរ។

ដោយឡែកសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង អ្នកជំនាញថៃបាន​ទាមទារ​ឱ្យ​​មាន​កំណែ​ទម្រង់បទប្បញ្ញត្តិ ពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ឩស្សាហកម្មថ្មីៗ ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ថៃ។ អ្នកជំនាញខ្លះ បាន​ស្នើឱ្យ​​គោលនយោបាយ​លើកទឹកចិត្តផ្សេងៗ​សម្រាប់​សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាវិស័យជំរុញកំណើនដ៏សំខាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម