ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ អំពាវនាវពង្រឹងសហការណ៍ ដើម្បីការពារផលប្រយោជន៍កម្មករ
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ និងវេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គមក្រោមប្រធានបទ «គោលនយោបាយឆ្លើយតប គាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហើយក៏ជាការចូលរួមលើកទី៣ របស់លោកនៅក្នុងទិវាដ៏មានអត្ថន័យនេះ។

អញ្ជើញថ្លែងទៅកាន់អ្នកចូលរួមប្រមាណជា ១ ២០០នាក់ជាតំណាងសហភាព សហព័ន្ធ សហជីព សមាគម សហគមន៍ អង្គការដៃគូ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោករដ្ឋមន្រ្តីបានចាត់ទុកការជ្រើសរើសរៀបចំវេទិកាសាធារណៈនាពេលនេះថា គឺពិតជា «យុទ្ធសាស្រ្តល្អដ៏មានប្រសិទ្ធភាព» សម្រាប់លើកជាសំណូមពរហើយរកដំណោះស្រាយរាល់កង្វល់របស់កម្មនិយោជិត ក៏ដូចជាកសិករ ជាជាងការដើរដាក់លិខិត ឬឆ្លើយឆ្លងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយ ព្រោះថា បងប្អូនអាចជួបផ្ទាល់ជាមួយវាគ្មិនកិត្តិយស និងអ្នកជំនាញមកពីក្រសួងពាក់ព័ន្ធ។ វេទិកាបែបនេះបន្តជួយពង្រឹងកិច្ចសន្ទនាសង្គមរវាងរាជរដ្ឋាភិបាល សហជីព និយោជក និងអង្គការសង្គមស៊ីវិល ក្នុងទិសដៅ ជំរុញគោលនយោបាយដោះស្រាយបញ្ហាប្រឈម ជាពិសេសសិទ្ធិការងារ សុវត្ថិភាពការងារ និងប្រព័ន្ធគាំពារសង្គមក្នុងបរិបទវិបត្តិសកល ក៏ដូចជាធានាបាននូវវឌ្ឍនភាពនៃទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរឡើង។

ជាមួយនឹងការរំលឹកពីប្រវត្តិ និងអត្ថន័យនៃទិវាពលកម្មអន្តជាតិ ១ឧសភានេះ លោក ហេង សួរ បានគូសបញ្ជាក់ថា ការទាមទារលើកកម្ពស់សិទ្ធការងារ ក៏ដូចជាកិច្ចសន្ទនាសង្គមមិនមែនមានតែថ្ងៃនេះនោះទេ គឺត្រូវតែធ្វើបន្តជារៀងរាល់ថ្ងៃ។ លោករដ្ឋមន្រ្តីបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់យកទិវានេះ ជាថ្ងៃប្រមូលផ្តុំស្មារតីរួមនៃការស្រលាញ់កន្លែងការងារ និងប្រទេសជាតិកាន់តែខ្លាំងឡើង ដោយលោកសង្កត់ធ្ងន់ថា ពេលរក្សាបានកន្លែងការងារប្រកបដោយភាពសុខដុមរមនា ចេះអត់ធ្មត់យោគយល់គ្នា នោះនឹងធ្វើឱ្យរោងចក្រ និងផលិតភាពកាន់តែរីកចម្រើន ហើយធ្វើឱ្យបងប្អូនមានប្រាក់ឈ្នួលកាន់តែកើនឡើងដែរ។

លោកបន្ថែមថា ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច និងថាមពលសកល រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីសម្រួលដល់តម្លៃលក់រាយប្រេងឥន្ធនៈដល់ប្រជាពលរដ្ឋ ក៏ដូចជាកសិករ ជាពិសេសការសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលមានស្រាប់សម្រាប់កម្មករនិយោជិត ដោយរាជរដ្ឋាភិបាលបានលើកលែងលើពន្ធសរុបប្រមាណ ១០០លានដុល្លារចាប់ពីពាក់កណ្តាលខែកុម្ភៈ រហូតដល់ខែមេសាកន្លងមក។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារតែងតែផ្តល់អាទិភាពខ្ពស់បំផុតក្នុងការគាំពារសិទ្ធិសេរីភាព អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងសុខុមាលភាពរបស់បងប្អូនពលករ។ លោកបានបញ្ជាក់ថា កម្មករទាំងក្នុងប្រព័ន្ធប្រមាណ ២,៧ លាននាក់ និងក្រៅប្រព័ន្ធប្រមាណ ៨ លាននាក់ គឺជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ដែលត្រូវទទួលបានកាលានុវត្តភាពស្មើៗគ្នា។ ជាសមិទ្ធផលជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកបានកើនឡើងដល់ ៩២ ម៉ឺននាក់ ដែលពួកគាត់នឹងទទួលបានការធានារ៉ាប់រងទាំងលើផ្នែកគ្រោះថ្នាក់ការងារ ថែទាំសុខភាព និងសោធននិវត្ត។ លោកបានសង្កត់ធ្ងន់ថា «សុខភាពគឺជាទ្រព្យសម្បត្តិដ៏វិសេសបំផុតទាំងពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះកាលណាមានសុខភាពល្អ យើងនឹងមានអ្វីៗគ្រប់យ៉ាង ហើយវាក៏ជាសំណាងដ៏ធំធេងសម្រាប់កូនចៅជំនាន់ក្រោយផងដែរ»។

លោក ហេង សួរ បានទទួលយកសំណូមពររបស់បងប្អូន និងប្រកាសត្រៀមខ្លួនជានិច្ចក្នុងការចូលរួមរកដំណោះស្រាយ ហើយក៏បានជំរុញឱ្យថ្នាក់ដឹកនាំសហជីព និងសមាជិក ក៏ដូចជា ប្អូនកម្មករនិយោជិត សហជីព និងនិយោជក បន្តសហការគ្នាក្នុងសា្មរតីយោគយល់អធ្យាស្រ័យខ្ពស់ និងផ្អែកលើមូលដ្ឋានគតិយុត្តជាធរមានដើម្បីការពារផលប្រយោជន៍រួមនិងធានាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងភាពទាក់ទាញសម្រាប់ការវិនិយោគ។ ទន្ទឹមនេះ លោកក៏អំពាវនាវដល់បងប្អូនបន្តចូលរួមផ្សព្វផ្សាយនូវគោលការណ៍ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលហើយអ្វីដែលសំខាន់បំផុតនោះគឺសូមរក្សានូវជំនឿចិត្តយ៉ាងមោះមុតលើរាជរដ្ឋាភិបាល។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC) ក្នុងនាមជាអ្នករៀបចំកម្មវិធីដោយសហការជាមួយ សហភាពចលនាកម្មករកម្ពុជា (CCW)និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីចំពោះការអញ្ជើញចូលរួមដែលជួយពង្រឹងគោលនយោបាយឆ្លើយតប សិទ្ធិការងារ និងគាំពារសង្គម ក៏ដូចជាបានផ្តល់អនុសាសន៍ល្អៗ ដោយលោកបានប្តេជ្ញាថានឹងបន្តខិតខំរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិការងារ និងពង្រឹងកិច្ចសន្ទនាសង្គមក្នុងការដោះស្រាយបញ្ហាប្រកបដោយចីរភាពសម្រាប់កម្មករនិងកសិករ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


