Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុកស្ត្រីជាឆ្អឹងខ្នង ក្នុងការរួមចំណែកការពារ និងអភិវឌ្ឍប្រទេសជាតិ

បានផុស

នៅ

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ពីការលះបង់របស់ស្រ្តី នារី និងក្មេងស្រីពីគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ និងជនភៀសសឹកពីសង្រ្គាមឈ្លានពានទឹកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះធ្វើឡើង ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» នៅកោះពេជ្រ ដែលមានសមាសភាពចូលរួមពី មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភរិយាវីរកងទ័ព នគរបាល កងរាជអាវុធហត្ថ អតីតយុទ្ធជន គ្រួសារពលី និងមរណភាព មន្រ្តីរាជការខណ្ឌ ក្រុមប្រឹក្សា និងមន្រ្តីសង្កាត់ មកពីខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ សរុបជាង ២ពាន់នាក់។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការជ្រើសរើសយកប្រធានបទនេះ គឺពិតជាចំកាលៈទេសៈ និងស្ថានភាពជាក់ស្តែងដែលបានកើតឡើងចំពោះស្រ្តី នារី និងក្មេងស្រីនៃគ្រួសារវីរកងទ័ព កម្លាំងប្រដាប់អាវុធ និងជនភៀសសឹក។ លោកថា វាជាទិដ្ឋភាពជាក់ស្តែង និងចាក់ចំបេះដូងប្រជាពលរដ្ឋ ដែលនៅតែចងចាំស្រ្តីពីគ្រួសារវីរកងទ័ព ដែលត្រូវមានចិត្តអំណត់ មោះមុត ក្នុងការលើកទឹកចិត្តគ្រួសារ ប្តី កូន និងឳពុករបស់ខ្លួន ឱ្យមានចិត្តនឹងនប្រមូលផ្តុំកម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។

លោកបានគូសបញ្ជាក់ថា តួអង្គដ៏សំខាន់ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ វីរកងទ័ពកម្ពុជា ដែលត្រូវជាឪពុក ស្វាមី ពូ បងប្អូន ក្មួយ និងកូនៗរបស់អ្នកមីង បងស្រី ប្អូនស្រី និងក្មួយស្រី ដែលកំពុងមានវត្តមាននៅទីនេះផ្ទាល់។ លោកបានសង្កត់ធ្ងន់ថា «បងប្អូនវីរកងទ័ពបានលះបង់សាច់ស្រស់ ឈាមស្រស់ និងគោរពដាច់ខាតនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការការពារបូរណភាពទឹកដី និងទប់កុំឱ្យសង្រ្គាមរីករាលដាលក្នុងទ្រង់ទ្រាយធំ។ ការលះបង់ និងការពលីរបស់វីរកងទ័ពកម្ពុជា គឺជាការលះបង់ដ៏ធំធេង ជាគំរូវីរភាពមួយ និងមានគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈ ដែលត្រូវបានចារឹកទុកក្នុងប្រវត្តិសាស្ត្រកម្ពុជា»។

លោករដ្ឋមន្រ្តីបានបន្ថែមថា ការលើកកម្ពស់សមភាពយេនឌ័រនៅតែជាស្នូលមួយនៃកម្មវិធីនយោបាយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅគ្រប់នីតិកាល។ ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសរបស់ សម្តេចមហាបវរធិបតី រាជរដ្ឋាភិបាលបានបន្តកំណត់ការលើកកម្ពស់សិទ្ធិ សេរីភាព សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រីគឺជាស្នូល”។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ជាពិសេស សាខាសមាគមនារីសន្តិភាព និងអភិវឌ្ឍក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្សាភ្ជាប់មនោសញ្ចេតនាជាមួយគ្រួសារវីរកងទ័ពនាពេលនេះ ក៏ដូចជា ការគិតគូរដល់ស្មារតីរួមរបស់ស្ត្រីទូទាំងប្រទេស តាមរយៈកម្មវិធីនេះផងដែរ។

ទិវាអន្តរជាតិនេះប្រារព្ឋឡើងដើម្បី រំលឹកការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាព និងបង្ហាញការប្ដេជ្ញាចិត្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប។ មូលបទនេះ ក៏មានទំនាក់ទំនងយ៉ាងស្អិតរមួតទៅនឹងប្រវត្តិសាស្ត្រកម្ពុជា ដែលសន្តិភាពមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែសម្រេចបាន តាមរយៈការខិតខំរួមគ្នា និងយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឥស្សរជន និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម