Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ សហការជាមួយអង្គការ ILO រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ

បានផុស

នៅ

កាលពី​ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការជាមួយគម្រោង ILO-Japan នៃអង្គការអន្តរជាតិខាងការងារ ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាលគ្រូបង្គោលស្តីពី «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ​នៅ​កន្លែង​ធ្វើការ»។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងសម្រាប់អធិការការងារ អធិការពេទ្យការងារ និង​មន្ត្រី​ជំនាញ ក្រោមអធិបតីភាព លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោក លឹម ស៊ុយហុង បានបញ្ជាក់ថា គោលបំណងចម្បង នៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញឲ្យកាន់តែយល់ច្បាស់អំពីគោលនយោបាយ​សុវត្ថិភាព និង​សុខភាព​ការងារ​តាម​បណ្តា​សហគ្រាស គ្រឹះស្ថាន និង​រោងចក្រ ក្នុង​គោលដៅ​បង្កើត​បរិយាកាស​ការងារ​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​កម្មករ-និយោជិត។

ជាមួយគ្នានេះ លោក​បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ចំណេះដឹងដល់មន្ត្រីអធិការកិច្ច គឺជា​អាទិភាព​គន្លឹះ​ដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារ និងសន្តិសុខសង្គម។ លើសពីនេះ លោក​បាន​ឲ្យ​ដឹងថា ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ កំពុងស្ថិតក្នុង​ដំណាក់កាល​ពិភាក្សា​ប្រមូលធាតុចូល​យ៉ាង​សកម្ម ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និង​សុខភាពការងារឲ្យ​មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្ដែង។

វគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃនេះ ទទួលបានការណែនាំផ្ទាល់ពី លោកស្រីវេជ្ជបណ្ឌិត យូកា អ៊ូជីតា អ្នកជំនាញជាន់ខ្ពស់របស់អង្គការ ILO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខ្លឹមសារ​សំខាន់ៗ ដែល​ត្រូវ​បាន​លើកយកមកបង្ហាញ រួមមាន ការ​វាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ការកំណត់​ប្រភេទ​គ្រោះថ្នាក់ វិធីសាស្ត្រកត់ត្រា និងការជូនដំណឹងអំពីជំងឺវិជ្ជាជីវៈផ្សេងៗ។

គួរ​កត់​សម្គាល់​ថា មន្ត្រីដែលចូលរួមនឹងក្លាយជាគ្រូបង្គោលដែលមាន​សមត្ថភាព​ពេញលេញ ក្នុង​ការ​ផ្ទេរ​ចំណេះដឹង​បន្ត និង​រៀបចំ​ផែនការបណ្តុះបណ្តាលនៅតាមមូលដ្ឋាន ដើម្បី​ធានា​ឲ្យ​សហគ្រាស និង​រោងចក្រ ក្លាយជាកន្លែងធ្វើការ​មាន​សុខដុមរមនា និង​សុវត្ថិភាព​បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម