Connect with us

ព័ត៌មានអន្ដរជាតិ

លោក Peskov ៖ ការចរចាសន្តិភាពត្រីភាគី​ក្នុងជម្លោះ​អ៊ុយក្រែន​ ត្រូវបានផ្អាក ព្រោះសង្គ្រាមអ៊ីរ៉ង់​

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅ​ថ្ងៃព្រហស្បតិ៍ទី៥មីនា បានអះអាង​នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ការរៀបចំកាលវិភាគចរចា​ត្រីភាគី​ជាមួយអ៊ុយក្រែន​និង​អាមេរិក​នោះ ត្រូវបានពន្យារពេល ដោយសារតែភាពមិនប្រាកដប្រជាថា តើសហរដ្ឋអាមេរិកនឹងចូលរួមឬអត់ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុង​ជាប់​ដៃ​​​ជាមួយ​សង្គ្រាម​​​នៅអ៊ីរ៉ង់​នោះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា៖​«វាមិនអាចទៅរួចនោះទេ ក្នុងការនិយាយអំពីកិច្ចប្រជុំដែលអាចកើតមាននៅអាប៊ូដាប៊ី [ប្រទេសអារ៉ាប់រួម] នាពេលនេះ ហើយសម្រាប់ហេតុផលជាក់ស្តែង អាមេរិកមានកិច្ចការច្រើននៅក្នុងពេលតែមួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ»។

ប្រភពការទូតរុស្ស៊ីមួយរូបក៏បានប្រាប់ NHK ដែរថា ការចរចាជុំបន្ទាប់ត្រូវបានកំណត់ឲ្យធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី ប៉ុន្តែផែនការនេះត្រូវបានពន្យារពេល​ទៅ​វិញ​ ដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងក្ដៅគគុក។ ប្រភពដដែលបានបន្ថែម​ថា ​វាមិនច្បាស់ថានឹងមានអ្វីកើតឡើងបន្ទាប់នោះទេ។

ការចរចាសន្តិភាពកម្រិតខ្ពស់ត្រីភាគីត្រូវបានធ្វើឡើងចំនួនបីដងរួច​មកហើយ នៅឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីបញ្ហាទឹកដី និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី  បាននិយាយថា ការចរចាជុំទីបួនត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមខែមីនានេះដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម