ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ថ្កោលទោសបុគ្គលគប់គិតគ្នាចាក់ដី និងទន្រ្ទានដីព្រៃកោងកាងនៅឃុំជីខក្រោម ស្រុកស្រែអំបិល
ក្រសួងបរិស្ថាន ថ្កោលទោសចំពោះបុគ្គលដែលបានគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ក្នុងភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលរងការរំលោភបំពាននាពេលកន្លងទៅ។

មាត្រា៣៨៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់ចំណុច គ បានបញ្ញត្តិថា ការកាប់ ផ្ដួល រំលំ គៀវ កាប់បំផ្លាញដើមឈើ បំពុល ឬគាស់រម្លើងគល់ឈើ និងត្រង់ចំណុច ឍ បានបញ្ញត្តិថា ការចាក់លុប ឬចាក់បំពេញដី ដែនទឹក ផ្ទៃរងទឹកភ្លៀង ផ្លូវទឹក បឹងធម្មជាតិ ដីសើម តំបន់ទំនាប ទឹកផុសក្រោមដី ឬ អាងទឹក ដោយគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់ក្នុងតំបន់ការពារធម្មជាតិ។

ក្រសួងបរិស្ថាន សូមថ្កោលទោស និងអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ គប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ដោយគ្មានការអនុញ្ញាត។ មាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ បានបញ្ញត្តិថា បុគ្គលពុំមានសិទ្ធិផ្តល់ការអនុញ្ញាត ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តីឲ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វព្រៃគ្រប់ប្រភេទ ឬធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលផ្ទុយ នឹងបទប្បញ្ញត្តិនៃក្រមនេះ។

ក្រសួងបរិស្ថានចាត់ទុក សកម្មភាពបទល្មើសធម្មជាតិនេះ ជាការគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ដោយពុំមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលត្រូវបានចាត់ទុកថាជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០,០០០ (មួយរយលាន) រៀល ទៅ៥០០,០០០,០០០ (ប្រាំរយលាន) រៀល។ ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ដ ន មាត្រា៨៥០ និងជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ច នៃមាត្រា៨៥១។

ជុំវិញការចេញលិខិតថ្កោលទោសនេះ កម្ពុជាថ្មី បានទាក់ទងទៅលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដើម្បីសុំសេចក្តីពន្យល់បកស្រាយបន្ថែមអំពីយន្តការច្បាប់ចំពោះបុគ្គលខិលខូច គ្រាកន្លងទៅ ក្រុមសារព័ត៌មានបានបង្ហាញអត្តសញ្ញាណជនសង្ស័យបំពាន ប៉ុន្តែលោកមិនតបបំភ្លឺអ្វីនោះទេគិតម៉ោងទល់នេះ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហ៊ុន ម៉ារ៉ាឌី និងក្រុមមន្រ្តីរបស់ខ្លួន បានចុះពិនិត្យទីតាំងដែលរងការចោទប្រកាន់ថា បានចាក់ដីលុបព្រៃកោងកាង និងព្រៃលិចទឹកខុសច្បាប់នៅភូមិបែន ឃុំជីខក្រោម ស្រុកស្រែអំបិល។ ប៉ុន្តែលោកមិនទាន់អាចនិយាយពី លទ្ធផលការពិនិត្យជាក់ស្តែងពិតប្រាកដមិនទាន់សន្និដ្ឋានទេ ដោយរង់ចាំពិភាក្សាលម្អិតជាមួយមន្ទីរដែនដី និងរដ្ឋបាលស្រុក។

គួររម្លឹកថា ការចាក់ដីលុបព្រៃកោងកាង និងព្រៃលិចទឹក ត្រូវបានគេមើលឃើញថាបម្រុងហ៊ុំព័ទ្ធដីព្រៃខុសច្បាប់ប្រមាណជាង៤ហិកតាឯណោះ។ លោក សាំង គា អ្នកមើលការខុសត្រូវចាក់ដី បាននិយាយប្រាប់ថា ដីនេះ ម្ចាស់គេនៅទីក្រុងភ្នំពេញ ហើយគាត់ជាអ្នកស៊ីឈ្នួលមើលក្បាលឡាន ក្នុងការចាក់ដីនេះបាន១ឡាន៥០០០រៀលទេ។ ដោយឡែកលោក អាង ទី មេឃុំជីខក្រោម ធ្លាប់បានឱ្យដឹងដែរថា ការចាក់ដីនោះគឺចាក់ធ្វើផ្លូវកំពុងទូកជូនប្រជាពលរដ្ឋ។ ម៉្យាងទៀតទីតាំងដីខាងលើនេះ ក៏ជាដីបងប្អូនរបស់លោកខ្លះនៅឯរាជធានីភ្នំពេញ។

បើតាមលោកមេឃុំជីខក្រោមដដែលអះអាងទៀតថា ម៉្យាងទៀតដីស្រែក្តាមមួយចំណែករបស់ពលរដ្ឋផងដែរ ដែលមានលិខិតផ្ទេរសិទ្ធិបង់ពន្ធប្រថាប់ត្រា និងវាស់វែងជាប្រព័ន្ធរួចរាល់។ ការចាក់ដីធ្វើផ្លូវទៅកំពង់ទូកជាដីផ្លូវចាស់ដែលពលរដ្ឋ និងសហគមន៍ប្រើប្រាស់អាស្រ័យផលជាក់ស្តែង៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


